អន្តរជាតិ
អាមេរិក នឹង​ពង្រាយ​ខែល​ការពារ​មី​ស៊ី​ល​នៅ​កូរ៉េខាងត្បូង «​ឆាប់ៗ​នេះ​»
20, Oct 2016 , 8:19 pm        
រូបភាព
រដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេស អាមេរិក ជួបជាមួយសមភាគីកូរ៉េខាងត្បូង (រូបភាព AFP)
រដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេស អាមេរិក ជួបជាមួយសមភាគីកូរ៉េខាងត្បូង (រូបភាព AFP)
ប្រមុខ​ការទូត​អាមេរិក បានប្រកាស​នៅ​ថ្ងៃទី​១៩ ខែតុលា ថា ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​អាកាស (THAAD) នឹងត្រូវ​ពង្រាយ​នៅលើ​ទឹកដី​កូរ៉េខាងត្បូង នៅពេល​ខ្លី​ខាងមុខ បើទោះជា​មានការ​ប្រឆាំង​ពី​សំណាក់​ចិន និង​រុស្សី​ក៏ដោយ​។ ចាប់តាំងពី​អាមេរិក និង​កូរ៉េ​ខាង​យល់ព្រម​លើ​ផែនការ​ពង្រាយ​ប្រព័ន្ធ​ការពារ​នេះ ចិន​ក៏បាន​ទាមទារ​ឲ្យ​អាមេរិក​លុបចោល​កា​រគ​ម្រោ​ង​ពង្រាយ​ប្រព័ន្ធ​ការពារ​នេះ ដោយ​អះអាងថា ប៉ះពាល់​ដល់​សន្តិសុខរ​បស់​ខ្លួន និង​តំបន់​ដែរ​។​



​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ច​ន ឃែ​រី (John Kerry) បានបញ្ជាក់​ក្នុងជំនួប​ជាមួយ​រដ្ឋមន្ត្រី​កូរ៉េខាងត្បូង ថា ប្រព័ន្ធ​ការពារ​អាកាស​ដែល​ប្រទេស​ទាំងពីរ​ឯកភាពគ្នា​នាពេល​កន្លងមក នឹងត្រូវ​បញ្ជូន​ទៅកាន់​កូរ៉េខាងត្បូង​នាពេល​ឆាប់ៗ​ខាងមុខ​។ ចំណែក​ទីតាំង​នៃ​ការពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​អាកាស ក៏ត្រូវ​បាន​ក្រុង​សេ​អ៊ូ​ល​កំណត់​រួចហើយ​ដែរ ដោយ​រង់ចាំ​ដែល​ប្រព័ន្ធ​នេះ​ទៅដល់​ប៉ុណ្ណោះ​។

​គោលដៅ​នៃ​ការពង្រាយ​ប្រព័ន្ធ​ការពារ​នេះ ត្រូវបាន​អាមេរិក និង​កូរ៉េខាងត្បូង អះអាងថា ដើម្បី​ការពារ​ការវាយប្រហារ​ណាមួយ​ពី​សំណាក់​កូរ៉េខាងជើង ដែលជា​និច្ចកាល​តែងតែ​គំរាម​ប្រើ​មី​ស៊ី​ល​វាយប្រហារ​កូរ៉េខាងត្បូង​នោះ​។ ប៉ុន្តែ​ចិន​ដែលជា​សម្ព័ន្ធមិត្ត​កូរ៉េខាងជើង បាន​ប្រឆាំង​ដាច់ខាត​នឹង​ការពង្រាយ​នេះ និង​បាន​ព្រមាន​ថា ជា​គំរាម​មកលើ​សន្តិសុខ​របស់ខ្លួន ក៏ដូចជា​តុល្យភាព​អំណាច​នៅ​អាស៊ី​ផងដែរ​។

​យ៉ាងណាក្ដី លោក ច​ន ឃែ​រី បញ្ជាក់ថា អាមេរិក​នឹងធ្វើ​អ្វី​គ្រប់យ៉ាង ដើម្បី​ការពារ​ខ្លួន និង​សម្ព័ន្ធមិត្ត​របស់ខ្លួន ហើយ​អាមេរិក​នឹង​បញ្ជូន​ថ្ម​ថាមពល​នៃ​ប្រព័ន្ធ​ការពារ​អាកាស​ទៅកាន់​កូរ៉េខាងត្បូង​ឲ្យ​កាន់តែ​ឆាប់​តាមតែ​អាចធ្វើ​បាន​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក​បញ្ជាក់​ដូចនេះ ខណៈ​លោក និង​រដ្ឋមន្ត្រី​មន្ត្រី​ការពារជាតិ​Ash Carter បាន​ជួបប្រជុំ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង Yun Byun-se និង​រដ្ឋមន្ត្រី​ការពារជាតិ Han Min-koo​។​

​ការកើនឡើង​សមត្ថភាព​នៃ​មី​ស៊ី​ល​របស់​ក្រុង​ព្យុងយ៉ាង ធ្វើ​ឲ្យ​ក្រុង​សេ​អ៊ូ​ល និង​ក្រុង​វ៉ា​ស៊ិន​តោន បារម្ភ​យ៉ាងខ្លាំង​។ សម្ព័ន្ធមិត្ត​ទាំងពីរ​ក៏​កាន់តែ​បារម្ភ ក្រោយ​កូរ៉េខាងជើង​សាកល្បង​នុយក្លេអ៊ែរ និង​បាញ់​មី​ស៊ី​ល​ជា​បន្តបន្ទាប់ ដែល​បានបង្ហាញ​ពី​ការរីកចម្រើន​រហ័ស​នៃ​សព្វាវុធ​របស់ខ្លួន​។ កូរ៉េខាងជើង បាន​សាកល្បង​នុយក្លេអ៊ែរ​ចុងក្រោយ កាលពី​ថ្ងៃទី​៩ ខែកញ្ញា ហើយក៏​ជាការ​សាកល្បង​លើក​ទី​៥​ដែរ​។​

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានដាក់​ទណ្ឌកម្ម​ជាច្រើនលើក ដ្បិត​រដ្ឋ​ក្រីក្រ​មួយ​នេះ បាន​ល្មើ​សនឹង​បម្រាម​ក្រុមប្រឹក្សាសន្តិសុខ​ជា​ច្រើនដង​មកហើយ​ដែរ​។ រីឯ​សហរដ្ឋអាមេរិក ក៏​គំរាម​ដាក់ទណ្ឌកម្ម​ជា​ឯកតោភាគី​ដើម្បី​បង្ខំ​កូរ៉េខាងជើង ឲ្យ​ដើរ​តាម​ការណែនាំ​របស់​អន្តរជាតិ​។ ប៉ុន្តែ​កូរ៉េខាងជើង មិនបាន​ខ្វល់ខ្វាយ​នឹង​ការដាក់ទណ្ឌកម្ម​ខ្លាំងៗ​ទាំង​នោះឡើយ ហើយ​ជា​ញឹកញយ​បាន​គំរាម​កម្ទេច​ក្រុង​សេ​អ៊ូ​ល និង​វាយប្រហារ​អាមេរិក​វិញ​ដែរ​៕  


Tag:
 អាមេរិក​
  កូរ៉េខាងត្បូង​
  THAAD
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com