អន្តរជាតិ
ឧបនាយករដ្ឋមន្ត្រី​ថៃ​៖ ចរាចរណ៍​កកស្ទះ​ខ្លាំង ដោយសារ​ប្រជាជនមាន​លុយ​ច្រើនជាង​មុន​
24, Feb 2017 , 2:44 pm        
រូបភាព
​របាយការណ៍​ចរាចរណ៍​ថ្មី​មួយ បាន​បង្ហាញថា រាជធានី​បាងកក ជាទី​ក្រុង​មួយ​ក្នុងចំណោម​ទីក្រុង​ធំៗ​លើ​ពិភពលោក ដែលមាន​ចរាចរណ៍​កកស្ទះ​ខ្លាំង​។ ចំពោះ​មូលហេតុ​នៃ​ការកកស្ទះ​ដ៏​ខ្លាំង​នេះ ឧបនាយករដ្ឋមន្ត្រី​ថៃ Prawit Wongsuwon លើកឡើងថា ប្រជាជន​ថៃ​មាន​ជីវភាព​កាន់តែ​ធូរធារ ទើប​ធ្វើ​ឲ្យ​ពួកគេ​មានលទ្ធភាព​ទិញ​ឡាន​កាន់តែច្រើន ខណៈដែល​ផ្លូវ​សម្រាប់​ធ្វើដំណើរ​កាន់តែ​តិចជាង​មុន​។​



​ទីក្រុង​បាងកក ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​១២ នៃ​ទីក្រុង​ដែលមាន​ចរាចរណ៍​កកស្ទះ​ខ្លាំងជាងគេ​របស់​ពិភពលោក ហើយ​ប្រជាជន​ថៃ ចំណាយពេល​ជាច្រើន​ម៉ោង​លើ​ការធ្វើដំណើរ​តាម​រថយន្ត​។ រដ្ឋាភិបាលយោធា​ថៃ បាន​បន្ទោស​«​ភាពមានបាន​»​របស់​ប្រជាជន និង​កង្វះ​ផ្លូវថ្នល់ ជា​មូលហេតុ​ធ្វើ​ឲ្យ​ទីក្រុង​នេះ​មាន​ស្ថានភាព​ធ្វើដំណើរ​កាន់តែ​មមាញឹក​ខ្លាំង​។​

​ឧបនាយករដ្ឋមន្ត្រី​ថៃ Prawit Wongsuwon បាន​និយាយថា ប្រជាជន​ថៃ​កាន់តែច្រើន មានលទ្ធភាព​រកប្រាក់​ចំណូល​បាន​ច្រើនជាង​មុន​។ លោក បន្តទៀតថា ដោយសារ​ជីវភាព​កាន់តែ​ធូរធារ​ដូចនេះ ទើប​ពួកគេ​មាន​ប្រាក់​ទិញ​រថយន្ត​កាន់តែច្រើន​ស​ម្រា​ប់​ធ្វើដំណើរ​។​

​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ លោក Prawit Wongsuwon ដែលជា​ប្រធាន​គណៈកម្មាធិការ​រដ្ឋាភិបាល​ទទួលបន្ទុក​ដោះស្រាយ​បញ្ហា​ចរាចរណ៍ បញ្ជាក់ដែរថា កត្តា​មួយទៀត​ដែល​ធ្វើ​ឲ្យ​ចរាចរណ៍​កកស្ទះ​ដែរនោះ គឺ​ផ្នែក​នៃ​ផ្លូវ​ជាច្រើន​ក្នុង​ទីក្រុង ត្រូវបាន​យក​ធ្វើជា​ការដ្ឋាន​សាងសង់​ប្រព័ន្ធ​ដឹកជញ្ជូន​ថ្មី​។ ផ្លូវ​ជាច្រើន​ដែលមាន​ទំហំ​ធំ ប្រែក្លាយជា​តូចចង្អៀត ដោយសារ​តម្រូវ​ការសាងសង់ ដូច្នេះហើយ​បានជា​ក្រុង​បាងកក ស្ទះ​ខ្លាំង​ដូចនេះ​។​

​ប្រភពព័ត៌មាន​ដដែល​បន្តថា លោក​ឧបនាយករដ្ឋមន្ត្រី Prawit Wongsuwon ក៏បាន​សន្យា​បង្កើត​បទបញ្ញត្តិ​ចរាចរណ៍​ថ្មី ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​នេះ​។

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ស្ថាប័ន NRIX Global Traffic Scorecard ២០១៦ បានដាក់​ទីក្រុង​បាងកក ស្ថិត​ចំណាត់​ទី​១២ នៃ​ទី​ក្រុងមាន​ចរាចរណ៍​កកស្ទះ​ជាងគេ ខណៈដែល​ឆ្នាំ​២០១៥ ទីក្រុង​នេះ​ស្ថិត​លេខ​រៀង​ទី​៣០ ឯណោះ​។ នេះ​បង្ហាញថា ស្ថានភាព​ចរាចរណ៍​ក្នុង​រាជធានី​មួយ​នេះ កាន់តែ​អាក្រក់​ខ្លាំង​។

​ស្ថាប័ន​ដដែល​នេះ បន្ថែមថា អ្នកបើកបរ​រថយន្ត​ក្នុង​ទីក្រុង​បាងកក ចំណាយពេល​ជា​មធ្យម​៦៤.១​ម៉ោង​ក្នុង​មួយឆ្នាំ​លើ​ការស្ទះ​ចរាចរណ៍​។ ចំនួន​នេះ ខ្ពស់ជាង​ទីក្រុង​ផ្សេងទៀត​ដូចជា​កា​រ៉ា​កាស់ និង​ម៉ិ​ស៊ី​កូ ដែល​ត្រូវគេ​ចាត់ទុកជា​ទីក្រុង​មានកា​រ​កកស្ទះ​ខ្លាំង​បំផុត​លើ​ពិភពលោក​៕


Tag:
 ថៃ​
  ចរាចរណ៍​
  Prawit Wongsuwon
© រក្សាសិទ្ធិដោយ thmeythmey.com