កីឡាជាតិ
ជាតិ
លោក វ៉ា​ត់ ចំរើន​៖ កាំជ្រួច​បាញ់​ថ្ងៃ​បើក​កីឡា​ជាតិ​ចំណាយ​ថវិកា​ប្រមាណ​២០​ម៉ឺន​ដុល្លារ​
26, May 2018 , 5:44 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ដែល​ទទួលបន្ទុក​រៀប​ចំ​ពិធី​បើក និង​បិទ​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២​បាន​វាយតម្លៃថា កាំជ្រួច​ដែល​បាញ់​ក្នុង​ថ្ងៃ​បើក​កីឡា​ជាតិ​កាលពី​យប់​ថ្ងៃទី​២៥ ឧសភា ឆ្នាំ​២០១៨ ចំណាយ​ថវិកា​អស់​ប្រមាណ​ជា​២០​ម៉ឺន​ដុល្លារ​។ តែ​ជារួម NOCC បាន​ចំណាយ​ថវិកា​ប្រមាណ​៤០​ម៉ឺន​ដុល្លារ​ក្នុង​ថ្ងៃ​បើក​នេះ​។


 
​យ៉ាងហោចណាស់ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​២០​ម៉ឺន​ដុល្លារ​លើ​កាំជ្រួច ដើម្បី​បង្កើត​ផ្ទាំងទស្សនីយភាព​ដ៏​អស្ចារ្យ​ដល់​ទស្សនិកជន​ក្នុង​ថ្ងៃ​បើក​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២​កាលពី​យប់​ថ្ងៃទី​២៥ ឧសភា ឆ្នាំ​២០១៨​។ ទំហំ​ចំណាយ​នេះ​មានការ​កើនឡើង​ស្ទើរ​ពាក់កណ្តាល​បើ​ធៀប​នឹង​លើក​មុន​។ បើតាម​ការអះអាង​រប​ស់លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC​។ 
 
«​សម្រាប់​ព្រឹត្តិការណ៍​បើក​កីឡា​ជាតិ​ឆ្នាំនេះ​យើង​អាច​វាយតម្លៃ​បាន​ថា យើង​ចំណាយ​អស់​ថវិកា​ប្រមាណ​ពី​៣០​ទៅ​៤០​ម៉ឺន​ដុល្លារ ព្រោះ​គ្រាន់តែ​ថ្លៃ​កាំំ​ជ្រួច​យើង​បាន​ចំណាយ​អស់​ប្រមាណ​២០​ម៉ឺន​ដុល្លារ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក វ៉ា​ត់ ចំរើន​។​ 


លោក វ៉ាត់ ចំរើន ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្រោយចប់ពិធីបើកកីឡាជាតិនៅពហុកីឡដ្ឋានជាតិ

សម្រាប់​ការរៀបចំ​ពិធី​បើក​នេះដែរ ទទួល​ការវាយតម្លៃ​ខ្ពស់​ពី​មន្ត្រី​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី និង​សហព័ន្ធ​កីឡា​ក្នុង​តំបន់​អាស៊ាន​ដែល​បានមក​សង្កេតការណ៍​ក្នុង​កម្មវិធី​បើក​នេះ​។ ពួកគេ​ទាំង​នោះបាន​វាយតម្លៃថា កម្ពុជា​អាច​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​រៀបចំ​ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នាំ​ឆ្នាំ​២០២៣​។ 
 
​លោក វ៉ា​ត់ ចំរើន បន្ថែមថា​៖«​យើង​មិនមាន​មោទកភាព​នោះទេ យើង​ត្រូវការ​ដុះខាត់ និង​អភិវឌ្ឍន៍​សមត្ថភាព​បន្ថែម ទោះបី​យើង​អាច​រៀបចំ​បាន​កម្រិត​នេះ​ក៏ដោយ​។ យើង​ត្រូវការ​បទពិសោធ​ថ្មីៗ​ជាច្រើន​ទៀត ដើម្បី​កែតម្រូវ​ចំណុច​ខ្វះខាត​បន្តិចបន្តួច​ដែល​យើង​នៅមាន»។




ក្រៅពី​ការបាញ់​កាំជ្រួច​ដ៏​អស្ចារ្យ​នេះ ពិធី​បើក​កីឡា​ជាតិ​លើក​ទី​២​ក្រោម​វត្តមាន​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន និង​សម្តេច ប៊ុនរ៉ានី ហ៊ុន សែន ក៏មាន​ការសម្តែង​ផ្ទាំងទស្សនីយភាព​ជាច្រើន​ទៀតផង​ដែរ រួមមាន​ការសម្តែង​គុន​ល្បុក្កតោ ការសម្តែង​កាយ​សមស្រប​របស់​គរុ​សិស្ស​កីឡា កាយ​សមស្រប​របស់​តេ​ក្វាន់​ដូ WTF និង​ផ្ទាំងទស្សនីយភាព​«​យើង​ខ្មែរ​»​របស់ ស​.​ស​.​យ​.​ក​។ លើសពីនេះ​មានការ​ប្រគំ​តន្ត្រី ដែលមាន​ការចូលរួម​ពី​តារាចម្រៀង​ជួរមុខ​កម្ពុជា​លោក ព្រាប សុវត្ថិ រួមទាំង​កូន​ទាំងបី​, កញ្ញា មាស សុខ​សោភា និង​ក្រុម Small World Small Band​៕

    

Tag:
 ​កីឡា​ជាតិ​លើក​ទី​២
  វ៉ា​ត់ ចំរើន​
  National Games
© រក្សាសិទ្ធិដោយ thmeythmey.com