កីឡាជាតិ
ជាតិ
សំឡេងអ្នកគាំទ្រ ជាកម្លាំងចិត្ត ឡុង ឡា ដើម្បីប្រជែងមេដាយយុទ្ធគុនចម្រុះ
29, Jun 2024 , 7:29 pm        
រូបភាព
កីឡាករ ឡុង ឡា ហ្វឹកហាត់ត្រៀមប្រកួត AMMA រូបពី NOCC
កីឡាករ ឡុង ឡា ហ្វឹកហាត់ត្រៀមប្រកួត AMMA រូបពី NOCC
ឡុង ឡា កីឡាករយុទ្ធគុនចម្រុះកម្ពុជា មានជំនឿចិត្តក្នុងការដណ្ដើមមេដាយក្នុងព្រឹត្តិការណ៍យុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ (2nd AMMA Championship) ដែលកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ មានជំនឿចិត្ត ដោយសារនេះ ជាការប្រកួតនៅក្នុងប្រទេសខ្លួន ហើយឡុង ឡា ចាត់ទុកសំឡេងអ្នកគាំទ្រកម្ពុជា ជាកម្លាំងចិត្តរបស់ខ្លួន។


 
កីឡាករ កីឡាការិនីយុទ្ធគុនចម្រុះ ប្រមាណជាង៣០០នាក់ ពី២០ប្រទេសក្នុងទ្វីបអាស៊ី នឹងមកកម្ពុជា ដើម្បីប្រកួត 2nd AMMA ដែលត្រូវធ្វើចាប់ពីថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
 
កីឡាករ ឡុង ឡា ជឿជាក់លើសមត្ថភាពខ្លួនអាចដណ្ដើមមេដាយណាមួយ ក្នុងព្រឹត្តិការណ៍អន្ដរជាតិនេះ។ ផ្អែកលើបទពិសោធន៍ប្រកួត និងចំណេះក្បាច់គុនល្បុក្កតោរបស់ខ្លួន ផ្សំជាមួយការប្រឹងហ្វឹកហាត់ត្រៀមព្រឹត្តិការណ៍នេះ ឡុង ឡា យល់ថារូបគេ មានសមត្ថភាពគ្រប់គ្រាន់ប្រជែងជាមួយកីឡាករបរទេស។ 
 
ក្រៅពីការហ្វឹកហាត់បន្ថែម បច្ចេកទេស និងបទពិសោធន៍ប្រកួត កីឡាករកម្ពុជារូបនេះ កាន់តែមានការរំពឹងខ្ពស់ក្នុងការប្រកួត ដោយសារជាព្រឹត្តិការណ៍ធ្វើក្នុងប្រទេស ហើយមានអ្នកគាំទ្រជាច្រើន នឹងមកលើកទឹកចិត្តខ្លួន។

កីឡាករ ឡុង ឡា ហ្វឹកហាត់ត្រៀមប្រកួត AMMA រូបពី NOCC
 
កីឡាករ ឡុង ឡា បាននិយាយថា៖«ខ្ញុំ បានត្រៀមខ្លួនរួចហើយរយៈពេលមកនេះ។ យើង ចូលជម្រើសជាតិយើងហាត់ទៀងទាត់។ ខ្ញុំ គិតថាខ្ញុំអាចធ្វើអស់ពីសមត្ថភាពដើម្បីយកជ័យលាភី។ ខ្ញុំ មានជំនឿចិត្តខ្ពស់ព្រោះ ជាការប្រកួតនៅប្រទេសយើង ហើយមានប្រជាជនគាំទ្រច្រើន។ សំឡេងអ្នកគាំទ្រ ជាកម្លាំងចិត្ដខ្ញុំ។ ព្រឹត្តិការណ៍យុទ្ធគុនចម្រុះនេះ ខ្ញុំនៅតែជឿជាក់ខ្លួនឯងថា ខ្ញុំអាចធ្វើបាន បើទោះជាបទពិសោធន៍ខ្ញុំ ភាគច្រើនជាអ្នកប្រកួតគុនល្បុក្កតោ ក៏ដោយ។ ប៉ុន្ដែចំពោះលទ្ធផលមេដាយ ខ្ញុំមិនដឹងថាអាចបានមាស ប្រាក់ ឬសំរឹទ្ធទេ។»។
 
គួរបញ្ជាក់ផងដែរថា កម្ពុជា នឹងត្រៀមកីឡាករ-កីឡាការិនី១៦រូប ប្រកួតក្នុងព្រឹត្តិការណ៍នេះ។ សមាសភាពកីឡាករ-កីឡាការិនី ១៦រូប ដែលត្រូវបានជ្រើសរើសចូលប្រកួតព្រឹត្តិការណ៍ជើងឯកអាស៊ី លើកទី២ មានដូចជា៖ ផេង សុបញ្ញា, ឡុង ឡា, រិន សារដ្ឋ, ហ៊ុន គឹមហ៊ាង, មាស ម៉ើ, Thiago Teixeira , ហ៊ុន ច័ន្ទរាជ្យ, ធាន អាត, ចាន់ រតនា, អេ វីរៈខាំឈិតភូថង, ហាត ភី, ខៀវ ចិន្ដារ័ត្ន, មឿយ ស៊ឹង, គន្ធ វណ្ណនីតា, អ៊ុំ ថារ័ត្ន និង ទួន ស្រីភិន។ ព្រឹត្តិការណ៍នេះ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ កីឡាករ ឡុង ឡា ត្រូវប្រកួតលើប្រភេទទម្ងន់ ៦០គីឡូក្រាម៕
 
 

Tag:
 ឡុង ឡាយ
  2nd AMMA
© រក្សាសិទ្ធិដោយ thmeythmey.com