សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ឡាវគ្រោងដាក់វិធានការដោះស្រាយអតិផរណា ក្រោយកើន ២៦,២ភាគរយនៅខែមិថុនា
01, Jul 2024 , 7:29 pm        
រូបភាព
ផ្សារលក់ផ្លែឈើមួយកន្លែងនៅក្រុងវៀងច័ន្ទន៍។ រូបភាព ៖ Xinhua
ផ្សារលក់ផ្លែឈើមួយកន្លែងនៅក្រុងវៀងច័ន្ទន៍។ រូបភាព ៖ Xinhua
រដ្ឋាភិបាលឡាវនឹងចាត់វិធានការបន្ថែម ដើម្បីទប់ស្កាត់អតិផរណាខ្ពស់ដូចជា ពង្រឹងប្រសិទ្ធគណៈកម្មាធិការត្រួតពិនិត្យតម្លៃទំនិញ កែលម្អគោលនោយបាយពាក់ព័ន្ធ ជំរុញអភិវឌ្ឍឧស្សាហកម្មកែច្នៃ ដករបាំងពន្ធ និងទាក់ទាញការវិនិយោគ។

 
កំណើនអតិផរណានៅឡាវបានកើនដល់ ២៦,២ភាគរយនៅខែមិថុនា ពី ២៥,៨ភាគរយនៅខែឧសភា ឆ្នាំ២០២៤ ដែលជាអត្រាខ្ពស់បំផុតនៅឆ្នាំនេះ។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) បានកើនពី ២,៣ភាគរយកាលពីខែឧសភា ដល់ ៣,១ភាគរយ នៅខែមិថុនា។ តម្លៃទំនិញឡើងថ្លៃខ្លាំង ភាគច្រើនជាសម្ភារៈថែទាំវេជ្ជសាស្ត្រ ឱសថ សម្លៀកបំពាក់ ស្បែកជើង គ្រឿងស្រវឹង និងថ្នាំជក់។ 
 
ដោយមើលឃើញបែបនេះ រដ្ឋាភិបាលឡាវ គ្រោងដាក់ចេញវិធានការនានា ដើម្បីទប់ស្កាត់កំណើនអតិផរណា, ធ្វើឱ្យអត្រាប្តូរប្រាក់បរទេសមានប្រសិទ្ធភាព និងកាត់បន្ថយការប៉ះពាល់ទៅលើតម្លៃទំនិញ។ 
 
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ លោក Malaythong Kommasith បាននិយាយថា ក្រសួងនឹងជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងការផ្តោតការសងប្រតិបត្តិការរវាងស្ថាប័នស្រាវជ្រាវ ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាសេដ្ឋកិច្ចរ៉ាំរ៉ៃ និងស្មុគស្មាញ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិឡាវនៅថ្ងៃទី៣០ ខែមិថុនា។ 
 
បើតាមលោក Malaythong Kommasith ក្រសួងនឹងកែលម្អផែនការការងាររបស់ខ្លួន និងបង្កើនប្រសិទ្ធភាពនៃគណៈកម្មាធិការផ្សេងៗដែលរដ្ឋាភិបាលចាត់តាំងដូចជា គណៈកម្មាធិការត្រួតពិនិត្យតម្លៃទំនិញ, គណៈកម្មាធិការគ្រប់គ្រងការនាំចូល និងនាំចេញ គណៈកម្មាធិការលើកកម្ពស់ផលិតកម្មជំនួសការនាំចូល។ 
 
ទន្ទឹមនេះ ក្រសួងនឹងកែលម្អគោលនយោបាយទាក់ទងនឹងហិរញ្ញវត្ថុ រូបិយប័ណ្ណ អគ្គិសនី ការងារ ថាមពល ការដឹកជញ្ជូន និងបទប្បញ្ញត្តិផ្សេងៗ ហើយបន្ត​តាមដាន​ការប្រែប្រួល​តម្លៃ​ផលិតផល និង​ពិនិត្យ​ការអនុវត្ត​វិធានការ​ត្រួតពិនិត្យ​តម្លៃ​ទំនិញ​។
 
លើសពីនេះ ក្រសួងក៏នឹងផ្តោតលើការស្រាវជ្រាវ ដើម្បីកែលម្អគោលនយោបាយជំរុញការអភិវឌ្ឍឧស្សាហកម្មកែច្នៃ ជំរុញការវិនិយោគក្នុងកសិដ្ឋានឧស្សាហកម្ម ដករបាំងពន្ធ និងបង្កើនដើមទុនសម្រាប់ពាណិជ្ជកម្ម ការវិនិយោគ និងប្រតិបត្តិការអាជីវកម្ម ព្រមទាំងជំរុញការវិនិយោគក្នុងវិស័យផលិតកម្ម។
 
តាមរបាយការណ៍ចុងក្រោយពីការិយាល័យស្ថិតិជាតិឡាវ វាមានកត្តាជាច្រើនដែលបន្តជំរុញឲ្យអតិផរណាឡាវកើនឡើងដូចជា ការបន្តធ្លាក់ថ្លៃនៃរូបិយប័ណ្ណក្នុងស្រុក (ប្រាក់គីប) និងការពឹងផ្អែកខ្លាំងលើការនាំចូលសម្រាប់ការប្រើប្រាស់ក្នុងស្រុក និងការដំឡើងពន្ធលើតម្លៃបន្ថែម (VAT) ពី៧ភាគរយ ដល់ ១០ភាគរយ៕

Tag:
 ឡាវ
  អតិផរណា
© រក្សាសិទ្ធិដោយ thmeythmey.com