ជាតិ
ក្លិបអ្នកកាសែតកម្ពុជា ផ្តើមទស្សនកិច្ចទីក្រុងហាណូយដើម្បីពង្រឹងបណ្ដាញសារព័ត៌មានក្នុងតំបន់
13, May 2024 , 4:03 pm        
រូបភាព
ថ្នាក់ដឹកនាំក្លិបអ្នកកាសែតកម្ពុជា បានចេញដំណើរទៅកាន់ប្រទេសវៀតណាមហើយ នៅថ្ងៃចន្ទនេះ ជាទស្សនកិច្ចចំពេលវេលាដែលអ្នកសារព័ត៌មាន កំពុងដើរតួនាទីដ៏សំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានដែលពេញលេញ ត្រឹមត្រូវ និងប្រកបដោយវិជ្ជាជីវៈ។

 
ទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងតបតាមការអញ្ជើញរបស់សមាគមអ្នកកាសែតវៀតណាម (Vietnam Journalists Association- VJA) ដែលជាសមាគមតែមួយគត់នៅប្រទេសវៀតណាម ហើយជាដៃគូ ជាមួយក្លិបអ្នកកាសែត​កម្ពុជា (Club of Cambodian Journalists – CCJ) ចាប់តាំងពី​​ឆ្នាំ​​២០១៨ មក។
 
ភាពជាដៃគូនេះ​ បានកើតឡើងភ្លាមៗក្រោយពី CCJ ទទួលបានការគាំទ្រជាឯកច្ឆ័ន្ទឱ្យ​ចូលជា​សមាជិក​​នៃសហព័ន្ធអ្នកកាសែតអាស៊ាន​ (Confederation of ASEAN Journalists) នាដើមឆ្នាំ​២០១៨ នៅក្នុងកិច្ចប្រជុំមហាសន្និបាត​អ្នកកាសែត​អាស៊ាន​នៅក្នុងទីក្រុងបាងកក​ ប្រទេស​ថៃ។ នាពេលនោះហើយដែល​ថ្នាក់ដឹកនាំ VJA និង ថ្នាក់ដឹកនាំ CCJ ​បាន​ចាប់ផ្តើម​ពិភាក្សាអំពីការ ​បង្កើតភាពជា​ដៃគូដើម្បី​បម្រើផលប្រយោជន៍វិស័យសារព័ត៌មានក្នុងតំបន់ផង និងដើម្បី​សារព័ត៌មាននៃប្រទេស​ទាំងពីរ​ផង។
 
លោក ពុយ​ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងថា៖ «នៅក្នុងរយៈពេល៥ថ្ងៃនៅក្នុងប្រទេសវៀតណាម ចាប់ពីថ្ងៃទី​១៣-១៧​​ ខែឧសភា ក្លិបអ្នកកាសែត​កម្ពុជា នឹងព្យាយាមដើរតួនាទីជាស្ពានដើម្បីពង្រឹងទំនាក់ទំនងបណ្ដាញសារព័ត៌មានក្នុងតំបន់»។ 



លោកបានបន្តថា៖ «រាល់ពេលដែលមានបញ្ហា ឬភាពចម្រូងចម្រាស់អ្វីមួយកើតឡើង អ្នកសារព័ត៌មានអាចជួយបន្ថយកម្តៅ ឬសភាពការណ៍ដែលតឹងតែងឱ្យមកធូរស្រាលវិញបាន តាមរយៈការចោទជាសំណួរទៅថ្នាក់ដឹកនាំ ឬប្រភពដែលផ្តល់ព័ត៌មានដែលមិនមានលក្ខណៈពង្រីកបញ្ហា ឬបង្កើនជាតិនិយមហួសពីអ្វីដែលថ្នាក់ដឹកនាំ ឬប្រភពផ្តល់ឱ្យ»។ 
 
តាមការគ្រោងទុក ថ្នាក់ដឹកនាំក្លិបអ្នកកាសែត​កម្ពុជា និងសមាគម​អ្នកកាសែត​វៀតណាម នឹងពិភាក្សាលើការវិវឌ្ឍថ្មីៗនៃវិស័យសារព័ត៌មានសម័យឌីជីថល ជាពិសេសការប្រើប្រាស់បញ្ញាសិប្បនិមិត្ត AI និងទស្សនកិច្ច​ទីតាំងសំខាន់ៗ​ដែលទាក់ទងនឹង​ដំណើរការងារក្នុងវិស័យសារព័ត៌មាន ដូចជាការិយាល័យទីភ្នាក់ងារព័ត៌មានវៀតណាម VNA សារមន្ទីរប្រព័ន្ធផ្សព្វផ្សាយ និងស្វែងយល់ពីសក្តានុពលនៃរមណីយដ្ឋាន​ទេសចរណ៍មួយ​ចំនួននៅក្នុង​ទីក្រុងហាណូយ និងនៅតំបន់ខ្ពង់រាប សាប៉ា ជាដើម។
 
ក្រៅពីសមាគមអ្នកកាសែតវៀតណាម ក្លិបអ្នកកាសែត​កម្ពុជា ក៏ជាដៃគូរបស់​សមាគម​អ្នកកាសែតថៃ​ (Thai Journalists Association) ផងដែរ។ ក្លិបអ្នកកាសែត​កម្ពុជា​បាន​រៀបចំសកម្មភាពការងារជាច្រើន ជាមួយ​សមាគមអ្នកកាសែតថៃ ក្នុងពេលកន្លងមកដើម្បី​ការផ្លាស់ប្ដូរ​ពិសោធន៍ ចំណេះដឹងផ្នែកសារព័ត៌មាន និងមិត្តភាព ព្រមទាំងដើម្បីផលប្រយោជន៍​នៃប្រទេសជិត​ខាងទាំង​ពីរផងដែរ។
 
ប្រតិភូ CCJ ដឹកនាំដោយលោក ពុយ គា ប្រធានក្លិបអ្នកកាសែត​កម្ពុជា, លោកស្រី ថុង សុវណ្ណរង្សីយ៍ អគ្គលេខាធិការ, លោក សៅ ភិរុណ, លោក ខៀវ កូឡា និងលោក លាង ដឺលុច ដែលជាសមាជិកគណៈកម្មាធិការនាយកនៃក្លិបអ្នកកាសែត​កម្ពុជា សុទ្ធតែមានតួនាទីជាម្ចាស់ ជាក្បាលម៉ាស៊ីនដឹកនាំស្ថាប័នព័ត៌មាន និងជាផលិតករព័ត៌មានជាន់ខ្ពស់ផងដែរ៕​ 

© រក្សាសិទ្ធិដោយ thmeythmey.com