ជាតិ
មរណភាពលោក ហោ ម៉ៅ ជាការបាត់បង់មេគ្រួសារ និងពលរដ្ឋល្អម្នាក់របស់សង្គម
19, May 2024 , 10:00 pm        
រូបភាព
លោក ហោ ម៉ៅ សន្តិសុខរដ្ឋបាលខណ្ឌមានជ័យ ដែលតែងតែជួយសម្រួលចរាចរណ៍ជូនពលរដ្ឋនៅសង្កាត់ចាក់អង្រែក្រោម បានទទួលមរណភាព ក្នុងវ័យ៦៣ឆ្នាំ ដោយសារជំងឺគាំងបេះដូង។ រូបថតបានពីហ្វេសប៊ុកលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ
លោក ហោ ម៉ៅ សន្តិសុខរដ្ឋបាលខណ្ឌមានជ័យ ដែលតែងតែជួយសម្រួលចរាចរណ៍ជូនពលរដ្ឋនៅសង្កាត់ចាក់អង្រែក្រោម បានទទួលមរណភាព ក្នុងវ័យ៦៣ឆ្នាំ ដោយសារជំងឺគាំងបេះដូង។ រូបថតបានពីហ្វេសប៊ុកលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ
លោក ហោ ម៉ៅ សន្តិសុខរដ្ឋបាលខណ្ឌមានជ័យ ដែលតែងតែជួយសម្រួលចរាចរណ៍ពលរដ្ឋនៅសង្កាត់ចាក់អង្រែក្រោម បានទទួលមរណភាព ក្នុងវ័យ៦៣ឆ្នាំ ដោយសារជំងឺគាំងបេះដូង។ មរណភាពរបស់លោក ម៉ៅ គឺជាការបាត់បង់គោលជំហរដ៏សំខាន់មួយសម្រាប់កូនចៅក្នុងបន្ទុក ខណៈសាធារណជន ក៏បង្ហាញការសោកស្ដាយចំពោះការបាត់បង់ពលរដ្ឋល្អម្នាក់នេះដែរ។



លោក ហោ ម៉ៅ បានធ្លាក់ខ្លួនឈឺខ្លាំង នៅព្រឹកថ្ងៃសៅរិ៍ ទី១៨ឧសភា ពោលគឺមួយថ្ងៃបន្ទាប់ពី គាត់មានអាការៈអស់កម្លាំង និងថប់ដង្ហើម អំឡុងពេលឈរសម្រួលចរាចរណ៍ជូនពលរដ្ឋនៅស្តុបចាក់អង្រែក្រោម។ ជាអកុសល នៅម៉ោង២កន្លះរសៀលថ្ងៃដដែល លោក បានទទួលមរណភាពនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយសារជំងឺគាំងបេះដូងធ្ងន់ធ្ងរ។ នេះបើតាមរៀបរាប់របស់លោក ជា វៃ ដែលជាក្មួយរបស់ ហោ ម៉ៅ មកកាន់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey) នាថ្ងៃទី១៩ឧសភា។

លោក ជា វ៉ៃ បានបញ្ជាក់យ៉ាងដូច្នេះ៖«នៅថ្ងៃសុក្រហ្នឹង គាត់(លោក ហោ ម៉ៅ) ទៅធ្វើការ ហើយនៅពេលអត់ស្រួលខ្លួន គាត់ក៏រត់មកផ្ទះ។ ដល់ថ្ងៃសៅរិ៍ ជំងឺគាត់បានធ្វើទុកខ្លាំង ហើយកូនៗក៏នាំទៅពេទ្យរុស្ស៊ី ប៉ុន្តែពេទ្យគេថា គាត់សង្ឃឹមតិចណាស់ ព្រោះចង្វាក់បេះដូងខ្សោយ។ នៅពេលបញ្ជូនចូលបន្ទប់សង្រ្គោះបន្ទាន់ គាត់ក៏បានស្លាប់ ដោយពេទ្យគេថា គាត់មានជំងឺគាំងបេះដូង»។

ក្នុងឋានៈជាសន្តិសុខរដ្ឋបាលខណ្ឌមានជ័យ គេតែងប្រទះឃើញ លោក ហោ ម៉ៅ ជួយសម្រួលចរាចរណ៍ពលរដ្ឋនៅផ្លូវបំបែកលូប្រាំ សង្កាត់ស្ទឹងមានជ័យ និងមុខវត្តចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម។ ការសម្រួលចរាចរណ៍នេះ គឺជាការងារដែលលោកស្រលាញ់ចេញពីចិត្ត ដ្បិតមិនមានប្រាក់ និងពេលខ្លះត្រូវឈរក្រោមកម្ដៅថ្ងៃ ឬភ្លៀងផ្គរក៏ដោយ។ ធ្វើការងារអស់ទាំងរយៈពេលជាង២០ឆ្នាំ លោក ហោ ម៉ៅ ធ្លាប់មានក្ដីស្រមៃចង់បានក្រខណ្ឌរដ្ឋដែរ ប៉ុន្តែ មិនបានសម្រេច ដោយសារមិនចេះអក្ស។

«ពេលណាដែលស្ទះចរាចរណ៍ គឺមានមុខគាត់ហើយ។ គាត់ជួយដោយចិត្តស្មោះ មិនខ្លាចនឿយហត់ទេ ទោះបី មានភ្លៀង និងថ្ងៃក្ដៅក៏ដោយ។ បងប្អូនខ្មែរយើង ក៏អាណិតស្រលាញ់គាត់ដែរ ដោយគេតែងតែហុចទឹក នំ ចំណីឱ្យគាត់រហូត នៅពេលឃើញជួយសម្រួលចរាចរណ៍ម្ដងៗ»។ នេះជាមើលឃើញរបស់លោក ជា វៃ ។

លោក ហោ ម៉ៅ ជាពោះម៉ាយ មានកូន៥នាក់ ក្នុងនោះ៤នាក់គ្រួសារមានគ្រួសាររួចហើយ និងកូនស្រីពៅម្នាក់ មេម៉ាយកូន៣។ លោករស់នៅជាមួយកូនស្រីពៅ និងបានជួយទំនុបបម្រុងចិញ្ចឹមបីបាច់ចៅតូចៗទាំង៣នាក់ រហូតដល់ជីវិតចុងក្រោយ។

មរណភាពរបស់លោក ម៉ៅ គឺជាការបាត់បង់គោលជំហរដ៏សំខាន់មួយសម្រាប់គ្រួសារ។ នេះបើតាម លោក ជា វៃ ដោយបន្ថែមថា៖«ពេលគាត់រកប្រាក់បាន គ្រាន់ជួយផ្គត់ផ្គង់កូនចៅ។ ពេលអត់គាត់ ក៏ពិបាកដែរ ដោយសារគាត់ជាជំហរជួយកូនស្រីមេម៉ាយម្នាក់ដែលមានចៅតូចៗ ៣នាក់ទៀត»។

ជុំវិញនៃការស្លាប់របស់លោក ហោ ម៉ៅ, អភិបាលរងរាជធានីភ្នំពេញលោក កើត ឆែ បានចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព ផងដែរ។ «ខ្ញុំពិតជាមានក្តីរន្ធត់ចិត្ត និងក្រៀមក្រំបំផុតដោយបានទទួលដំណឹងមរណភាពរបស់លោកពូ ហោ ម៉ៅ»។  លោក កើត ឆែ បានសរសេររៀបរាប់បែបនេះនៅលើទំព័រហ្វេសប៊ុក ដែលមើលឃើញលោក ហោ ម៉ៅ គឺជាសន្តិសុខរដ្ឋបាលខណ្ឌមានជ័យ តែងតែជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋនៅតំបន់ចាក់អង្រែក្រោម៕

© រក្សាសិទ្ធិដោយ thmeythmey.com