ជាតិ
ពីនេះ ពីនោះ
«ស្គាល់មេ»!
24, May 2024 , 11:29 am        
រូបភាព
ថ្ងៃនេះ សុធីរ និង សំណាង បានឆ្លៀតពេលពីការងារ មកណាត់ជួបគ្នាផឹកកាហ្វេនៅហាងមួយកន្លែង ក្រោយសម្លាញ់ទាំងពីរ ខានជួបគ្នាជាច្រើនខែ ដោយសាររវល់ការងារ និងការរកស៊ីរៀងៗខ្លួន។ ក្នុងជំនួប នេះ សំណាង ហាក់ដូចជាមួម៉ៅខុសពីធម្មតា។



សុធីរ៖ ហ្អែងកើតអី អាសំណាង ? មើលទៅដូចជាមិនសប្បាយចិត្ត ហើយខឹងនរណាពីនាយមកអុីចឹង?
 
សំណាង៖ អើ! អញមិនសប្បាយចិត្ត អញខឹង អញមួម៉ៅ!
 
សុធីរ៖ ហ្អែង ខឹងមួម៉ៅរឿងអី? សម្លាញ់!
 
សំណាង៖ អញខឹងនឹងបុគ្គលិកក្រុមហ៊ុនមួយនោះ ដែលវាមកជួបនិយាយការងារជាមួយអញទេ តែវាមួយ​ម៉ាត់​ណា ក៏និយាយថា ស្គាល់មេអញ, មួយម៉ាត់ណា ក៏ស្គាល់មេអញ! អញជ្រេញ អញខឹងណាស់វ៉ើយ!
 
សុធីរ៖ ចុះម៉េចបានជាហ្អែងខឹងគេខ្លាំងម្ល៉េះ ដោយគ្រាន់តែគេនិយាយពាក្យនេះ? ហើយបើស្ដាប់ទៅ ដូចជាធម្មតាទេតើ ព្រោះគេអាចស្គាល់មេ អាសំណាងឯងពិតមែន! 
 
សំណាង៖ អើ! ពាក្យថា «ខ្ញុំស្គាល់មេបងឯង» នេះ វាស្ដាប់ទៅដូចជាសាមញ្ញទេ ព្រោះទំនងជាពួកគេ​ស្គាល់​គ្នា​មែន។ ប៉ុន្តែវាទើសអារ​ម្មណ៍អញពេក។ ទើបជួបអញដំបូង មកអួតប្រាប់អញថា ស្គាល់មេអញ។ តើគេ​ចង់​បានន័យថាម៉េច?
 
សុធីរ៖ ចុះហ្អែងគិតថា គេចង់មានន័យថាម៉េច? ហើយប៉ះពាល់ផ្លូវអារម្មណ៍យ៉ាងម៉េចវិញ?
 
សំណាង៖ អ្នកដែលចូលចិត្ត​និយាយពាក្យ​នេះ ទៅកាន់អ្នកដទៃ ក្នុងជំនួបផ្លូវការ ឬមិនផ្លូវការណាមួយនោះ អាចចាត់ទុកថា មានបំណង២ បែប​ចេតនា ឬអចេតនា។ ក្នុងបំណងបែបអចេតនា គឺបុគ្គលរូបនោះ គ្រាន់​តែចង់បញ្ជាក់ថា ខ្លួនធ្លាប់បានស្គាល់ ឬមានទំនាក់ទំនងក្នុងកម្រិតណាមួយ ជាមួយថ្នាក់ដឹកនាំ​ស្ថាប័ន ឬ​អង្គភាព​នោះប៉ុណ្ណោះ។ សម្រាប់បំណង​ចេតនាវិញ គឺបុគ្គលរូបនោះ ចង់ដំឡើងឫក និងបង្ហាញឥទ្ធិពលខ្លួន ថា ជាមនុស្សមានក្រេឌីតខ្ពស់ ស្មើមេដឹកនាំស្ថាប័ននោះដែរ។ ក្នុងន័យនេះ ពួកគេក៏ចង់ដាក់​សម្ពាធ​ផ្លូវ​អារម្មណ៍​លើបុគ្គលម្នាក់ទៀតដែរ។
 
ក្នុងន័យសុជីវធម៌ គឺបុគ្គលរូបនោះ កំពុងមើលងាយគេដោយប្រយោល ព្រោះមនុស្សជួបគ្នា​ទំនាក់ទំនង​ក្នុងកម្រិតប្រតិបត្តិការក្រុមហ៊ុន បែរជានិយាយតម្កើងឫក ស្គាល់ដល់ថ្នាក់ដឹកនាំ​កណ្ដាលក្រុមហ៊ុនទៅវិញ។ ដូច្នេះសរុបមក ចង់ ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ និងទំនាក់ទំនង ជាពិសេសប្រសិទ្ធភាព​ការងារ​ផ្នែកណាមួយ រវាងក្រុមហ៊ុន និងក្រុមហ៊ុនដែរ។
 
សុធីរ៖ អ៊ីចឹង គ្រាន់តែគេចង់ប្រាប់ថា «ស្គាល់មេ» នេះ ខុសដែរមែន?
 
សំណាង៖ វាមិនខុសទេ សម្លាញ់! ប៉ុន្តែត្រូវប្រើប្រាស់ពាក្យសម្តីឱ្យត្រូវតាមកាលៈទេសៈ។ បើយើងជួបគ្នា ទំនាក់ទំនងការងារក្នុងកម្រិតណាមួយ គឺនិយាយត្រឹមកម្រិតនោះទៅ ដើម្បីបង្ហាញពីការឱ្យតម្លៃគ្នា​ទៅវិញ​ទៅមក៕
 

Tag:
 ទស្សនៈ
  សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com