ជាតិ
វគ្គផ្តាច់ព្រ័ត្រនៃការប្រឡងប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម នឹងធ្វើឡើងនៅថ្ងៃទី៦មិថុនា
26, May 2024 , 7:39 pm        
រូបភាព
ការប្រឡងប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ ដែលគ្រោងធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម នាថ្ងៃទី៦មិថុនា។ ក្នុងវគ្គនេះ​ នឹងបង្ហាញនូវវត្តមានរោងចក្រ សិប្បកម្ម សហគ្រាសចំនួន៥ ដែលឆ្នើមជាងគេនៅកម្ពុជា។​

 
បើតាមសេចក្តីជូនដំណឹងរបស់នាយកឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្មវិធីនេះ គឺទទួលបានការគាំទ្រពីអង្គការ GIZ និងក្រុមហ៊ុន Tropicam ដែលធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងស្វែងរកសហគ្រិនកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមបំផុត ប្រកបដោយគុណភាព សុវត្ថិភាព រួមទាំងប្រសិទ្ធិភាពខ្ពស់ក្នុងការប្រកួតប្រជែងទីផ្សារជាតិ និងអន្តរជាតិ។ ការប្រកួតប្រជែងនេះ ក៏ជាផ្នែកមួយលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងនូវគុណភាព សុវត្ថិភាព និងភាពសម្បូរបែបនៃផលិតផលកែច្នៃពីគ្រាប់ស្វាយចន្ទី ដែលវាជាគន្លឹះអាចឲ្យសហគ្រិនកែច្នៃគ្រាប់ស្វាយចន្ទីផ្សេងទៀត ស្វែងយល់ និងកែលម្អផលិតផល ឬបច្ចេកទេសរបស់ពួកគេ។
 
«កម្មវិធីប្រឡងប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤» ជុំទី១ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃ៩ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅឯខេត្តសៀមរាប ដោយមានការចូលរួមពីអ្នកកែច្នៃទូទាំងប្រទេស។ រីឯ ការប្រកួតក្នុងជុំទី២ ធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី២៤ឧសភា។​ រហូតរកឃើញម្ចាស់រោងចក្រ សិប្បកម្ម សហគ្រាសចំនួន៥ បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ដែល​នឹងធ្វើឡើង​ នាថ្ងៃទី៦មិថុនា ឆ្នាំ២០២៤។​
 
កម្មវិធីប្រឡងប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤ វគ្គផ្តាច់ព្រ័ត្រ នឹងរៀបចំឡើងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ពេលព្រឹកបទបង្ហាញរបស់រោងចក្រ សិប្បកម្ម សហគ្រាសចំនួន ៥ និងពេលរសៀលកម្មវិធីប្រគល់ពានរង្វាន់ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
 
កម្មវិធីប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីនេះ ត្រូវបានវាយតម្លៃ និងផ្ដល់ពិន្ទុពីគណៈកម្មាធិការឆ្នើមៗជាច្រើនរូប​ ផ្ដោតសំខាន់លើ ការចងក្រងក្រុមផលិតដើម្បីផ្គត់ផ្គង់វត្ថុធាតុដើម តាមរយៈយន្តការកិច្ចសន្យាផលិតកម្មកសិកម្ម, បច្ចេកទេសនៃការកែច្នៃគ្រាប់ស្វាយចន្ទី, ការច្នៃប្រឌិតផលិតផល, ដំណើរការអាជីវកម្ម និងការវាយតម្លៃលើបុគ្គលិកលក្ខណៈផ្សេងៗទៀត។
 
គោលនយោបាយជាតិគ្រាប់ស្វាយចន្ទីនៅឆ្នាំ២០២២-២០២៧ បានកំណត់ទិសដៅលើកកម្ពស់ផលិតភាពកែច្នៃ និងទីផ្សារគ្រាប់ស្វាយចន្ទី ដើម្បីធ្វើយ៉ាងណាប្រែក្លាយកម្ពុជា ទៅជាប្រទេសកម្ពុជាកំពូលក្នុងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីនៅក្នុងតំបន់ និងពិភពលោក។
 
កម្ពុជាគឺជាប្រទេសផលិតគ្រាប់ស្វាយចន្ទីធំមួយក្នុងចំណោមប្រទេស១០នៅលើពិភពលោក និងបានឈរលេខ១ ជាប្រទេសផលិតស្វាយចន្ទីច្រើនជាងគេក្នុងបរិមាណ១,១៨០,០០០តោន កាលពីឆ្នា២០២១។ ខេត្តដែលដាំស្វាយចន្ទីច្រើនជាងគេ រួមមាន ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី សៀមរាប ឧត្តរមានជ័យ កំពង់ឆ្នាំង មណ្ឌលគិរី និងត្បូងឃ្មុំ។
 
ដ្បិតផលិតបានច្រើន ប៉ុន្តែ៩០ទៅ៩៥ភាគរយ នៃផលិតផលគ្រាប់ស្វាយចន្ទីទាំងអស់នោះ ត្រូវបាននាំចេញទៅវៀតណាមជាវត្ថុធាតុដើម ហើយមាននៅសល់តែ៥ទៅ១០ភាគរយប៉ុណ្ណោះ ដែលត្រូវបានកែច្នៃនៅក្នុងប្រទេសកម្ពុជា៕
 

Tag:
 ស្វាយចន្ទី
© រក្សាសិទ្ធិដោយ thmeythmey.com