សៀមរាប៖ មកទល់បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាបានដាំដើមត្នោត ដើមរាំង ជាង៣ម៉ឺនដើមហើយ នៅតាមជើងទំនប់បុរាណ បារាយណ៍ ដើម្បីការពារពីភាពហូរច្រោះដី និងបង្កើនគម្របព្រៃឈើក្នុងតំបន់អង្គរ។
រាំង ជារុក្ខជាតិម្យ៉ាងដែលមានភាពធន់នឹងអាកាសធាតុ ហើយវាអាចរស់នៅបានទាំងក្នុងទឹក និងលើគោក។ រីឯត្នោតវិញ ក៏មានភាពធន់នឹងទឹកដែរ ពេលខ្លះគេឃើញវាដុះចាក់ឫសនៅក្នុងប្រឡាយក៏មានដែរ។ រុក្ខជាតិទាំង២នេះ ត្រូវបានអាជ្ញាធរជាតិអប្សរាបន្តដាំដុះជាច្រើននៅតំបន់អង្គរ ពិសេសតាមមាត់ទំនប់ និងបារាយណ៍នាំទឹក។
បើតាមមន្រ្តីបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ លោក ញ៉ែម រស្មី គិតពីឆ្នាំ២០១៤មក អាជ្ញាធរជាតិអប្សរា បានដាំដើមរាំង និងដើមត្នោត នៅតាមជើងទំនប់បុរាណ និងបារាយណ៍បានជាង៣ម៉ឺនដើម។ នៅក្នុងឆ្នាំ២០២០ ដើមរាំង ៤,៦១១ដើម ត្រូវបានដាំនៅតាមជើងទំនប់ នៃបារាយណ៍ខាងជើង បារាយណ៍ខាងលិច និងដាំតាមជើងទេរនៃទំនប់ប្រឡាយបុរាណ ក្នុងរមណីយដ្ឋានអង្គរ។
![](https://image.thmeythmey.com/pictures/2024/05/26/derm4.jpg)
លោក ញ៉ែម រស្មី ថតជាមួយដើមត្នោត និងដើមរាំង នៅជើងទំនប់ទ្វារទឹកតាសោម។
ដើមរាំងជារុក្ខជាតិងាយដាំ និងងាយលូតលាស់។ យ៉ាងណាលោក ញ៉ែម រស្មី ពន្យល់ថា ដើមរាំងដែលបណ្ដុះនឹងគ្រាប់ងាយលូតលាស់លឿន និងល្អជាងដើមរាំង ដែលគាស់កូនមកដាំ។ នៅស្ថានីយបណ្ដុះកូនឈើក្រាំងក្រូច មានបុគ្គលិកប្រុសស្រីសរុបជាង១០នាក់ កំពុងបណ្ដុះរុក្ខជាតិចម្រុះសរុប១៥មុខ តែក្នុងនោះដើមរាំង និងដើមត្នោត មានបរិមាណច្រើនជាងគេ។ តាមការបញ្ជាក់ពីលោក រស្មី ក្នុងឆ្នាំ២០២៤នេះ ស្ថានីយនេះបានមានដើមរាំងចំនួន១៣ ០០០ដើម ត្រៀមសម្រាប់ដាំនៅតំបន់អង្គរ។
![](https://image.thmeythmey.com/pictures/2024/05/26/derm3.jpg)
ពលករកំពុងស្រោចទឹកដើមត្នោតនៅស្ថានីយបណ្ដុះកូនឈើក្រាំងក្រូច។
ក្រៅពីដើមរាំង, ក៏មានដើមត្នោតប្រមាណ៥ពាន់ដើមដែរហើយ ត្រូវបានដាំ និងកំពុងលូតលាស់ធំធាត់ នៅតាមជើងទំនប់ បារាយណ៍ក្នុងតំបន់អង្គរ។ ក្នុងនោះ អាជ្ញាធរជាតិអប្សរា នឹងបន្តដាំបន្ថែមទៀត ធ្វើយ៉ាងណាជួយបង្កើនគម្របព្រៃឈើក្នុងតំបន់ ក៏ដូចជាជួយអភិរក្សរុក្ខជាតិខ្មែរមួយនេះកុំឱ្យបាត់បង់។ « យើងដឹងថា ត្នោតជារុក្ខជាតិតំណាង តំណាងអត្តសញ្ញាណជាតិ បើយើងដាំច្រើនក៏ជួយក្នុងតំបន់យើងហើយ ហើយពេលធំទៅប្រជាជនក្នុងតំបន់ អាចអាស្រ័យផល និងកុំឱ្យវាបាត់បង់ផង ព្រោះសព្វថ្ងៃពលរដ្ឋយើងខ្លះគាត់ទាញមកប្រើប្រាស់ច្រើនពេក យើងក៏បារម្ភដែរ»។ នេះជាការរៀបរាប់របស់លោក រស្មី ដែលបានពន្យល់ពីការដាំដុះរុក្ខជាតិទាំងនេះ ក៏ព្រោះវា អាចការពារភាពច្រោះដីបាននារដូវវស្សា មួយទៀតមានភាពធន់នឹងអាកាសធាតុ និងអាចរស់ក្នុងទឹករយៈពេលយូរផងដែរ គឺក្នុងរយៈពេលរយៈពេល៦ខែ ឬលើសពីនេះ ដោយមិនបារម្ភថាខ្លាចវាងាប់ឡើយ។ ក្រៅពីនេះ ដូចជាដើមរាំង គ្រាប់របស់វាក៏ជាចំណីរបស់ត្រីផងដែរ។
![](https://image.thmeythmey.com/pictures/2024/05/26/derm2.jpg)
ដើមរាំងដែលដុះលូតលាស់ល្អនៅជើងទំនប់ទ្វារទឹកតាសោម
ថ្ងៃទី២៣ ឧសភា កន្លងទៅ លោក ញ៉ែម រស្មី ក៏នាំបានអ្នកសារព័ត៌មានថ្មីៗ(ThmeyThmey) ទៅមើលដើមរាំង និងដើមត្នោត ដែលក្រុមការងារលោកបានដាំនៅតាមជើងទំនប់នៃសំណង់ទ្វារទឹកតាសោមនៅឆ្នាំ២០១៤ និង២០១៩។ ដើមរាំង និងត្នោត មានដើមធំៗ និងមានមែកធាងត្រឈឹងត្រឈៃ។ នៅទីនោះ លោក រស្មី និងក្រុមការងារព្យាយាមប្រាប់ថា ដើមរាំងដែលដាំនៅគៀកមាត់ទឹក គឺវាលូតលាត់លឿនជាងដើមរាំង ដទៃ។ នៅទីនោះ ក្រៅពីដើមរាំង ដើមត្នោត គេក៏ឃើញមានដើមផ្អាវមួយជួរផងដែរ ដែលគេនាំនៅថ្នាក់ខាងលើបន្ទាប់ពីដើមរាំង និងដើមត្នោតដែលនៅជួរទី២ ចាប់ពីមាត់ទំនប់នៅសំណង់ទ្វារតាសោម។
បើតាមលោក រស្មី នៅខែនេះរុក្ខជាតិនោះនៅលើគោក ដល់ពេលរដូវវស្សាពេលបិទទ្វារទឹក ហើយទឹកឡើងមកពៀបមាត់ទំនប់ នោះរុក្ខជាតិទាំងនោះនៅក្នុងទឹកត្រឹមពាក់កណ្ដាលដើមក៏មានដែរ។
ក្រៅពីរុក្ខជាតិដែលរៀបរាប់ខាងលើ នៅស្ថានីយបណ្ដុះកូនឈើក្រាំងក្រូច ក៏មានបណ្ដុះរុក្ខជាតិដើមអំពិល ផងដែរ។ លោក រស្មី ប្រាប់ថា អំពិលក៏មានប្រយោជន៍ច្រើនដែរ ដែលអាចឱ្យពលរដ្ឋនៅក្បែរតំបន់នោះ អាស្រ័យផល ហើយវាក៏ធន់នឹងអាកាសធាតុមិនចាញ់រាំង និងត្នោតដែរ។
![](https://image.thmeythmey.com/pictures/2024/05/26/derm1.jpg)
ដើមរាំងដែលដុះលូតលាស់ល្អនៅជើងទំនប់ទ្វារទឹកតាសោម
ជាទូទៅ រុក្ខជាតិប្រភេទនេះត្រូវមានអាយុពី៥ទៅ១ឆ្នាំអាចយកទៅដាំបាន ឬក៏វាមានកម្ពស់ចាប់ពី១ម៉ែត្រទៅ តែចំពោះដើមត្នោត គេក៏អាចដាំបាន ពេលវាមានមែកធាងលូតលាត់ល្អ ទោះកម្ពស់វាទាបក្ដី។ លោក រស្មី ប្រាប់ដូច្នេះ និង បន្តថា៖« ជាទូទៅ ក្នុងរុក្ខជាតិទាំងអស់ ចំណាយពី៥ខែទៅ១ឆ្នាំ អាស្រ័យលើកម្ពស់រុក្ខជាតិ បើវាទាបក្រោម១ម៉ែត្រអី មិនទាន់ដាំទេ រហូតដល់១ម៉ែត្រ ឬ១,២ម៉ែត្រយកទៅដាំ តែត្នោតមិនអាចមានកម្ពស់១ម៉ែត្រទេ មើលតែវាលាស់មានស្លឹកមានធាង អាចយកទៅដាំបាន»។
សូមបញ្ជាក់ថា តាមរបាយការណ៍ក្នុងមួយឆ្នាំស្ថានីយបណ្ដុះកូនឈើក្រាំងក្រូច មានសមត្ថភាពបណ្ដុះ និងបញ្ចេញកូនឈើសម្រាប់យកទៅដាំ និងចែកចាយទៅខាងក្រៅសរុបមានចំនួន ប្រមាណ២ម៉ឺនដើម។ ក្នុងនោះដែរ លោក ញ៉ែម រស្មី ក៏ប្រាប់ទៅប្រជាពលរដ្ឋដែលមានបំណងយកកូនឈើទៅដាំនៅតាមដីទំនេរ ឬតាមផ្ទះ អាចមកស្នើសុំនៅអាជ្ញាធរជាតិអប្សរាបាន ដើម្បីរួមចំណែកបង្កើនគម្របព្រៃឈើនៅក្នុងប្រទេសកម្ពុជា៕