អន្តរជាតិ
ម៉ាឡេស៊ី ដាក់មហិច្ឆតាចង់ក្លាយជាមជ្ឈមណ្ឌលផលិតបន្ទះឈីបសកល
28, May 2024 , 8:29 pm        
រូបភាព
លោក អាន់វ៉ា អុីប្រាហ៊ីម ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី។ រូបភាព X_Anwar Ibrahim
លោក អាន់វ៉ា អុីប្រាហ៊ីម ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី។ រូបភាព X_Anwar Ibrahim
ម៉ាឡេស៊ី ដាក់មហិច្ឆតាចង់ក្លាយជាមជ្ឈមណ្ឌលផលិតបន្ទះឈីបសកល តាមរយៈការកៀរគរលុយប្រមាណ ៥,៣៣ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍសមត្ថភាពធនធានមនុស្សក្នុងស្រុក និងកម្មករជំនាញ។ នេះបើតាមការប្រកាសរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៨ ខែឧសភា។

 
ស្របពេលក្រុមហ៊ុនជាច្រើនកំពុងស្វែងរកប្រទេសសម្រាប់ដំឡើងរោងចក្រផលិតបន្ទះឈីប ក្នុងបរិបទពិភពលោកកំពុងប្រឈមភាពតានតឹងភូមិសាស្រ្តនយោបាយ និងសង្រ្គាមពាណិជ្ជកម្ម ម៉ាឡេស៊ី ដែលប្រកាន់យកជំហរអព្យាក្រឹត បានដាក់ចេញយុទ្ធសាស្រ្តសឺមីកុងឌុចទ័រជាតិ នៅថ្ងៃទី២៨ ខែឧសភា ក្រោយវត្តមានរបស់ លោក អាន់វ៉ា អ៊ីប្រាហ៊ីម ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី។
 
តាមយុទ្ធសាស្រ្តជាតិមួយនេះ រដ្ឋាភិបាលម៉ាឡេស៊ីគ្រោងចំណាយប្រាក់ប្រមាណ ៥,៣៣ពាន់លានដុល្លារក្នុងរយៈពេល ៥ ទៅ១០ឆ្នាំ ដើម្បីបង្ហាត់ធនធានមនុស្សប្រមាណ៦ម៉ឺននាក់ និងជំរុញក្រុមហ៊ុនក្នុងស្រុក។ 
 
«ចក្ខុវិស័យរបស់យើងនឹងបង្កើតធនធានមនុស្សលំដាប់ពិភពលោក និងប្រព័ន្ធចលករមួយ ដើម្បីប្រកួតប្រជែងនៅថ្នាក់តំបន់ និងសកល ដោយផ្អែកលើនវានុវត្តន៍ និងគំនិតច្នៃប្រឌិត»។ លោក អាន់វ៉ា បានសង្កត់ធ្ងន់បែបនេះ នៅវេទិកា Semicon Southeast Asia 2024 ក្នុងក្រុងគូឡាឡាំពួ។
 
ការអភិវឌ្ឍធនធានមនុស្សផ្នែកសឺមីកុងឌុចទ័រ នឹងទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗជាច្រើន ដែលកំពុងរកទីតាំងងាយស្រួលក្នុងការរកស៊ី និងមិនមានជម្លោះភូមិសាស្រ្តនយោបាយដូច ចិន និងអាម៉េរិក។ 
 
ក្នុងចំណោមធនធានមនុស្សប្រមាណ៦ម៉ឺននាក់ ម៉ាឡេស៊ីនឹងបង្រៀនផ្នែកការបង្កើតឈីប, ការរៀបចំ, ការវេចខ្ចប់ និងការធ្វើតេស្តបន្ទះឈីបជាដើម។ ការបង្ហាត់បង្រៀន នឹងរួមបញ្ចូលទាំងសកលវិទ្យាល័យ និងក្រុមហ៊ុន៕ 

Tag:
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com