អន្តរជាតិ
កូរ៉េខាងជើងបាញ់មីស៊ីលប្រមាណ ១០គ្រាប់ ដើម្បីបង្ហាញសាច់ដុំដាក់កូរ៉េខាងត្បូង
30, May 2024 , 3:59 pm        
រូបភាព
រូបភាព KCNA
រូបភាព KCNA
កូរ៉េខាងជើង បានបាញ់មីស៊ីលប្រមាណ ១០គ្រាប់ចេញពីក្រុងព្យុងយ៉ាង ទៅក្នុងសមុទ្រខាងកើតប្រមាណ ១០គ្រាប់ នៅថ្ងៃទី៣០ ខែឧសភា។ យោធាកូរ៉េខាងត្បូង បានប្រកាសបែបនេះ បន្ទាប់ពីបង្ហោះប៉េតប៉ោងដែលមានសម្រាម និងអាចម៍សត្វចូលដីកូរ៉េខាងត្បូង។



ទោះរងទណ្ឌកម្មពីសហគមន៍អន្តរជាតិជាច្រើនឆ្នាំ កូរ៉េខាងជើង មិនបានបោះបង់មហិច្ឆតាពង្រឹងសមត្ថភាពផ្នែកអាវុធរបស់ខ្លួនឡើយ។ តាមការបញ្ជាក់របស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បានបញ្ជាក់ថា ខ្លួនចាប់បានសញ្ញាយានហោះ ដែលត្រូវបានសន្មត់ថាជាមីស៊ីលបាលីស្ទីកចម្ងាយខ្លីចេញពីតំបន់Sunan ក្នុងក្រុងព្យុងយ៉ាង នៅម៉ោងប្រមាណ ៦ព្រឹក។ មីស៊ីលដែលត្រូវបាញ់នោះ មានប្រមាណ ១០គ្រាប់។ 
 
«យោធារបស់យើង បានពង្រឹងការឃ្លាំមើល និងប្រុងយប្រយ័ត្នចំពោះការបាញ់មីស៊ីលបន្ថែម ខណៈចែករំលែកព័ត៌មានពាក់ព័ន្ធមីស៊ីលបាលីស្ទីកកូរ៉េខាងជើងជាមួយអាជ្ញាធរអាម៉េរិក និងជប៉ុន»។ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះ នៅក្នុងសារទៅកាន់អ្នកសារព័ត៌មាន នៅថ្ងៃទី៣០ ខែឧសភា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
យ៉ាងណាមិញកូរ៉េខាងត្បូង មិនទាន់បានបញ្ចេញព័ត៌មានបន្ថែមនោះឡើយ ដោយព័ត៌មានមួយចំនួន ស្ថិតនៅក្នុងដំណើរការវិភាគ។ 
 
ការបាញ់មីស៊ីលជាច្រើនគ្រាប់បែបនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយកូរ៉េខាងជើង បានបង្ហោះប៉េតប៉ោង ដែលមានផ្ទុកសម្រាម និងលាមកសត្វចូលទៅក្នុងដីកូរ៉េខាងត្បូង៕ 
 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com