ជាតិ
ហេតុអ្វីទឹកស្ទឹងសៀមរាបកខ្វក់?
03, Jun 2024 , 7:59 am        
រូបភាព
ស្ទឹងសៀមរាបរងការបំពុលដោយស្លែ និងសំរាម
ស្ទឹងសៀមរាបរងការបំពុលដោយស្លែ និងសំរាម
សៀមរាប៖ ស្ថិតនៅកន្លែងទីប្រជុំជន ស្ទឹងសៀមរាបមានភាពទាក់ទាញខ្លាំង ទាំង រដូវប្រាំង និងវស្សា។ តាមសងខាងស្ទឹងសៀមរាប ក៏ជាកន្លែងកម្សាន្តដ៏ពេញនិយម សម្រាប់មនុស្សទូទៅផងដែរ។ យ៉ាងណា ភាពកខ្វក់នៃទឹកស្ទឹងនេះ ធ្វើឱ្យមហាជន រិះគន់អាជ្ញាធរ ចំពោះការគ្រប់គ្រងអនាម័យនៅបណ្តោយស្ទឹងពិសិទ្ធនេះ។

 
រុក្ខជាតិ និងស្លែតូចធំជាច្រើន បានកកស្ទើរពេញស្ទឹងសៀមរាប នារដូវប្រាំង។ ការណ៍នេះ ធ្វើឱ្យទឹកស្ទឹងសៀមរាប ដែលគេប្រដូចទៅនឹងស្ទឹងពិសិដ្ឋមានក្លិនស្អុយម្ដងម្កាលដែរ។ ជារឿយៗ គេតែងមានការរិះគន់ទៅអាជ្ញាធរ ថាមិនបានថែទាំបានល្អ ធ្វើឱ្យបាត់បង់សោភ័ណភាព ស្ទឹងមួយនេះ។ 
 
តើមានហេតុផលអ្វីខ្លះបានជាទឹកស្ទឹងសៀមរាបកខ្វក់? ចំណុចនេះលោក លី វណ្ណៈ នាយករដ្ឋបាល និងជាអ្នកនាំពាក្យខេត្តសៀមរាបពន្យល់ថា បញ្ហានេះកើតមានតែនៅរដូវប្រាំងប៉ុណ្ណោះ ដោយសារបរិមាណទឹកពីផ្នែកខាងលើមានតិច ដែលទាមទារ ឱ្យអាជ្ញាធរជាតិអប្សរា ត្រូវស្ដុកទុកសម្រាប់ការប្រើប្រាស់ក្នុងតំបន់ ដើម្បីធានាដល់និរន្តរភាពប្រាសាទ។ លោក វណ្ណៈ បន្ថែមថា បញ្ហានេះក៏ដោយសារក្រុមសម្អាតមានគ្នាតិច មិនគ្រប់តាមទំហំសម្អាត។ 
 
អាជ្ញាធរខេត្តសៀមរាបធ្លាប់បានចេញសេចក្ដីបំភ្លឺជុំវិញនៅឆ្នាំ២០២៣ ដោយអះអាងថា ការគ្មានទឹក និងមានស្លែរុក្ខជាតិដុះច្រើននេះ ព្រោះកំពុងអនុវត្តន៍គម្រោងស្ដារស្ទឹងសៀមរាប ដំណាក់កាលទី២ នៅប៉ែកខាងក្រោម។ ការណ៍នេះ ធ្វើឱ្យមានការបិទចរន្តទឹកហូរទាំងស្រុង។ រដ្ឋបាលខេត្តសៀមរាបបញ្ជាក់ គម្រោងនេះអនុវត្តន៍រយៈពេល២ឆ្នាំ ដែលគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤។ 
 
ចំណែកអ្នកជំនាញទឹកនៃអាជ្ញាធរជាតិអប្សរា លោក ឡៃ ប៉ូទី ពន្យល់ថា ទំនងដោយសារមានការបង្ហូរទឹកលូចូលក្នុងស្ទឹងនៅចំណុចខ្លះ ទើបធ្វើឱ្យទឹកនៅប៉ែកខាងក្រោមនេះកខ្វក់។ លោកបន្ថែមថា នៅប៉ែកខាងលើដូចជានៅស្ពានអង្គរជាដើម ទឹកស្ទឹង នេះមានភាពថ្លាល្អ ទោះកម្ពស់ទឹកនៅទាបក៏ដោយ។ ហេតុដូច្នេះហើយ ទើបកន្លង មកមានការរៀបចំស្ទឹងនេះ និងជម្លៀសពលរដ្ឋដែលរស់នៅសងខាងស្ទឹងចេញទៅនៅតំបន់ផ្សេង។ 
 
កន្លងមកបន្ទាប់ពីមានការរិះគន់ជុំវិញស្ទឹងនេះ អាជ្ញាធរខេត្តក៏បានចាត់ក្រុមការងារតាមសង្កាត់ និងអំពាវនាវឱ្យពលរដ្ឋចូលរួមសម្អាតស្ទឹងផងដែរ។ ប៉ុន្តែការងារនេះមិនបានជាប់លាប់ឡើយ គឺការសម្អាតម្ដងម្កាលនេះមិនអាចជួយឱ្យស្ទឹងសៀមរាបស្អាតឡើយ។ គេឃើញស្ទឹងនេះរៀងស្អាតបន្ដិចនៅពេលមានបុណ្យទានសំខាន់ៗ ដូចជាចូលឆ្នាំ បុណ្យអុំទូកជាដើម ដែលអាជ្ញាធរជាតិអប្សរាបង្ហូរទឹកពីខាងលើមក ដើម្បីឱ្យរដ្ឋបាលខេត្ត រៀបចំកម្មវិធីកម្សាន្តនានាជុំវិញស្ទឹងនេះ ដូចជា ការអុំទូក និងជិះទូកកម្សាន្តជាដើម។ 
 
យ៉ាងណា ប្រជាពលរដ្ឋរំពឹងថា ក្រោយការស្ដារស្ទឹងនេះរួចរាល់នៅចុងឆ្នាំនេះ ស្ទឹងសៀមរាបនឹងមានសោភ័ណភាពឡើងវិញ ហើយទឹកក៏លែងកខ្វក់ទៀតដែរ៕
 

Tag:
 ស្ទឹងសៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com