ជាតិ
សិស្សវិទ្យាល័យមួយក្រុម សហការគ្នាបង្កើតគំនូជីវចលបែបរឿងនិទានអប់រំ
02, Jun 2024 , 10:19 pm        
រូបភាព
ដោយ៖ តុប វណ្ណារ៉ា
 
ភ្នំពេញ៖ សិស្សវិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី កោះដាច់ ៣នាក់ ក្នុងនោះស្រី១នាក់ បានសហការគ្នាជាក្រុម គូរគំនូរជីវចល ជារឿងនិទានខ្លីៗបែបអប់រំ។ យុវជន សុភា សុខពិសិដ្ឋដែលជាប្រធានក្រុម បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ហេតុដែលពួកគេចាប់ផ្តើមផលិតគំនូរមានចលនារួមគ្នា ព្រោះសមាជិកក្រុមទាំងអស់ សុទ្ធតែស្រលាញ់ពេញចិត្តគំនូរមានចលនា ការររចនា ការច្នៃប្រឌិត។ ពួកគេទទួលបានការបណ្តុះបណ្តាលបន្ថែម រយៈពេល៦ខែ ពីមជ្ឈមណ្ឌលស្រាវជ្រាវការអប់រំ (E Robot) អំពីការផលិតវីដេអូគំនូរជីវចលនេះ។ ក្រៅពីនេះយុវជនសុភា សុខពិសិដ្ឋ ក៏មើលឃើញថា កុមារតូចៗបច្ចុប្បន្ន ភាគច្រើនចូលចិត្តមើលតុក្កតាក្នុងអ៊ីនធីណឺត  ទើបពួកគេសម្រេចចិត្តបង្កើត វីដេអូគំនូរជីវចលនេះឡើង ដោយបញ្ជូលទាំងភាពកំប្លុងកំប្លែង និងខ្លឹមសារអប់រំលាយឡំជាមួយគ្នាផង។

 
មានសមាជិក ៣នាក់ ប្រុស ២ ស្រី១ យុវជន សុភា សុខពិសិដ្ឋ វ័យ១៧ឆ្នាំ ជាប្រធានក្រុម រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗបន្តថា ក្នុងអំឡុងពេលសិក្សានៅមជ្ឈមណ្ឌលស្រាវជ្រាវការអប់រំ(E Robot) នៅដើមឆ្នាំ២០២៣ ពួកគេចាប់ផ្តើមបង្កើតជាក្រុម ដោយចាប់យកការផលិតវីដេអូគំនូរជីវចល ជាប្រភេទរឿងនិទានខ្លីៗ។
  
ដោយកើតចេញពីចិត្តស្រឡាញ់គំនូរបែបច្ចេកវិទ្យាដូចគ្នា  និងមើលឃើញថា វីដេអូគំនូរបែបជីវចលមានភាពទាក់ទាញ និងជាការនិយមចូលចិត្តរបស់កុមារតូចៗនាពេលបច្ចុប្បន្ន។ ជំរុញឱ្យក្រុមពិសិដ្ឋ បង្កើតស្នាដៃនេះដោយបញ្ចូល ខ្លឹមសា រអប់រំ ភាពកំប្លុងកំប្លែង ដើម្បីផ្តល់ការកម្សាន្ត និងជួយអប់រំកុមារតូចៗដោយប្រយោល។


រាប់ពីឆ្វេងរូបទី១ កុមារា សុភា សុខពិសិដ្ឋ រូបទី២ កុមារី ជា លីចីង រូបទី៣ កុមារា ធី ភារិទ្ធ 
 
យុវជន សុភា សុខពិសិដ្ឋ លើកឡើងដូច្នេះថា៖ «ការងារនេះត្រូវការ គំនិតច្នៃប្រឌិត ចំណេះដឹងលើការសរសេរកូដ ជាមួយការស្រឡាញ់ និងការតាំងចិត្តខ្ពស់ទើបអាចសម្រេចកិច្ចការមួយនេះបាន»។
 
ជាមួយគ្នានេះ ការលើកគាំទ្រពីលោកគ្រូអ្នកគ្រូ ក្រុមគ្រួសារ មិត្តភក្តិ ក៏ជាកតាលីករជំរុញឱ្យស្រឡាញ់ការងារនេះកាន់តែប្រសើរឡើង និងមានកម្លាំងចិត្តធ្វើដោយមិនរួញរា។
 
ក្រុមសិស្សវិទ្យាល័យទាំង ៣រូបនេះ ពន្យល់ពីដំណើរការមួយចំនួន ក្នុងការផលិតវីដេអូជីវចល នេះ ដែលមាន ៤ដំណាក់កាលធំ។ ដែលដំណាក់កាលទី១ ការងារដែលត្រូវធ្វើមុនគេគឺសរសេរជាសាច់រឿង ប្រភេទរឿងនិទាន អប់រំខ្លីៗ មានតួអង្គ និងការរៀបចំឈុតឆាក ធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញ រួបបញ្ជូលជាមួយជាមួយភាពកំប្លុងកំប្លែង និងគំនិតអប់រំ លាយឡំជាមួយផង។ «ដំណាក់កាលទី១ ក្រុមទាំងមូលនាំគ្នាធ្វើជាគ្រោងដំណើររឿង មានតួអង្គអ្វីខ្លះ មានឈុតឆាកអ្វីខ្លះ ធ្វើដូចម្តេចដើម្បីឱ្យសាច់រឿងរបស់យើងមានភាពទាក់ទាញ មានការអប់រំខ្លះ ឬពេលខ្លះមានភាពកំប្លុកកំប្លែងផង»។ នេះជាការពន្យល់របស់ យុវជន ពិសិដ្ឋ។
 

ស្នាដៃទី១ រឿងប្រជៀវ និងសេក
 
សិស្សថ្នាក់ទី១២រូបនេះ បន្តទៀតថាដំណាក់កាលទី២ ជាដំណាក់កាលត្រូវចំណាយរយៈពេលយូរ ព្រោះត្រូវគូររូប តួអង្គនីមួយៗឱ្យចេញជារូបរាង ដូចជារូបមនុស្ស សត្វ រុក្ខជាតិ និងវត្ថុផ្សេងៗ រូបខ្លះមានភាពស្មុគស្មាញ និងពិបាកគូរ។ កុមារាស្រឡាញ់គំនូររូបនេះ ត្អូញត្អែរថាដំណាក់កាលទី៣ ជាដំណាក់កាលលំបាកជាងគេ ដោយសារត្រូវចងកូដ ឱ្យតួអង្គនីមួយៗមានចលនា និងធ្វើយ៉ាងណា ឱ្យវីដេអូប្រព្រឹត្តមានភាពរលូនល្អ។
 
«ដំណាក់កាលចងកូដ ជាដំណាក់កាលលំបាកជាងគេ ដែលទាមទារឱ្យមានការជួយគ្នាច្រើន ការយកចិត្តទុកដាក់ និងតម្រូវយល់ឱ្យច្បាស់ ពីការចងកូដ ទើបវីដេអូដំណើរការ»។  យុវជន សុភា សុខពិសិដ្ឋ បញ្ជាក់ដូច្នេះ ហើយបន្តរៀបរាប់ពីដំណាក់កាលទី៤ ដែលជាការងារបញ្ចូលសំឡេងតួអង្គនីមួយៗក្នុងគំនូរ។ សម្រាប់ យុវជន សុភា សុខពិសិដ្ឋ ការបញ្ចូលសំឡេង ក៏ជាដំណាក់ពិបាកមួយដែរ ព្រោះបញ្ចូលរួចត្រូវកែសម្រួលឱ្យត្រូវទៅតាមអត្តចរិតតួអង្គ ដូចជាកាច ស្លូត កូនក្មេង មនុស្សចាស់ និងធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញ។


ស្នាដៃទី៣ ជីវប្រវត្ត ក្រមង៉ុយ
 
វីដេអូមួយក្រុមពិសិដ្ឋត្រូវចំណាយរយៈពេលចន្លោះពី ១ខែកន្លះ ទៅ ២ខែ ដោយឆ្លៀតពេលទំនេរពីការសិក្សាមកសហការគ្នាធ្វើ។ បច្ចុប្បន្ន ក្រុមពិសិដ្ឋផលិតវីដេអូគំនូរជីវចលនេះ បានចំនួន៣វីដេអូហើយ ដោយវីដេអូទី១ ជារឿងនិទានខ្លីបែបអប់រំ ចំណងជើង«ប្រជៀវ និងសេក», វីដេអូទី២ ជីវប្រវត្តិក្រមង៉ុយ និងវីដេអូទី៣ ជារឿងនិទានខ្លី ដែលមានចំណងជើង«ខ្យង និងទន្សាយ»។
 
វីដេអូដំបូងគេ ក៏ជាស្នាដៃដែលពួកគេស្រឡាញ់ជាងគេដែរ។ នេះបើតាមប្រធានក្រុម សុខពិសិដ្ឋ ដោយយុវជនរូបនេះបន្តថា៖ «ដោយសារវាជាស្នាដៃដំបូង ហើយលំបាកគូរខ្លាំងព្រោះទើបតែចាប់ផ្តើមរៀន និងជាស្នាដៃដែលបង្រៀនពួកយើង ឱ្យចេះធ្វើការជាក្រុម និងការចងចាំល្អៗជាច្រើន»។
 
បច្ចុប្បន្នក្រុមរបស់យុវជនសពិសិដ្ឋ រៀនដល់ថ្នាក់ទី១២ ដូច្នេះពួកគេផ្អាកគូរគំនូរជីវចលនេះមួយរយៈ ដើម្បីពង្រឹងសមត្ថភាព ត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិ។ ពួកគេ នឹងខំប្រឹងប្រែងរៀន ហើយប្រឡងយកនិទ្ទេស Aឱ្យបាន។ នេះជាការតាំងចិត្តរបស់យុវជនទាំង ៣នាក់។ ពួកគេនឹងផលិតគំនូរជីវចលបែបអប់រំបន្តទៀត ក្រោយប្រឡងរួច ដើម្បីរួមចំណែកជួយដល់ការរៀន និងកម្សាន្តរបស់កុមារ ព្រមទាំងបន្តពង្រឹងសមត្ថភាពបន្ថែមលើជំនាញនេះ។ ពួកគេ ក៏មានមហិច្ឆតា ផលិត ឬយកស្នាដៃគំនូរដែលផលិតរួមគ្នានេះ ចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនានា ទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ៕
 

Tag:
 កុមារ
  គំនូរជីចល
© រក្សាសិទ្ធិដោយ thmeythmey.com