ជាតិ
មន្ទីរពេទ្យកុមារអង្គរ រៀបចំបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីសង្គ្រោះជីវិតកុមារកម្ពុជា
03, Jun 2024 , 2:00 pm        
រូបភាព
ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បូីរៃអង្កាសថវិកា ជួយដល់មន្ទីរពេទ្យកុមារអង្គរ។ រូបភាព មន្ទីរពេទ្យកុមារអង្គរ៕
ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បូីរៃអង្កាសថវិកា ជួយដល់មន្ទីរពេទ្យកុមារអង្គរ។ រូបភាព មន្ទីរពេទ្យកុមារអង្គរ៕
ដោយ៖ អោត រត់ 

សៀមរាប៖ មន្ទីរពេទ្យកុមារអង្គរនឹងរៀបចំពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ក្នុងគោលបំណងរៃអង្គាសថវិកាទ្រទ្រង់ដល់ការថែទាំកុមារកម្ពុជា នៅក្នុងមន្ទីរពេទ្យកុមារអង្គរ។ ពិធី បុណ្យនេះ
នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ នៅវត្ដរាជបូណ៌ក្រុងសៀមរាប។ 
 
ជាឆ្នាំទី១១ហើយ ដែលមន្ទីរពេទ្យកុមារបានរៀបចំពិធីបុណ្យផ្កានេះពោលចាប់តាំងពីឆ្នាំ​២០១៣មក ដើម្បីរៃអង្គាសថវិកាជួយទ្រទ្រង់ដល់ប្រតិបត្ដិការនៃមន្ទីរពេទ្យកុមារអង្គរ និងការផ្ដល់សេវាថែទាំ ព្យាបាលដោយឯកទេស និងទូទៅដល់កុមារនៅទូទាំងប្រទេស។ 
 
នាយកមន្ទីរពេទ្យកុមារអង្គរ លោក ងួន ច័ន្ទភក្ត្រា លើកឡើងថាជារៀងរាល់ឆ្នាំមន្ទីរពេទ្យ តម្រូវការថវិកាសម្រាប់ប្រតិបត្តិការប្រមាណ៦លានដុល្លារអាម៉េរិក ដោយ៧០ភាគរយ​បាន​ពីសប្បុរសធម៌ក្រៅប្រទេស និង៣០ភាគរយទៀតបានពីសប្បុរសធម៌ក្នុងប្រទេស និង​ថវិកា​បានពីបុណ្យផ្កាប្រាក់សាមគ្គី។

 រូបភាព មន្ទីរពេទ្យកុមារអង្គរ

នេះបើតាមសេក្ដីប្រកាសព័ត៌មាន របស់មន្ទីរពេទ្យ​កុមារអង្គរ​។ ក្នុងសេចក្ដីប្រកាសព័ត៌មាន បានស្រង់សម្ដីលោកវេជ្ជបណ្ឌិត​ច័ន្ទភក្ត្រា ដូច្នេះ៖ «ថវិកាដែល​ទទួល​បានពីការរៀបចំពិធីបុណ្យផ្កាប្រាក់នេះ គឺជាចំណែកសំខាន់បំផុតក្នុងការជួយ សង្រ្គោះ​ជីវិតកុមារប្រកបដោយក្ដីមេត្ដា ករុណា និងគុណភាពខ្ពស់នៅក្នុងមន្ទីរពេទ្យ​កុមារ​អង្គរ»។ 
 
​លោកវេជ្ជបណ្ឌិតរូបនេះក៏បានអំពាវនាវ ដល់​សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ឱ្យចូល​រួម​ពិធី​បុណ្យ និងចូលរួមបរិច្ចាគថវិកាតាមសទ្ធា ឬជួយ​ផ្សាយដំណឹងពិធី​បុណ្យឱ្យកាន់តែទូលំទូលាយនៅតាមបណ្តាញសង្គមនានា។ 
  
 រូបភាព មន្ទីរពេទ្យកុមារអង្គរ

លោក​អ្នកនាង ដែលមានបំណង​ចូលរួមបរិច្ចាគថវិកាអាចទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទ ០៩៨ ៧២៥ ៧៤៥ និង ០១៧ ៧២៥ ៧៤៥ ឬតាមគណនី វីង។
 
គួរជម្រាបផងដែរថា មន្ទីរពេទ្យកុមារអង្គរគឺជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញមួយ បង្កើតឡើងដោយជនជាតិជប៉ុនតាំងពីឆ្នាំ ១៩៩៩ដែលគិតមកដល់សព្វថ្ងៃនេះ បានផ្តល់​សេវាពិនិត្យព្យាបាលកុមារបានជិត បីលានករណី និងបានផ្តល់ការបណ្តុះបណ្តាលនូវជំនាញ និងចំណេះដឹងដល់មន្ត្រីសុខាភិបាល សិស្សនិស្សិតវេជ្ជសាស្ត្រមកពីទូទាំងកម្ពុជារាប់រយនាក់ក្នុងមួយឆ្នាំៗ។ 
 
ក្រុមបុគ្គលិកមន្ទីរពេទ្យកុមារអង្គរក៏ចូលរួមធ្វើឲ្យមានភាពប្រសើរឡើងនូវសុខុមាលភាពប្រជាពលរដ្ឋនៅតាមសហគមន៍ក្នុងខេត្តសៀមរាប តាមរយៈការចុះអប់រំសុខភាព និង​ពង្រឹង​សមត្ថភាពមន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាពអ្នកស្ម័គ្រចិត្តសុខភាពភូមិ សិស្សានុសិស្ស គ្រូបង្រៀន និងប្រជាពលរដ្ឋបានរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ៕ 

Tag:
 ThmeyThmey
  មន្ទីរពេទ្យកុមារអង្គរ
  បុណ្យផ្កាសាមគ្គី
 
© រក្សាសិទ្ធិដោយ thmeythmey.com