កីឡាអន្តរជាតិ
អន្តរជាតិ
នាយករដ្ឋមន្ត្រីហ្វ៊ីជី Rabuka ឈ្នះមេដាយអត្តពលកម្មអន្តរជាតិ នៅអាយុ ៧៥ឆ្នាំ ![](https://image.thmeythmey.com/pictures/2024/06/05/5620241659front.jpg)
×![]()
នាយករដ្ឋមន្ត្រីហ្វ៊ីជី លោក Sitiveni Rabuka បានធ្វើឱ្យមានការភ្ញាក់ផ្អើលបន្ទាប់ពីដណ្តើមបានមេដាយសំរឹទ្ធកីឡាចោលដុំដែក នៅអាយុ ៧៥ឆ្នាំ ក្នុងការប្រកួតកីឡាអត្តពលកម្មអន្តរជាតិ។
មេដឹកនាំពិភពលោកដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡាមិនមែនជារឿងថ្មីនោះទេ ប៉ុន្តែអ្វីដែលគួរភ្ញាក់ផ្អើលនោះ គឺចូលរួមហើយ ថែមទាំងអាចដណ្តើមបានមេដាយពីការប្រកួតកម្រិតអន្តរជាតិថែមទៀត។
លោក Sitiveni Rabuka នាយករដ្ឋមន្ត្រីហ្វ៊ីជី ដែលធ្លាប់ជាទាហាន និងកីឡាករ និងបានចូលរួមប្រកួតប្រជែងឱ្យប្រទេសហ្វ៊ីជី ទាំងកីឡាបាល់ឱប និងអត្តពលកម្ម បានបញ្ចប់ចំណាត់ថ្នាក់លេខ៣ កីឡាចោលដុំដែក លើវិញ្ញាសាអាយុ ៧៥ឆ្នាំដល់៧៩ឆ្នាំ ក្នុងការប្រកួតជើងឯកអូសេអានី Oceania championships ដែលធ្វើឡើងនៅរដ្ឋធានីស៊ូវ៉ា ប្រទេសហ្វ៊ីជី ពីថ្ងៃទី១ ដល់ទី៨ ខែមិថុនា។
![](https://image.thmeythmey.com/pictures/2024/06/05/inside.jpg)
ក្រោយទទួលបានមេដាយសំរឹទ្ធ លោក Rabuka បានបង្ហោះលើទំព័រហ្វេសប៊ុកជាមួយមេដាយរបស់ខ្លួនថា៖«ទោះអាយុ៧៥ឆ្នាំក៏ដោយ ខ្ញុំសង្ឃឹមថានឹងជំរុញទឹកចិត្តយុវជនជំនាន់ក្រោយឱ្យបង្កើតទម្លាប់រក្សារាងកាយ និងសុខភាពឱ្យបានស្អាតល្អ»។
ក្នុងប្រវត្តិជាអ្នកកីឡា ក្រៅពីជាកីឡាករបាល់ឱប កាលពី៥០ឆ្នាំមុន នាយករដ្ឋមន្ត្រី Rabuka រូបនេះ ធ្លាប់តំណាងឱ្យហ្វ៊ីជី ចូលរួមប្រកួតកីឡា Commonwealth Games នៅនូវែលសេឡង់ ក្នុងឆ្នាំ ១៩៧៤។ កាលនោះលោក Rabuka ប្រជែងក្នុងប្រភេទកីឡាចោលដុំដែក ក្នុង៣ប្រភេទវិញ្ញាសា។
ក្នុងតំណែងជានាយករដ្ឋមន្ត្រីហ្វ៊ីជី តាមរយៈការបោះឆ្នោត អតីតមេទាហាន ដែលគេឱ្យរហស្សនាមថា «Rambo» រូបនេះ កាន់តំណែងពីរលើក ដោយលើកទី១ ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៩ និងលើកទីពីរ ពីឆ្នាំ ២០២២ ដល់សព្វថ្ងៃ៕
Tag:
Sitiveni Rabuka
អត្តពលកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com