កីឡាអន្តរជាតិ
អន្តរជាតិ
នៅអាស៊ីអាគ្នេយ៍ មានតែ៦ប្រទេសប៉ុណ្ណោះ ធ្លាប់ឈ្នះមេដាយអូឡាំពិក
09, Jun 2024 , 2:39 pm        
រូបភាព
កីឡាអូឡាំពិកក្រុងប៉ារីស ឆ្នាំ២០២៤ កាន់តែខិតជិតចូលមកដល់ សារព័ត៌មានឌីជីថលថ្មីៗ សូមបង្ហាញលោកអ្នកអំពីចំនួនប្រទេសនៅអាស៊ីអាគ្នេយ៍ដែលធ្លាប់ទទួលបានមេដាយពីព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកមួយនេះ។ ក្នុងចំណោម១១ប្រទេសនៅអាស៊ីអាគ្នេយ៍ មានតែ៦ប្រទេសប៉ុណ្ណោះធ្លាប់ដណ្តើមបានមេដាយកីឡាអូឡាំពិករដូវកាលក្តៅ ក្នុងនោះមានតែ៥ប្រទេសប៉ុណ្ណោះ ឈ្នះមេដាយមាស។



៦ប្រទេស ពីអាស៊ីអាគ្នេយ៍ដែលដណ្តើមបានមេដាយអូឡាំពិកមាន ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន វៀតណាម សិង្ហបុរី និងម៉ាឡេស៊ី។ ចំណោម៦ប្រទេសនេះ មានតែម៉ាឡេស៊ីប៉ុណ្ណោះដែលមិនធ្លាប់ឈ្នះមេដាយមាស។ ដោយឡែក កម្ពុជា ទីម័រខាងកតើ ឡាវ ព្រុយណេ និងមីយ៉ាន់ម៉ា នៅមិនទាន់ស្គាល់រសជាតិមេដាយអូឡាំពិកកម្រិតមួយណាឡើយ។
 
ចាប់តាំងពីបង្កើតព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ពីឆ្នាំ១៨៩៦មក ប្រទេសពីតំបន់អាស៊ីអាគ្នេយ៍ក្រសោបបានមេដាយសរុប ១០៩មេដាយ ក្នុងនោះមេដាយមាស២១ ប្រាក់៤០ និងសំរឹទ្ធ៤៨។ ថៃ រកបានមេដាយច្រើនជាងគេសរុប៣៥ មាស១០ ប្រាក់៨ និងសំរឹទ្ធ ១៧ តាមពីក្រោយដោយឥណ្ឌូណេស៊ី ដែលដណ្តើមបានមេដាយមាស៨ ប្រាក់១៤ និងសំរឹទ្ធ១៥ សរុប៣៧មេដាយ។
 
ហ្វីលីពីនឈរលេខ៣ ជាប្រទេសអាស៊ីអាគ្នេយ៍រកបានមេដាយច្រើនជាងគេចំនួន១៤មេដាយ ក្នុងនោះមាស១ ប្រាក់៥ និងសំរឹទ្ធ៨។ វៀតណាមឈរលេខ៤ រកបានមេដាយមាស១ ប្រាក់៣ និងសំរឹទ្ធ១ សរុប៥ និងសិង្ហបុរី ឈ្នះមេដាយមាស១ ប្រាក់២ និងសំរឹទ្ធ២ សរុប៥។ ម៉ាឡេស៊ី ដែលមិនធ្លាប់ឈ្នះមេដាយមាសនោះ ធ្លាប់ដណ្តើមបានមេដាយប្រាក់៨ និងសំរឹទ្ធ៥ សរុប១៣មេដាយ។
 
ដោយឡែក សហរដ្ឋអាម៉េរិក ជាប្រទេសដែលរកបានមេដាយអូឡាំពិកច្រើនជាងគេលំដាប់ពិពភលោក ចំនួន២៦២៩ ក្នុងនោះមាស១០៦១ ប្រាក់៨៣០ និងសំរឹទ្ធ៧៣៨ តាមពីក្រោយដោយរុស្ស៊ី ដែលឈ្នះមេដាយសរុប១៦២៤ មាស៦០៨ ប្រាក់៥១៥ និងសំរឹទ្ធ៥០១មេដាយ និងចំណាត់ថ្នាក់លេខ៣ អាល្លឺម៉ង់ ដែលឈ្នះមេដាយមាស៤៣៨ ប្រាក់៤៥៧ និងសំរឹទ្ធ៤៩១ សរុប១៣៨៦មេដាយ។ ចក្រភពអង់គ្លេស ចិន បារាំង អ៊ីតាលី ហុងគ្រី ជប៉ុន និងអូស្ត្រាលី ស្ថិតនៅចំណាត់ថ្នាក់បន្តបន្ទាប់ ក្នុងចំណោម១០ប្រទេស ដែលរកបានមេដាយអូឡាំពិករដូវកាលច្រើនជាងគេលើលោក៕ 

Tag:
 អូឡាំពិក
  Paris 2024
© រក្សាសិទ្ធិដោយ thmeythmey.com