RFI
អន្តរជាតិ
ប្រធានាធិបតី​ស៊ែរប៊ី ប្រកាស​ចម្រាញ់​ទាញ​យក ​រ៉ែ​លីចូម ​មកប្រើ ​នៅឆ្នាំ២០២៨
18, Jun 2024 , 8:29 am        
រូបភាព
ប្រធានាធិបតីស៊ែរប៊ី Aleksandar Vucic ប្រកាសទាញយក រ៉ែលីចូម មកប្រើ នៅឆ្នាំ២០២៨ REUTERS - Eduardo Munoz
ប្រធានាធិបតីស៊ែរប៊ី Aleksandar Vucic ប្រកាសទាញយក រ៉ែលីចូម មកប្រើ នៅឆ្នាំ២០២៨ REUTERS - Eduardo Munoz
ដោយ៖ហេង ឧត្តម/RFI ខេមរភាសា
 
បន្ទាប់ពីរងការរិះគន់​និងជំទាស់ជាខ្លាំង​ពី​អ្នកបរិស្ថាននិយម អស់ជាច្រើន​ឆ្នាំរួចមក​ ទីបំផុតទៅ ប្រធានាធិបតី​ស៊ែរប៊ី ប្រកាសឲ្យដឹងនៅថ្ងៃទី​១៦មិថុនា ​ថា​ ប្រទេស​របស់ខ្លួន​​អាច​​នឹង​ចម្រាញ់​ទាញ​យក ​រ៉ែ​លីចូម ​មកប្រើប្រាស់​ ​នៅឆ្នាំ២០២៨។ នេះបើតាម​បទសម្ភាស១របស់​ប្រមុខ​រដ្ឋ​ស៊ែរប៊ី ដែល​បាន​ផ្តល់​​ទៅ​ឲ្យ​​កាសែត​អង់គ្លេស​ Financial Times។​ ការប្រកាស​ដំណឹង​​ចម្រាញ់​រ៉ែនេះ ធ្វើឡើង​បន្ទាប់ពី​ក្រុម​ហ៊ុន​រ៉ែ​អូស្ត្រាលីនិងអង់គ្លេស​ បាន​ចេញ​របាយ​ការណ៍​​១​ស្តីពី​ផលប៉ះពាល់​ផ្នែក​បរិស្ថាន​ បណ្តាលមកពី​ឧស្សាហកម្មនីស្សារណកម្ម នៅ​ប៉ែក​ខាងលិច​ស៊ែរប៊ី​។​​​ ​



រដ្ឋាភិបាល​​ស៊ែរប៊ី  សហការជាមួយ​ក្រុម​ហ៊ុន​រ៉ែ​អូស្ត្រាលីនិងអង់គ្លេស ឈ្មោះ Rio Tinto Group បាន​ស្រាវជ្រាវ​រកឃើញ​ធនធានរ៉ែ​លីចូម នៅតំបន់ដែន​ដី​ Jadar ប៉ែក​​ខាងលិច​ប្រទេស កាលពីឆ្នាំ​២០០៤​។
 
២០ឆ្នាំមកហើយដែល ​​ស៊ែរប៊ី នៅតែ​ពុំទាន់​អាច​អាស្រ័យ​ផល​ពី​ធនធានរ៉ែលីចូម​ នោះ​បាន​នៅ​ឡើយទេ ព្រោះតែមាន​ការ​បដិសេធ​ជំទាស់​ជាខ្លាំង​ពី​ក្រុម​គណបក្ស​ប្រឆាំង និង​ក្រុម​អ្នក​បរិស្ថាន​និយម​។ ក្រុម​អ្នក​ជំទាស់​ទាំងនេះ បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​រារាំង​ជំទាស់​គម្រោង​រដ្ឋាភិបាល​និងក្រុម​ហ៊ុន​​បរទេស មិន​ឲ្យ​ចម្រាញ់​យក​រ៉ែលីចូម​នោះឡើយ ដោយ​សំអាង​ហេតុផល​បំផ្លាញ់​បរិស្ថាន​ធម្ម​ជាតិ​។​ មិនតែប៉ុណ្ណោះ ​ពួក​គេ​បាន​ចោទប្រកាន់​ ប្រធានាធិបតី​ស៊ែរប៊ី លោក Aleksandar Vucic និង​ក្រុមហ៊ុនរ៉ែ Rio Tinto ថា​លួច​ឃុបឃិតគ្នា​លាក់ការសម្ងាត់ ហើយ​និងមិនព្រម​ផ្សព្វផ្សាយ​របាយ​ការណ៍​​​សិក្សា​ឲ្យ​បាន​ហ្មត់ចត់​ ស្តីពី​ផលប៉ះពាល់​បរិស្ថាន ព្រោះតែ​ដំណើរការ​ចម្រាញ់​រ៉ែ​លីចូម។
 
ប្រឈម​មុខ​នឹង​បាតុកម្ម​ប្រឆាំងយ៉ាងខ្លាំងខ្លា​ពេញប្រទេស​ រដ្ឋាភិបាល​​ស៊ែរប៊ី  ក៏បាន​សម្រេចចិត្ត​លុប​ចោល​ចម្រាញ់​រ៉ែ​លីចូម​​​ នៅឆ្នាំ​២០២០។ ទើបតែពេលនេះ​ ប្រធានាធិបតី​​​ស៊ែរប៊ី   បាន​ប្រកាសឡើង​ជា​ថ្មី អំពី​ផែនការ​ចង់សម្រេច​ក្តីសន្យា​ ចម្រាញ់​យក​រ៉ែ​ នៅឆ្នាំ​២០២៨​។ លោក Aleksandar Vucic បញ្ជាក់​ថា​ ​ក្រុមហ៊ុនរ៉ែ Rio Tinto អាច​នឹង​ចម្រាញ់​រ៉ែលីចូម បាន​រហូត​ដល់​ ៥៨០ ០០០​ តោន​ នៅ​ក្នុង១ឆ្នាំៗ ដែល​វា​ស្មើ​នឹង​១៧% នៃ​ដំណើរការ​ផលិត​រថយន្ត​អគ្គិសនី​របស់អឺរ៉ុប​ ឬក៏​អាច​ថា ប្រហែលជា​សម្រាប់​ផលិត​រថយន្តអគ្គិសនី​បាន​ ១,១ លា​នគ្រឿង។
 
ទន្ទឹមគ្នា​នេះ​​ ក្នុង​របាយការណ៍​រាប់​រយ​ទំព័រ ផ្សាយ​នៅ​ដើម​ខែមិថុនានេះ​​ ​ក្រុមហ៊ុនរ៉ែ Rio Tinto បាន​សន្យា​​កា​ត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន​ឲ្យ​បាន​ច្រើន​បំផុត និង​គិតគូរ​ឲ្យ​បាន​ហ្មត់ចត់​ចំពោះ​កាក់សំណល់​នៅក្នុង​ដំណើរការ​ចម្រាញ់​រ៉ែលីចូម លើ​ផ្ទៃដី ២២០ ហិកតា​។​
 
មុន​សម្រេចបង្ហើប​គម្រោង​ការទាញយករ៉ែ​នៅឆ្នាំ​២០២៨​​ រដ្ឋាភិបាល​​​​ស៊ែរប៊ី បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុម​ប្រឹក្សា​​​សហភាព​អឺរ៉ុប កាលពីឆ្នាំទៅមិញ ស្តីពី​កិច្ចសហការ​ជាយុទ្ធសាស្ត្រ​លើ​វិស័យ​រ៉ែវត្ថុធាតុ​ដើម​និង​រ៉ែលីចូម។​
 
រ៉ែលីចូម ជាវត្ថុធាតុដើម ត្រូវ​ការ​ចាំបាច់​ សម្រាប់​​ផលិត​អាគុយ​រថយន្ត​អគ្គិសនី​ ថ្មពិល ថ្មសាក​ទូរសព្ទដៃ និងគ្រឿង​អេឡិចត្រូនិច​ជាច្រើន​ទៀត​។​ ក្នុង​វិស័យ​ឱសថ​ ក៏ត្រូវ​ការ​រ៉ែលីចូម នេះដែរ។​ ក្នុង​ពិភពលោកយើង​នេះ​ ប្រទេស​ស៊ីលី អាក់ហ្សង់ទីន​ ចិន និងអូស្ត្រាលី ​បាន​រកឃើញ​រ៉ែ​លីចូម​ច្រើន​នៅលើទឹកដីរបស់ខ្លួន​​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com