កីឡាអន្តរជាតិ
អន្តរជាតិ
ក្រូអាស៊ី ត្រូវការពិន្ទុពីអាល់បានី មុនម្ចាស់ផ្ទះអាល្លឺម៉ង់ស្វាគមន៍ហុងគ្រី និងស្កុតឡែន ជួបស្វ៊ីស
19, Jun 2024 , 5:29 pm        
រូបភាព
ព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ Euro 2024 ឈានចូលដល់ជុំទីពីរវគ្គចែកពូល ដោយ ៣គូ នឹងមានការប្រកួតនារាត្រីថ្ងៃទី១៩ មិថុនា។ ជំនួបពូល B ក្រូអាស៊ី ស្រេកឃ្លានជ័យជម្នះខ្លាំងនៅពេលប៉ះអាល់បានី វេលាម៉ោង ៨យប់ មុនពេលការប្រកួតពូល A រវាងម្ចាស់ផ្ទះអាល្លឺម៉ង់ ត្រូវស្វាគម៍ភ្ញៀវហុងគ្រី ម៉ោង ១១យប់ និងស្កុតឡែន ប៉ះស្វ៊ីស ម៉ោង ២យប់ រំលងអាធា្រត្រ (ម៉ោងនៅកម្ពុជា)។



កាលពីជុំទី១ វគ្គចែកពូល ដែលការប្រកួតចំនួន ១២ បានបញ្ចប់ផុតទៅដោយមានរឿងរ៉ាវអស្ចារ្យជាច្រើន និងកំណត់ត្រាកើតឡើងជាច្រើន ពេលនេះបន្តចូលការប្រកួតជុំទី២ វគ្គចែកពូល ដោយក្រុមមួយចំនួន ត្រូវបានពិន្ទុចាំបាច់ក្រោយបរាជ័យជុំទី១ ខណៈក្រុមដែលឈ្នះកន្លងមក ក៏រំពឹងបន្តធ្វើបានល្អ។
 
ជំនួបក្រូអាស៊ី ប៉ះអាល់បានី

ក្រូអាស៊ី នឹងប្រជែងដណ្តើមពិន្ទុដ៏សំខាន់ទល់នឹងអាល់បានី ក្នុងកីឡដ្ឋាន Volkspark វេលាម៉ោង ៨យប់។ 
ក្រូអាស៊ី ដែលចាញ់ការប្រកួតក្រោមថ្វីជើងអេស្ប៉ាញ លទ្ធផល ៣-០ កាលពីជុំទី១ កំពុងចិញ្ចឹមចិត្តចង់បាន ៣ពិន្ទុ ត្រឡប់មកវិញក្នុងជំនួបពូល B ទល់នឹងអាល់បានី ដែលចាញ់ការវាយបករបស់អ៊ីតាលីដូចជាកាលជុំទី១ ដូចគ្នា។ ក្រូអាស៊ី ទោះជាមានទម្រង់លេងសម្រុកគ្រាន់បើកាលប៉ះអេស្ប៉ាញ ប៉ុន្តែការភ្លាត់ស្នៀតត្រង់តំបន់ការពារ ទាមទារឱ្យពួកគេកែតម្រូវនៅក្នុងជំនួបទល់អាល់បានី។
  


អាល់បានី កាលប៉ះអ៊ីតាលី ក៏ជាក្រុមមួយមិនអាចមើលស្រាលបាន ដោយពួកគេក៏មិនមែនជាក្រុមដែលប្រើទម្រង់ទប់សុទ្ធសាត់នោះឡើយ។ អាល់បានីជាក្រុមរកបានគ្រាប់បាល់លឿនជាងគេប្រចាំការប្រកួតត្រឹមតែ ២៣វិនាទី។ ទាំងពីរក្រុមនេះ មិនធ្លាប់មានប្រវត្តិជួបគ្នាកាលពីមុនមកឡើយ ខណៈដែលការជួបគ្នានេះគឺជាលើកដំបូងតែម្តង ខណៈក្រុមទាំងសងខាង សុទ្ធសឹងតែជួបបញ្ហាកីឡាករសំខាន់មួយចំនួន រងរបួសមិនអាចជួយក្រុមដូចគ្នា។
 
ម្ចាស់ផ្ទះអាល្លឺម៉ង់ ស្វាគមន៍ហុងគ្រី


ជំនួបទី១៤ ប្រចាំព្រឹត្តិការណ៍ Euro 2024 ម្ចាស់ផ្ទះអាល្លឺម៉ង់ ដែលធ្វើបានល្អខ្លាំងក្នុងការប្រកួតបើកឆាក លត់ស្កុតឡែន ៥-១ នឹងបន្តដំណើរការប្រកួតរបស់ខ្លួន ទទួលស្វាគមន៍ភ្ញៀវហុងគ្រី ក្នុងកីឡដ្ឋាន MHP Arena វេលាម៉ោង ១១យប់។
  


មុនការប្រកួតមកដល់គ្រូបង្វឹកអាល្លឺម៉ង់លោក Julian Nagelsmann បានបង្ហាញក្តីរំពឹងថាក្រុមនឹងបន្តធ្វើបានល្អក្នុងការប្រកួតទល់ហុងគ្រី ដូចកាលដែលក្រុមបានបំបាក់ស្កុតឡែនជាមួយលទ្ធផលដ៏សន្ធឹកសន្ធាប់។ អាល្លឺម៉ង់ និងហុងគ្រី កន្លងមកក៏ស្ថិតក្នុងនាមជាក្រុមគូប្រជែងគ្នាមួយដែរ ដោយកន្លងមកក្រុមទាំង ២នេះ ប៉ះគ្នារហូតដល់ ៣៧ប្រកួត ប៉ះគ្នាញឹកញ៉ាប់ខ្លាំង ក្រុមរហស្សនាមឥន្ទ្រីដែកយកឈ្នះបាន ១៣លើក ចំណែកហុងគ្រីឈ្នះ ១២លើក។
 
យ៉ាងណាអាល្លឺម៉ង់ក្នុងការប្រកួតលើកនេះ ពួកគេបានបង្ហាញទម្រង់លេងបានយ៉ាងល្អ ដោយក្រុមបង្ហាញវត្តមានកីឡាករវ័យក្មេងមានសមត្ថភាព កំពុងធ្វើព្យុះភ្លៀងខ្លាំងក្នុងការប្រកួត។ ហុងគ្រី កន្លងមកបានចាញ់ការប្រកួតក្រោមថ្វីជើងស្វ៊ីស លទ្ធផល ៣-១ ជាលទ្ធផលដ៏ខកចិត្តមួយផងដែរ។
  


ស្កុតឡែនបន្តដំណើរដោយប៉ះស្វ៊ីស

ក្រុមជម្រើសជាតិស្កុតឡែន នឹងត្រូវបន្តដំណើរតទល់ជាមួយនឹងក្រុមស្វ៊ីស ក្នុងកីឡដ្ឋាន RheinEnergie វេលាម៉ោង ២យប់ រំលងអាធា្រត្រ (ម៉ោងនៅកម្ពុជា)។ ស្កុតឡែនក្រុមលំដាប់បាតតារាង ខណៈស្វ៊ីសជាក្រុមលេខ ២។
 
ចាញ់ការប្រកួតបើកឆាកទល់អាល្លឺម៉ង់ ស្កុតឡែនបានជួបរឿងបរាជ័យដ៏ធំបំផុតប្រចាំប្រវត្តិសាស្ត្រខ្លួនជាលើកទី២ នៅក្នុងការប្រកួតអន្តរជាតិ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Steve Clarke។ កាលពីការប្រកួតឆ្នាំ ២០២១ ស្កុតឡែន ជាក្រុមបញ្ចប់ចំណាត់ថ្នាក់បាតតារាង ដោយរកបានត្រឹម ១ពិន្ទុ ពីពូល D។
 
ស្កុតឡែនមកប៉ះស្វ៊ីស ការប្រកួតទី២ លើកនេះក៏នឹងក្លាយជារឿងដ៏ពិបាកបំផុតសម្រាប់ពួកគេ ខណៈស្វ៊ីសក៏កំពុងតែបង្ហាញទម្រង់លេងល្អខ្លាំងដូចគ្នា កាលពីប៉ះហុងគ្រី។ រវាងស្កុតឡែន និងស្វ៊ីស ធ្លាប់បានជួបគ្នាចំនួន ១៦លើក រួចមកហើយ ដោយស្វ៊ីសបានយកឈ្នះការប្រកួតចំនួន ៨លើក ប៉ុន្តែក្រុមទាំង ២ ខកខានជួបគ្នាចាប់តាំងពីឆ្នាំ ២០០៦ មក ដែលជាការជួបលើកចុងក្រោយបង្អស់ ដោយកាលនោះស្វ៊ីសឈ្នះលទ្ធផល ៣​-១៕

Tag:
 Euro 2024
  អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com