រយៈពេល៥ខែ ឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ២,៦៤លាននាក់។ ក្នុងចំណោមនោះ ទេសចរថៃ និងវៀតណាមមានចំនួន១,២លាននាក់ ខណៈចិនឈរនៅលេខ៣ មានចំនួន៣២ម៉ឺននាក់។
យោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍ ចាប់ពីខែមករា ដល់ឧសភា កម្ពុជាទទួលបានភ្ញៀវទេសចរសរុប១១,៤២លាននាក់ ក្នុងនោះភ្ញៀវបរទេសមានចំនួន២,៦៤ លាននាក់ កើនឡើង២២ភាគរយ និងទេសចរជាតិ ចំនួន៨,៧៨លាននាក់ កើនឡើង៧ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣។ ក្នុងរយៈពេលដដែលនេះ មានពលរដ្ឋកម្ពុជាចេញទៅកម្សាន្តក្រៅប្រទេស៧៤ម៉ឺននាក់ កើនឡើងជិត៣ភាគរយ។
បច្ចុប្បន្ន ទីផ្សារទេសចរណ៍សំខាន់ៗរបស់កម្ពុជាមាន ១០ប្រទេស ក្នុងនោះថៃ ឈរលើគេមានចំនួន ៧៧០,៣៧១នាក់, វៀតណាមឈរលេខ២ ដែលមានចំនួន ៥២៨,២៥២នាក់។ ចំណែក ចិនដែលធ្លាប់ឈរកំពូលតារាង មុនវិបត្តិកូវីដ-១៩ បានធ្លាក់មកចំណាត់ថ្នាក់លេខ៣វិញ មានចំនួន ៣២៦,០០៣នាក់, ឡាវ ១៥៤,០២០នាក់, អាមេរិក ៩៥,៦១៦នាក់, កូរ៉េខាងត្បូង ៨៩,០៩៣នាក់, ឥណ្ឌូណេស៊ី ៦៧,៦៧១នាក់, បារាំង ៦០,៥០៤នាក់, អង់គ្លេស ៥៦,០៨១នាក់ និងជប៉ុនក្រោមគេ មានចំនួន ៤៦,៤១៧នាក់។
លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មី នៅថ្ងៃទី ២០ ខែមិថុនានេះថា មូលហេតុដែលភ្ញៀវទេសចរថៃ និងវៀតណាម មកកម្សាន្តកម្ពុជាច្រើនជាង ដោយសារតែជិតគ្នា ងាយស្រួលធ្វើដំណើរ និងចំណាយតិច។ ដោយឡែក និន្នាការទេសចរចិនវិញ បានធ្លាក់ចុះ ធៀបនឹងមុនវិបត្តិកូវីដ-១៩ ដោយសារតែសព្វថ្ងៃ រដ្ឋាភិបាលចិនបានជំរុញឱ្យពលរដ្ឋគេ ចាប់យកដំណើរកម្សាន្តក្នុងស្រុកឱ្យបានច្រើន ជាងការចេញក្រៅប្រទេស។
លោក ប្រាប់ដូច្នេះថា៖«និន្នាការទេសចរណ៍បច្ចុប្បន្ននេះ គឺទាក់ទងទៅនឹងការចំណាយ ដូច្នេះ ទេសចរជិតមកពីប្រទេសជិតខាងមានចំនួនច្រើនជាងគេ ដោយសារជិត ងាយស្រួលធ្វើដំណើរ និងចំណាយតិច។ បច្ចុប្បន្ន ទេសចរចិន ក៏មិនទាន់បានចំនួនច្រើនដែរ ធៀបនឹងមុនវិបត្តិកូវីដ-១៩។ ម្យ៉ាងវិញ ខាងចិន កំពុងជំរុញឱ្យពលរដ្ឋដើរលេងក្នុងប្រទេសឱ្យបានច្រើនជាងចេញក្រៅ។ ដូច្នេះ យើងឃើញថា ចំនួនទេសចរចិនមុនកូវីដ-១៩ ធ្លាប់តែឈរលើគេ ប៉ុន្តែ ឥឡូវនៅចំណាត់ថ្នាក់ទី៣»៕