កីឡាអន្តរជាតិ
អន្តរជាតិ
Yamal មិនចោលការសិក្សា ទោះជាប់ភារកិច្ចជួយអេស្ប៉ាញប្រជែង Euro 2024
20, Jun 2024 , 9:59 pm        
រូបភាព
Lamine Yamal តារាបាល់ទាត់វ័យក្មេងរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ នៅតែប្រឹងប្រែងធ្វើកិច្ចការងារសាលានៅពេលយប់ បើទោះជាប់ភារកិច្ចជួយក្រុមប្រកួតប្រជែងពានរង្វាន់ Euro 2024 នៅអាល្លឺម៉ង់។



មិនដូចក្មេងប្រុសដទៃស្ថិតក្នុងប្រទេសតំបន់អឺរ៉ុប ដែលត្រៀមខ្លួនសម្រាប់ធ្វើដំណើរកម្សាន្តនាថ្ងៃឈប់សម្រាកក្នុងរដូវក្តៅ ប៉ុន្តែខ្សែប្រយុទ្ធស្លាប ត្រឹមវ័យ ១៦ឆ្នាំ ទទួលបានបន្ទុកការងារដ៏ធំ សម្រាប់ប្រទេសអេស្ប៉ាញនៅជើងឯកអឺរ៉ុប។ 
 
កីឡាករវ័យក្មេងរបស់ក្រុម Barcelona បានបង្ហាញខ្លួនលេងជាមួយភាពអស្ចារ្យយ៉ាងខ្លាំង ស្ទើរតែពេញមួយរដូវកាលឱ្យក្រុមរហស្សនាមអ្នកមានបុណ្យ រហូតធ្វើឱ្យជម្រើសជាតិអេស្ប៉ាញ ចាប់អារម្មណ៍នឹងកោះហៅរូបគេចូលជម្រើសជាតិ។ មកដល់ពេលនេះ Yamal លេងបាន ៨ប្រកួត ហើយសម្រាប់ក្រុមអេស្ប៉ាញ។ ជាប់កាតព្វកិច្ចក្នុងក្រុមជម្រើសជាតិ តែ Yamal នៅតែមិនចោលការងារសាលា។
  


មូលហេតុចម្បងដែល Yamal មិនបានបោះបង់ការសិក្សា នោះគឺមុនពេលធ្វើដំណើរមកកាន់ការប្រកួត រូបគេធ្លាប់បានអះអាងប្រាប់អ្នកកាសែតថា គេបានសន្យាថានឹងធ្វើឱ្យគ្រូបង្រៀនគេរីករាយចំពោះការសិក្សារបស់គេ ក៏ដូចជាការធ្វើកិច្ចការសាលា ដែលគ្រូបានដាក់ឱ្យ អំឡុងបេសកកម្ម Euro 2024។ 
 
ទៅលើការសិក្សានេះទៀតសោត កាលពី Yamal មិនទាន់ចូលរួមជាកីឡាករបាល់ទាត់អាជីព រូបគេធ្លាប់បាននិយាយប្រាប់ទៅកាន់កាសែតអេស្ប៉ាញដូច្នេះថា៖«ខ្ញុំធ្លាប់បានមើលការប្រកួត Euro ដោយបានផ្តេកខ្លួនលើសាឡុងជាមួយម្តាយខ្ញុំ។ ខ្ញុំបានសន្យាថា ខ្ញុំមិននៅទីនេះដើម្បីដើរលេងនោះទេ ប៉ុន្តែគឺបង្កើតប្រវត្តិសាស្ត្រ ហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងធ្វើដំណើរបានឆ្ងាយក្នុងព្រឹត្តិការណ៍ Euro 2024។ ដូច្នេះនៅពេលខ្ញុំទស្សនាការប្រកួតលើទូរទស្សន៍ ខ្ញុំតែងតែយកការងារសាលារបស់ខ្ញុំមកធ្វើ។ ខ្ញុំត្រូវមានថ្នាក់រៀនតាមប្រព័ន្ធអនឡាញ ហើយខ្ញុំត្រូវធ្វើឱ្យល្អ ខ្ញុំសង្ឃឺមថាគ្រូរបស់ខ្ញុំ នឹងទទួលបានកិច្ចការរបស់ខ្ញុំ។»។
  


កាលពីការប្រកួតរវាងក្រុមអេស្ប៉ាញ យកឈ្នះលើក្រុមក្រូអាស៊ី លទ្ធផល ៣-០ កីឡាករក្មេងជាងគេជាកំណត់ត្រា ក្នុងព្រឹតិ្តការណ៍អឺរ៉ុបរូបនេះ បានក្លាយជាកម្លាំងដ៏សំខាន់មួយក្នុងក្រុម។

រូបគេក៏នឹងត្រៀមខ្លួនសម្រាប់ការប្រកួតទល់នឹងក្រុមអ៊ីតាលី បន្តទៀត​ សម្រាប់ជំនួបវគ្គសន្សំពិន្ទុជុំទី២ ពូល B នៅរាត្រីថ្ងៃទី២០ ខែមិថុនា៕
 

Tag:
 Lamine Yamal
  Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com