កីឡាអន្តរជាតិ
អន្តរជាតិ
លោក Scaloni៖ អ្នកគាំទ្រអាហ្សង់ទីន រីករាយចំពោះវត្តមានខ្ញីចាស់ Messi និង Di Maria
20, Jun 2024 , 5:59 pm        
រូបភាព
លោក Lionel Scaloni គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន ផ្តាំអ្នកគាំទ្រអាហ្សង់ទីនទាំងអស់ថា គួរតែចំណាយពេលរីករាយចំពោះពេលវេលាដែលនៅសល់របស់ខ្សែប្រយុទ្ធ Lionel Messi និង Angel Di Maria ស្ថិតក្នុងការប្រកួត Copa America។ Copa America ឆ្នាំ ២០២៤ ទំនងជាការប្រកួតលើកចុងក្រោយរបស់តារាបាល់ទាត់អាហ្សង់ទីនទាំង ២រូប។



ស្ថិតក្នុងសន្និសីទកាសែតមុនការប្រកួតពានរង្វាន់ Copa America សម្រាប់ជំនួបបើកឆាកទល់កាណាដា លោក Scaloni បានប្តេជ្ញាចិត្តថានឹងជួយក្រុមអាហ្សង់ទីនឱ្យឈ្នះពានរង្វាន់អន្តរជាតិជាថ្មីម្តងទៀត បន្ទាប់ពីការឈ្នះពាន Copa កាលពីឆ្នាំ ២០២១ និង World Cup ឆ្នាំ ២០២២ រួចមក។ ប្រសិនបើអាហ្សង់ទីនឈ្នះពានជាថ្មីម្តងទៀត នោះពួកគេក៏ក្លាយជាក្រុមមកពីតំបន់ទ្វីបអាមេរិកខាងត្បូងដំបូងគេ ដែលឈ្នះពានរង្វាន់អន្តរជាតិ ៣លើក ជាប់គ្នា។
 
ស្ថិតក្នុងកិច្ចសន្និសីទកាសែតនោះទៀតសោត លោក Scaloni ថែមទាំងដាស់តឿនអ្នកគាំទ្រថាឱ្យរីករាយចំពោះពេលវេលា នៃវត្តមានរបស់ Messi និង Di Maria ក្នុងការប្រកួតលើកនេះ។
 
«យើងខ្ញុំតែដំណើរការគម្រោងក្នុងជម្រើសជាតិ។ ការរក្សាស្ថេរភាព និងការស្វែងរកពានរង្វាន់ គឺជាអ្វីដែលត្រូវរីករាយជាមួយច្រើនបំផុត។ សម្រាប់ពួកគេទាំង ២រូប វិញ វាពិតជាកិត្តិយសសម្រាប់ខ្ញុំ ដែលបានឃើញពួកគេហ្វឹកហាត់ និងលេងក្នុងក្រុម និងអ្វីដែលពួកគេបានផ្តល់ទៅកាន់ក្រុម។ ខ្ញុំមិនបារម្ភពីអនាគតរបស់​ Messi និង Di Maria ឡើយ រឿងនេះគ្មានអ្វីត្រូវគិតនោះទេ នៅពេលដែលពួកគេបានចាកចេញទៅ ដូច្នេះគួរតែរីករាយជាមួយនឹងពួកគេនៅពេលនេះ យើងនឹងចាំមើលថានឹងមានអ្វីកើតឡើងនៅពេលខាងមុខ។»។



ស្ថិតក្នុងការប្រកួត Copa America ដែលនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែមិថុនា ទៅជាមួយនឹងវត្តមានរបស់ Messi ស្ថិតក្នុងជម្រើស ១១នាក់ ដំបូងឱ្យអាហ្សង់ទីន នោះរូបគេនឹងបានក្លាយជាកីឡាករដែលបំបែកកំណត់ត្រាជាកីឡាករ បង្ហាញខ្លួនច្រើនជាងគេបង្អស់ក្នុងព្រឹត្តិការណ៍ Copa America។ Messi បង្ហញខ្លួនក្នុង Copa America ចំនួន ៣៤ប្រកួត ចាប់តាំងពីឆ្នាំ ២០០៧ មក ហើយ Di Maria លេងបាន​ ២៣ប្រកួត។ 
 
Angel Di Maria ក៏ធ្លាប់បានប្រកាសថា រូបគេនឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិ បន្ទាប់ពីចប់ភារកិច្ច Copa America ឆ្នាំ ២០២៤ បញ្ចប់ទៅ។ Messi មកដល់ពេលនេះ បន្តស្ថិតនៅភាពមិនច្បាស់លាស់ ខណៈ World Cup 2026 រូបគេអាចនឹងបន្តមានវត្តមាន។
 
អាហ្សង់ទីន នឹងបន្តការប្រកួតទល់នឹងក្រុមស៊ីលី នៅថ្ងៃទី២៥ ខែមិថុនា បន្ទាប់ពីការប្រកួតបើកឆាកទល់កាណាដា ក្នុងវគ្គចែកពូលរួច ហើយនឹងទៅប៉ះប៉េរូ នៅថ្ងៃទី២៩ ខែមិថុនា៕
 

Tag:
 Lionel Scaloni
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com