ជាតិ
សង្គមអន្តរជាតិ
លោកត្រាំសន្យាផ្តល់កាតបៃតងដល់និស្សិតបរទេសសិក្សានៅអាម៉េរិក អតីតប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងនៅព្រឹត្តិការណ៍យុទ្ធនាការមួយក្នុងទីក្រុង New York កាលពីថ្ងៃទី២៣ ខែឧសភា។ រូបភាព ៖ AFP
× អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា និស្សិតបរទេសដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនៅអាម៉េរិក គួរតែត្រូវបានផ្តល់កាតបៃតងដោយស្វ័យប្រវត្តិ ដោយបង្កើតលក្ខខណ្ឌសម្រាប់ការស្នាក់នៅក្នុងប្រទេសនេះ។
ការចង់ទៅរស់នៅអាម៉េរិក ជារឿងដែលពិបាកក្នុងការទទួលបានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ដោយសារមានប្រជាជនមកពីបណ្តាប្រទេសជាច្រើនចង់ទៅរស់នៅទីនោះ។ យ៉ាងណាមិញ លោក ដូណាល់ ត្រាំ បានលើកឡើងពីគំនិតផ្តល់កាតបៃតងដល់និស្សិតបរទេសបញ្ចប់ការសិក្សានៅអាម៉េរិក ដើម្បីចូលរួមអភិវឌ្ឍប្រទេសនេះ មុនការបោះឆ្នោតប្រធានាធិបតី នៅខែវិច្ឆិកា។
«នៅពេលអ្នកបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ ខ្ញុំគិតថាអ្នកគួរតែទទួលបានកាតបៃតងជាមួយនឹងសញ្ញាបត្ររបស់អ្នក ដូច្នេះអ្នកអាចស្នាក់នៅក្នុងប្រទេសនេះបាន»។ លោក ត្រាំ បានបញ្ជាក់បែបនេះនៅក្នុងកម្មវិធី podcast «All-In» រៀបចំដោយវិនិយោគិនបច្ចេកវិទ្យាមកពី Silicon Valley នៅថ្ងៃទី២០ ខែមិថុនា។
ប័ណ្ណបៃតង ឬប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ អនុញ្ញាតឱ្យអ្នកប្រើប្រាស់មានសិទ្ធិរស់នៅ និងធ្វើការជាអចិន្ត្រៃយ៍នៅក្នុងអាម៉េរិក ហើយក៏ជាផ្លូវសម្រាប់ជ្រើសសញ្ជាតិអាម៉េរិក។
លោក ត្រាំ បានបញ្ជាក់ថា ៖«មិនថាអ្នកណាដែលបញ្ចប់ការសិក្សាបន្ទាប់ពីរៀនបាន ២ ឬ ៤ឆ្នាំនៅអាម៉េរិក ឬទទួលបានបណ្ឌិតនៅសាកលវិទ្យាល័យនៅទីនេះ អ្នកអាចស្នាក់នៅក្នុងប្រទេសនេះបាន»។
យ៉ាងណាមិញ មិនច្បាស់ទេថាតើលោក ត្រាំ សំដៅលើជនបរទេសទាំងអស់នៅអាម៉េរិក រួមទាំងអ្នកដែលមកអាម៉េរិកដោយខុសច្បាប់ ឬស្នាក់នៅហួសទិដ្ឋាការ ឬគ្រាន់តែជាអ្នកដែលទទួលទិដ្ឋាការនិស្សិតនៅក្នុងប្រទេសនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ការលើកគំនិតបែបនេះ ជាបរិបទមួយនៃការផ្លាស់ប្តូរជំហររបស់លោក ត្រាំ កន្លងមកដែលតឹងរ៉ឹងលើជនអន្តោប្រវេសន៍រស់នៅអាម៉េរិក។ អំឡុងពេលកាន់តំណែងនៅសេតវិមាន លោក ត្រាំ បានព្យាយាមសាងសង់ជញ្ជាំងនៅតាមព្រំដែនភាគខាងត្បូងជាមួយម៉ិកស៊ិក ដើម្បីការពារជនអន្តោប្រវេសន៍មិនឱ្យចូលអាម៉េរិក។
លើសពីនេះ លោក ត្រាំ និងក្រុមជំនួយការបានពិភាក្សាច្រើនអំពីការធ្វើគោលនយោបាយនាពេលអនាគត ប្រសិនបើជាប់ឆ្នោតឡើងវិញ។ កន្លងមក បេក្ខជនប្រធានាធិបតីមកពីបក្សសាធាររដ្ឋរូបនេះ បានពិចារណាលើសំណើជាច្រើន ដូចជាការស្ដារឡើងវិញនូវការហាមឃាត់ការចូលសញ្ជាតិពីប្រទេសមូស្លីម និងការបង្ក្រាបជនអន្តោប្រវេសន៍ដែលគ្មានឯកសារព្រមទាំងបង្កើតការឃុំខ្លួនជនភៀសខ្លួនធំ នៅជំរំជិតព្រំដែនភាគខាងត្បូង។ បន្ថែមពីនេះ លោកក៏បានពិចារណាផងដែរអំពីការបញ្ចប់គោលនយោបាយផ្តល់សញ្ជាតិដល់មនុស្សដែលកើតនៅអាម៉េរិក៕
Tag:
អាម៉េរិក
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com