អន្តរជាតិ
រងទណ្ឌកម្មលោកខាងលិច លោក ពូទីន ងាកទៅរកកិច្ចសហការជាមួយវៀតណាម
21, Jun 2024 , 2:59 pm        
រូបភាព
លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (ឆ្វេង) និងសមភាគីវៀតណាម លោក តូ ឡិម នៅថ្ងៃទី២០ ខែមិថុនា។ រូបភាព AFP
លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (ឆ្វេង) និងសមភាគីវៀតណាម លោក តូ ឡិម នៅថ្ងៃទី២០ ខែមិថុនា។ រូបភាព AFP
ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅវៀតណាម ដែលផ្តើមពីថ្ងៃទី២០ ខែមិថុនា រុស្ស៊ី និងវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនពាក់ព័ន្ធនឹងថាមពល និងពង្រឹងគោលនយោបាយឆ្ពោះទៅអាស៊ី។ កិច្ចសហប្រតិបត្តិការទាំងនេះ ធ្វើឡើងស្របពេលក្រុងមូស្គូ កំពុងរងទណ្ឌកម្មជុំវិញ ពីប្រទេសលោកខាងលិច។

 
វត្តមានរបស់លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នៅវៀតណាម បានបង្ហាញពីការប្តេជ្ញាពង្រឹងទំនាក់ទំនងជាមួយមិត្តចាស់ ចាប់ពីសង្រ្គាមត្រជាក់ ស្របពេលខ្លួនកំពុងរងទណ្ឌកម្មពីប្រទេសលោកខាងលិច និងប្រទេសផ្សេងទៀត។ ចាប់តាំងពីឆ្នាំ២០០០ មក លោកពូទីន បានបំពេញទស្សនកិច្ចជាច្រើនលើក ដោយលើកចុងក្រោយនៅឆ្នាំ២០១៧ ដែលលោកចូលរួមកិច្ចប្រជុំ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក។
 
តាមរយៈដំណើរទស្សនកិច្ចលើកចុងក្រោយនេះ រុស្ស៊ី និងវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយល់គ្នាចំនួន ១១ ក្រោមវត្តមានរបស់លោកពូទីន និងសមភាគីវៀតណាម លោក តូ ឡិម។ កិច្ចព្រមព្រៀងទាំង ១១នេះ មានដូចជាប្រេង, ហ្គាស, វិទ្យាសាស្រ្តនុយក្លេអ៊ែរ និងអប់រំជាដើម។ 
 
លើសពីនេះ មេដឹកនាំដ៏មានឥទ្ធិពលរុស្ស៊ី បានប្តេជ្ញា ក្នុងពង្រឹងគោលនយោបាយឆ្ពោះទៅតំបន់អាស៊ី ដែលត្រូវបានដាក់ចេញកាលពីឆ្នាំ២០១២ ស្របពេលរុស្ស៊ី កំពុងរងទណ្ឌកម្មពីសំណាក់ប្រទេសលោកខាងលិចទាំងវិស័យថាមពល ហិរញ្ញវត្ថ និងពាណិជ្ជកម្ម។
 
«យើងប្តេជ្ញាយ៉ាងមុតមាំ ក្នុងការពង្រឹងភាពជាដៃគូភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ដែលនៅតែជាប្រទេសសំខាន់មួយសម្រាប់រុស្ស៊ី»។ ទីភ្នាក់ងារព័ត៌មាន Tass បានស្រង់សម្តីរបស់លោកពូទីន ដោយបន្តថា ប្រទេសទាំងពីរ មានផលប្រយោជន៍រួមគ្នាក្នុងការអភិវឌ្ឍរចនាសម្ព័ន្ធសន្តិសុខដែលអាចពឹងផ្អែកបាននៅក្នុងតំបន់ ដោយឈរលើមូលដ្ឋានមិនប្រើប្រាស់កងកម្លាំង និងការដោះស្រាយជម្លោះប្រកបដោយសន្តិភាព។ ប្រទេសទាំងពីរ បានបង្កើតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៅក្នុងឆ្នាំ២០១២។
 
ក្រៅពីកិច្ចព្រមព្រៀងខាងលើ ក្រុងមូស្គូ និងក្រុងហាណូយ បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីឈានដល់ការបង្កើតក្រុមការងារជាន់ខ្ពស់មួយសម្រាប់ផ្តោតលើគម្រោងវិនិយោគ។ លើសពីនេះ ភាគីទាំងពីរ ក៏បានគាំទ្រលើកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យទេសចរណ៍ផងដែរ។ 
 
ពាក់ព័ននឹងសង្រ្គាមអ៊ុយក្រែនវិញ រុស្ស៊ី បានសាទរជំហររបស់វៀតណាមនៅកណ្តាល រួមទាំងស្វាគមន៍កិច្ចខិតខំរបស់វៀតណាម សម្រាប់ការស្វែងរកដំណោះស្រាយលើជម្លោះប្រកបដោយសន្តិភាព និងទុកចិត្តបាន។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរវាងវៀតណាម និងរុស្ស៊ី ចេញនៅថ្ងៃទី២០ ខែមិថុនា។ 
 
សូមបញ្ជាក់ថា រុស្ស៊ី ជាដៃគូវិនិយោគដ៏ធំមួយនៅវៀតណាម។ គិតត្រឹមខែមេសា ទំហំវិនិយោគរបស់រុស្ស៊ីនៅវៀតណាម មានចំនួន ៩៨៤,៩៨លានដុល្លារ ក្នុងចំណោម ១៨៦គម្រោង។ ចំនួនដ៏ច្រើននេះ ធ្វើឱ្យរុស្ស៊ី ជាដៃគូវិនិយោគស្ថិតនៅលំដាប់ទី២៨ នៃប្រទេស និងដែនដីវិនិយោគចំនួន ១៤៥។ ចំណែកវៀតណាម បានវិនិយោគ ១,៦៣ពាន់លានដុល្លារ នៅរុស្ស៊ី៕

Tag:
 រុស្ស៊ី
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com