ជាតិ
រដ្ឋ បង្កើតមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ យុវជន ទស្សនាស្នាដៃពិព័រណ៍ពាក់ព័ន្ធនឹងបច្ចេកវិទ្យា នាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។
× ភ្នំពេញ៖ រាជរដ្ឋាភិបាល បានសម្រេចបង្កើតមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានអក្សរកាត់ថា ម.ជ.វ.ប.ន. ដែលមានឈ្មោះជាភាសាអង់គ្លេសគឺ SCIENCE, TECHNOLOGY AND INNOVATION NATIONAL LABORATORY មានអក្សរកាត់ STINL។ នេះបើយោងតាមអនុក្រឹត ចុះថ្ងៃទី២០ ខែមិថុនា ចុះហត្ថលេខាដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
បើតាមតាមអនុក្រឹតដដែល មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានភារកិច្ចជាអាទិ៍ ធ្វើតេស្ត ឬវិភាគផ្នែករូប គីមីសាស្ត្រ មីក្រូជីវសាស្ត្រ មេកានិក អគ្គិសនី អេឡិចត្រូនិក ដើម្បីកំណត់គុណភាព និងលក្ខណៈវិនិច្ឆ័យរបស់ផលិតផល តាមការស្នើសុំ និងភាពចាំបាច់។
ម.ជ.វ.ប.ន. ក៏មានភារកិច្ច សិក្សាស្រាវជ្រាវ ធ្វើតេស្ត ឬវិភាគផ្សេងៗ ដែលបម្រើឱ្យការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងត្រូវសហប្រតិបត្តិការជាមួយមន្ទីរពិសោធន៍នៃស្ថាប័នជាតិ អន្តរជាតិ វិស័យឯកជន និងដៃគូអភិវឌ្ឍនានា ដើម្បីឆ្លើយតបនឹងតម្រូវការបន្ទាន់របស់ជាតិ លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ក្រៅពីនេះ ម.ជ.វ.ប.ន. ក៏ទទួលខុសត្រូវលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្នែកបច្ចេកទេសមន្ទីរពិសោធន៍ ដើម្បីអភិវឌ្ឍន៍ និងអាចឆ្លើយតបតម្រូវការ ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់មន្ទីរពិសោធន៍ដទៃទៀតដោយមានការវាយតម្លៃ ទទួលស្គាល់ ស្របតាមស្តង់ដាជាតិ និងអន្តរជាតិផងដែរ។
ទន្ទឹមនឹងនេះ ម.ជ.វ.ប.ន. ក៏ចូលរួមអភិវឌ្ឍមន្ទីរពិសោធន៍របស់ស្ថាប័នជាតិនានា ដែលបម្រើឱ្យការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ដូចជារៀបចំ និងអភិវឌ្ឍមន្ទីរពិសោធន៍វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីលើកកម្ពស់ សុវត្ថិភាព និងសុខភាពសាធារណៈដែរ។
ម.ជ.វ.ប.ន. ក៏ត្រូវមានកិច្ចសហការសិក្សាស្រាវជ្រាវ ផ្សព្វផ្សាយ គាំទ្របច្ចេកទេស និងផ្តល់អនុសាសន៍សម្រាប់ការអភិវឌ្ឍ ផលិតផលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ដូចជាផ្តល់ការគាំទ្រដល់គ្រឹះស្ថានអប់រំសាធារណៈឯកជន លើការធ្វើតេស្ត ឬវិភាគក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ផងដែរ។
ស្ថាប័ននេះ ក៏ត្រូវកៀរគរធនធានជាតិ និងអន្តរជាតិ ដើម្បីគាំទ្រដល់បេសកកម្មរបស់ខ្លួន និងបំពេញភារកិច្ចចាំបាច់ផ្សេងទៀត តាមការកំណត់របស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ នេះបើតាមអនុក្រឹតដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com