ជាតិ
ធនាគារពិភពលោកផ្ដល់ជំនួយ ១៤៥លានដុល្លារ សម្រាប់គម្រោងសន្តិសុខទឹកនៅកម្ពុជា ![រូបពី ក្រសួងសាធារណការ និង ដឹកជញ្ជូន](https://image.thmeythmey.com/pictures/2024/06/22/_______________.jpg)
រូបពី ក្រសួងសាធារណការ និង ដឹកជញ្ជូន
×![]()
ភ្នំពេញ៖ ក្រោមជំនួយឥណទានចំនួន ១៤៥ លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ ធនាគារពិភពលោក “គម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា” (Cambodia Water Security Improvement Project) នឹងធ្វើឱ្យសន្តិសុខទឹកកាន់តែមានភាពប្រសើរឡើង។ វានឹងជួយបង្កើនផលិតភាពកសិកម្ម និងកសាងភាពធន់ទៅនឹងហានិភ័យអាកាសធាតុ។ សម្រាប់គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជានេះ គេរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ១១៣ ០០០នាក់។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា លើកឡើងថា គម្រោងនេះនឹងជួយប្រទេសកម្ពុជា ឱ្យមានសន្តិសុខទឹកប្រកបដោយចីរភាព និងសម្រេចបានផលិតភាពកសិកម្មកាន់តែច្រើន។
លោកស្រីពន្យល់៖«ការវិនិយោគនៅពេលនេះ ទៅលើភាពធន់ទៅនឹងអាកាសធាតុ នឹងធ្វើឱ្យផែនការនៃការរៀបចំហេដ្ឋារចនាសម្ព័ន្ធ កាន់តែប្រសើរឡើង ដោយមិនត្រឹមតែអាចឆ្លើយតបបានភ្លាមៗទៅនឹងតម្រូវការទឹករបស់កសិករ និងគ្រួសារកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការផ្តល់សេវាទឹករយៈពេលវែងផងដែរ»។
លោកស្រី ម៉ារីយ៉ាម សាលីម បន្ថែមថា បើទោះបីជាប្រទេសកម្ពុជា មានប្រភពទឹកច្រើនក៏ដោយ ភាពខុសគ្នានៃការធ្លាក់ភ្លៀងតាមរដូវ និងតាមតំបន់នៅក្នុងប្រទេស បានបង្កបញ្ហាប្រឈមជាច្រើនដល់ការផ្គត់ផ្គង់ទឹកនៅក្នុងទីក្រុង និងនៅតាមទីជនបទ។
ការព្យាករណ៍អាកាសធាតុបានឱ្យដឹងថា ទឹកជំនន់ និងគ្រោះរាំងស្ងួត នឹងមានកាន់តែញឹកញាប់ និងសភាពកាន់តែធ្ងន់ធ្ងរ ដែលដាក់សម្ពាធកាន់តែខ្លាំង ទៅលើសមត្ថភាពរបស់ប្រទេស ក្នុងការគ្រប់គ្រងធនធានទឹកសាបរបស់ខ្លួន។ បញ្ហានេះនឹងជះឥទ្ធិពលទៅលើផលិតកម្មស្បៀង និងកំណើនសេដ្ឋកិច្ច។
គម្រោងនេះនឹងត្រូវអនុវត្តក្នុងរយៈពេល៥ឆ្នាំ ដោយក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ គម្រោងនឹងពង្រឹងការគ្រប់គ្រងធនធានទឹក តាមរយៈការពង្រីកស្ថានីយជលសាស្ត្រ ការធ្វើបច្ចុប្បន្នភាពគោលនយោបាយ និងបទប្បញ្ញត្តិ ការរៀបចំផែនការគ្រប់គ្រងអាងទន្លេដែលមានព័ត៌មានអំពីអាកាសធាតុ និងការពង្រឹងការបំពេញមុខងារ របស់អាជ្ញាធរទឹកថ្នាក់ជាតិ និងថ្នាក់ខេត្ត។
ប្រព័ន្ធផ្គត់ផ្គង់ទឹកសម្រាប់គ្រួសារ និងប្រព័ន្ធធារាសាស្រ្ត នឹងត្រូវបានស្តារឡើងវិញ និងកែលម្អឱ្យប្រសើរឡើង ហើយសហគមន៍កសិករអ្នកប្រើប្រាស់ទឹក នឹងទទួលបានការបណ្តុះបណ្តាល និងជំនួយបច្ចេកទេសតាមរយៈគម្រោង សម្រាប់ធ្វើប្រតិបត្តិការ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវបានកែលម្អឡើងវិញ។ តាមរយៈ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ជាតិ និងថ្នាក់ខេត្ត វិធានការនានានឹងត្រូវធ្វើឡើងដើម្បីជួយកសិករឱ្យចេះ ចាប់យកបច្ចេកវិទ្យាឆ្លាតវៃអាកាសធាតុ សម្រាប់បង្កើនផលិតភាព និងកាត់បន្ថយការបំភាយឧស្ម័ននៅក្នុងវិស័យកសិកម្ម៕
Tag:
ធនាគារពិភពលោក
ជំនួយ
ទឹក
© រក្សាសិទ្ធិដោយ thmeythmey.com