ជាតិ
វីដេអូ
មណ្ឌលបុប្ផាណា រក្សាម៉ាស៊ីនបញ្ចាំងកុនបុរាណ២គ្រឿង ដែលត្រូវបានសង្គ្រោះពីអេតចាយ
× ភ្នំពេញ៖ មជ្ឈមណ្ឌលធនធានសោតទស្សបុប្ផាណា បានបន្តរក្សាម៉ាស៊ីនបញ្ចាំងកុនម៉ាកអាល្លឺម៉ង់ ២គ្រឿង គឺម៉ាក CARL ZEISS ប្រភេទ TK 35។ ម៉ាស៊ីនបញ្ចាំងកុនទាំង២នេះ ផលិតឆ្នាំ១៩៥៦ នៅទីក្រុង Jena។ ម៉ាស៊ីនបញ្ចាំងភាពយន្ដទាំងពីរនេះ ត្រូវបាននាំចូលមកប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ១៩៦៥ កាលពីសម័យយុគមាស នៃភាពយន្តខ្មែរ។ គេបានប្រើវាសម្រាប់ការបញ្ចាំងចល័ត ដែលពេញនិ យមក្នុងប្រទេស ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ និង១៩៧០។ ពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩ ពួកខ្មែរក្រហម បានប្រើម៉ាស៊ីនបញ្ចាំងកុននេះ ដើម្បីចាក់បញ្ចាំងខ្សែភាពយន្តផ្សព្វផ្សាយអំពីរបៀបវារៈនយោបាយរបស់ពួកគេ។ ជាច្រើនឆ្នាំក្រោយរបបប្រល័យពូជសាសន៍ ពោលគឺនៅឆ្នាំ២០០៤ វិចិត្រករខ្មែរបារាំង មីនគីម ដឺនីវន្ថា បានទិញម៉ាស៊ីនបញ្ចាំងកុននេះ ពីអ្នកអូសរទេះអេតចាយ។ ដោយសារតែគាត់ជឿថា វាមានសារៈសំខាន់ចំពោះប្រវត្តិសាស្រ្តនៃវិស័យភាពយន្តនៅប្រទេសកម្ពុជា គាត់ក៏សម្រេចទិញម៉ាស៊ីនទាំងពីរនោះ នាំទៅមជ្ឈមណ្ឌលធនធានសោតទស្សបុប្ផាណា។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាកិច្ចសម្ភាសខាងក្រោមនេះ៖
មនុស្សម្នាកាន់តែច្រើន បានចាប់អារម្មណ៍វត្ថុប្រើប្រាស់ចាស់ៗ ហើយបានយកវត្ថុបុរាណទាំងនោះតាំងលម្អគេហដ្ឋាន ទីតាំងអាជីវកម្ម ឬបម្រើសកម្មភាពសង្គមរបស់ខ្លួន។ មជ្ឈមណ្ឌលធនធានសោតទស្សបុប្ផាណា ដែលមានសកម្មភាពក្នុងវិស័យភាពយន្ដ ក៏មានដាក់តាំងវត្ថុបុរាណទាក់ទងនឹងការថតរូប និងថតភាពយន្តដែរ។ នៅទីនោះ មានម៉ាស៊ីនបញ្ចាំងកុន ២គ្រឿង ផលិតឆ្នាំ១៩៥៦ នៅទីក្រុង Jena។ គឺជាម៉ាកអាល្លឺម៉ង់ CARL ZEISS ប្រភេទ TK 35។ តួលេខនេះ បញ្ជាក់ពីការបញ្ចាំងកុនទំហំហ្វ៊ីល ៣៥មីលីម៉ែត្រ។ ម៉ាស៊ីនបញ្ចាំងភាពយន្ដទាំងពីរនេះ ត្រូវបាននាំចូលមកប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ១៩៦៥ កាលពីសម័យយុគមាស នៃភាពយន្តខ្មែរ។ គេបានប្រើវាសម្រាប់ការបញ្ចាំងចល័ត ដែលពេញនិ យមក្នុងប្រទេស ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ និង១៩៧០។ ពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩ ពួកខ្មែរក្រហម បានប្រើម៉ាស៊ីនបញ្ចាំងកុននេះ ដើម្បីចាក់បញ្ចាំងខ្សែភាពយន្តផ្សព្វផ្សាយអំពីរបៀបវារៈនយោបាយរបស់ពួកគេ។
ក្នុងអំឡុងពេលសម័យខ្មែរក្រហម ការបញ្ចាំងភាពយន្ត ត្រូវបានរៀបចំឡើងជាញឹកញាប់ក្នុងកិច្ចប្រជុំ ដែលធ្វើឡើងដោយក្រុមការងារនៅតាមជនបទ។ ខ្សែភាពយន្តដែលគេបញ្ចាំង ត្រូវបានប្រើដើម្បីបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងចាំបាច់ក្នុងការអភិវឌ្ឍរបបកម្ពុជាប្រជាធិបតេយ្យ។ ខ្សែភាពយន្តឃោសនាទាំងនេះបង្ហាញជាចម្បងនូវកម្មកររោងចក្រ និងកសិករ។ ក៏មានបង្ហាញអំពីកិច្ចប្រជុំគណបក្ស និងព្រឹត្តិការណ៍នយោបាយផ្សេងៗទៀត។ ការបញ្ចាំងខ្សែភាពយន្តបែបចល័តបានបន្តបន្ទាប់ពីពួកខ្មែរក្រហមឡើងកាន់អំណាច ឆ្នាំ១៩៧៩។ ឆ្នាំ១៩៩៧ ក្រុមការងារប៉ុស្តិ៍ទូរទស្សន៍បារាំង France 2 បានរៀបចំការបញ្ចាំងកុនបែបចល័ត នៅប្រទេសខ្មែរ។
ថ្ងៃមួយ ឆ្នាំ២០០៤ វិចិត្រករខ្មែរបារាំង មីនគីម ដឺនីវន្ថា ដើរតាមបណ្ដោយមហាវិថីព្រះមុនីវង្ស នៅរាជធានីភ្នំពេញ។ គាត់ឃើញអ្នកទិញអេតចាយម្នាក់ទាញអូសរទេះ ដែលផ្ទុករបស់របរផ្សេងៗតាមផ្លូវ។ ក្នុងនោះគាត់ឃើញម៉ាស៊ីនចាស់ៗពីរគ្រឿង។ មុនដំបូង គាត់មិនច្បាស់ថាជាអ្វី។ ដូច្នេះគាត់ទៅមើលពីជិត។ លោក ដឺនីវន្ថា យល់ថាជាម៉ាស៊ីនភាពយន្ដ ពីមុនសង្គ្រាម។ ដោយសារតែគាត់ជឿថា វាមានសារៈសំខាន់ចំពោះប្រវត្តិសាស្រ្តនៃវិស័យភាពយន្តនៅប្រទេសកម្ពុជា គាត់ក៏សម្រេចទិញម៉ាស៊ីនទាំងពីរនោះ នាំទៅមជ្ឈមណ្ឌលធនធានសោតទស្សបុប្ផាណា។ គឺជាម៉ាស៊ីនបញ្ជាំងកុន CARL ZEISS TK 35… នៅពេលដែលគេកំពុងស៊ើបសួរដឹងអំពីប្រវត្តិម៉ាស៊ីនបញ្ចាំងកុនទាំងពីរនោះ គាត់បានរក្សាទុកវាជាបណ្តោះអាសន្ន នៅគេហដ្ឋានរបស់គាត់។ ជាអកុសល មាននរណាម្នាក់ បានលួចខ្សែភ្លើងតភ្ជាប់ម៉ាស៊ីនបញ្ចាំង ដែលធ្វើឱ្យវាដើរលែងកើត។ ទោះជាយ៉ាងណាក៏ដោយ គាត់បានធ្វើអំណោយម៉ាស៊ីនទាំងពីរ ទៅឱ្យមជ្ឈមណ្ឌលបុប្ផាណា ក្នុងឆ្នាំ២០០៩។
ការថត និងបញ្ចាំងកុន ត្រូវបានបង្កើតនាឆ្នាំ១៨៩៤ នៅទីក្រុង Lyon ប្រទេសបារាំង ដោយបងប្អូនបង្កើត២រូប : LUMIÈRE Auguste និង Louis។ ដោយចៃដន់ ពាក្យបារាំង lumière មានន័យថា ពន្លឺ ហើយគ្រឿងផ្សំសំខាន់ជាគេ ដើម្បីថត និងបញ្ចាំងភាពយន្ដ គឺពន្លឺនោះហើយ! ក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ នៅតែមានការបញ្ចាំងភាពយន្តបែបចល័ត ជាពិសេសរៀបចំឡើងដោយក្រុមសិល្បៈផ្សេងៗ ដែលសំដែងពេលរាត្រីតាមជនបទ។
មជ្ឈមណ្ឌលធុនធានសោតទស្សបុប្ផាណា មានតួនាទីប្រមូលផ្តុំទុកធនធានសោតទស្សន៍ ពីសម័យមុន និងសម័យបច្ចុប្បន្ន ដែលទាក់ទងនឹងប្រទេសកម្ពុជា បណ្ដុះបណ្ដាលវិជ្ជាជីវៈអំពីភាពយន្ដ ផលិតរឿងកុន ហើយរៀបចំព្រឹត្តិការណ៍នានា ដូចជាតាំងពិព័រណ៍ និងផ្សាយខ្សែភាពយន្ដ។ មណ្ឌលបុប្ផាណា គឺស្ថិតនៅអគារលេខ៦៤ ដែលស្ថាបនាកាលពី៧០ឆ្នាំមុន នៅវិថី ឧកញ៉ា ម៉ែន (ផ្លូវ២០០) ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទីតាំងនេះ បើកពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង៨ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ និងពីម៉ោង២រសៀល ដល់ម៉ោង៦ល្ងាច។ ថ្ងៃសៅរ៍ ពីម៉ោង២រសៀល ដល់ម៉ោង៦ល្ងាច។ សាធារណជន អាចចូលទស្សនាបានដោយឥតគិតថ្លៃ៕
Tag:
ម៉ាស៊ីនបញ្ចាំងកុន
ភាពយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com