កីឡាអន្តរជាតិ
អន្តរជាតិ
ទឹកទន្លេសែនក្រុងប៉ារីស ត្រូវបានតេស្តឃើញកម្រិតកខ្វក់ខ្ពស់ខ្លាំង ក្រោមកម្រិតតម្រូវការអូឡាំពិក
23, Jun 2024 , 9:59 am        
រូបភាព
ទឹកទន្លេសែន (Seine) ទីក្រុងប៉ារីស នៅតែមានភាពកខ្វក់ខ្លាំង នៅពេលធ្វើតេស្តកាលពីថ្ងៃទី១៦ ខែមិថុនា ក្នុងការអនុញ្ញាតដល់ការប្រកួតប្រជែងប្រភេទវិញ្ញាសារកីឡាទ្រីយ៉ាត្លុង ក្នុងព្រឹត្តិការណ៍អូឡាំពិក និងព្រឹត្តិការណ៍ហែលទឹកបើកជំហរនានា ។

«គំរូរបស់ទឹកទន្លេសែន មិនបានបំពេញតាមស្តង់ដារដែលយើងត្រូវការ និងតម្រូវឱ្យមាននៅការប្រកួតរដូវកាលក្តៅ នាពេលខាងមុខនេះឡើយ។»។ នេះបើតាមសម្តីលោក Marc Guillaume អភិបាលតំបន់ប៉ារីស កាលពីថ្ងៃទី២១ មិថុនា។ ទន្លេសែន ក៏នឹងត្រូវក្លាយជាទីតាំងសំខាន់មួយ សម្រាប់ការប្រកួតព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស ចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា។
 
របាយការណ៍នៃការធ្វើតេស្តរយៈពេល ១សប្តាហ៍ទៅលើគុណភាពទឹកទន្លេសែន ត្រូវបានបង្ហាញដោយអភិបាលតំបន់ប៉ារីស និងការិយាល័យអភិបាលក្រុង ដោយបានស្តីបន្ទោសកត្តាអាកាសធាតុ ភ្លៀងធ្លាក់ ដែលបង្កឱ្យកម្រិតកខ្វក់ មានបាក់តេរីជាច្រើន នៅតែកើតឡើងនៅក្នុងប្រព័ន្ធផ្លូវទឹកទន្លេសែន។
 
ដងទន្លេសែន ជាទីតាំងសំខាន់បំផុតមួយបន្ថែមទៀត សម្រាប់កម្មវិធីបើកព្រឹត្តិការណ៍អូឡាំពិក ដែលនឹងត្រូវធ្វើនៅក្រៅកីឡដ្ឋានលើកដំបូង ដែលបានរៀបចំដោយម្ចាស់ផ្ទះបារាំង។ អាជ្ញាធរទីក្រុងប៉ារីស នៅតែសង្ឃឹមថា ទឹកទន្លេសែន និងប្រែមកជាសភាពស្អាតល្មម ដើម្បីអនុញ្ញាតឱ្យការប្រកួតដំណើរការទៅបាន នៅពេលព្រឹត្តិការណ៍មកដល់។
 
កាលពីខែសីហា ឆ្នាំ ២០២៣ ការប្រកួតហែលទឹកម៉ារ៉ាតុន ដើម្បីធ្វើតេស្តទឹកទន្លេសែន ធ្លាប់បានលុបចោលម្តងរួចមកហើយ ព្រោះតែបញ្ហាទឹកកខ្វក់នេះ៕
 
 

Tag:
 អូឡាំពិក
  ទីក្រុងប៉ារីស
© រក្សាសិទ្ធិដោយ thmeythmey.com