កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2024៖ ហ្ស៊កហ្ស៊ី និងឆែក ត្រឹមចែកគ្នាម្នាក់ ១ពិន្ទុ ខណៈឱកាសវគ្គបន្តភាគរយកាន់តែតិច
22, Jun 2024 , 9:56 pm        
រូបភាព
ក្រុមជម្រើសជាតិហ្ស៊កហ្ស៊ី បានត្រឹមតែចែកគ្នាម្នាក់ ១ពិន្ទុ ពីការប្រកួតទល់នឹងក្រុមសាធារណរដ្ឋឆែក ក្រោយលទ្ធផលស្មើ ១-១ នៅក្នុងជំនួបពូល F ព្រឹត្តិការណ៍ Euro 2024 វគ្គចែកពូលជុំទី២ នារាត្រីថ្ងៃទី២២ ខែមិថុនា។



ប្រៀបបានជាជំនួបសំខាន់មួយសម្រាប់ក្រុមទាំងពីរនេះ ខណៈរៀងៗខ្លួនសុទ្ធសឹងតែបរាជ័យកាលពីជួបទីមួយវគ្គចែកពូល។ យ៉ាងណាហ្ស៊កហ្ស៊ីជាក្រុម ដែលទើបបង្ហាញខ្លួនលើកដំបូងក្នុង Euro ហាក់ធ្វើបានល្អជាងឆែកនៅក្នុងវគ្គទី១។ 
 
ហ្ស៊កចំណេញឱកាសស៊ុតបាល់ពិន័យ ១១ម៉ែត្រ នៅក្នុងវគ្គទី១ នៅពេលដែលខ្សែការពារឆែក បង្កកំហុសបាល់ប៉ះដៃ ក្នុងប្រអប់គ្រោះថ្នាក់ ហើយកីឡាករ Georges Mikautadze ស៊ុតបាល់ពិន័យ ១១ម៉ែត្របញ្ចូលទីនាទី៤៥+៤ ហៀបបញ្ចប់ការប្រកួត។ ហ្ស៊កហ្ស៊ី បើកឆាកនាំមុខ ១-០ មុននៅត្រឹមវគ្គទីមួយ។
 
យ៉ាងណាចូលវគ្គទីពីរ ឆែក ហាក់បីអាចកែប្រែស្ថានការណ៍របស់ខ្លួនមកវិញ ដើម្បីលេងគ្រប់គ្រងបាល់នឹងវាយសម្រុកលើហ្ស៊កហ្ស៊ី ដើម្បីរកគ្រាប់តាមស្មើ ចំណែកហ្ស៊កហ្ស៊ី ក៏ព្យាយាមវាយសម្រុករកគ្រាប់បាល់បន្ថែមដូចគ្នា។ ប៉ុន្តែការព្យាយាមសម្រុករបស់ឆែក មានប្រសិទ្ធិភាព ដោយនៅនាទី៥៩ កីឡាករ Patrick Schick ក៏មានឱកាសស៊ុតបាល់តាមស្មើមកវិញ អំឡុងពេលគ្រាប់បាល់រដាក់រដុបនៅមុខទីរបស់ហ្ស៊កហ្ស៊ី។ ចប់ការប្រកួត ទាំងហ្ស៊កហ្ស៊ី និងឆែក បានត្រឹមចែកគ្នា ១ពិន្ទុ ម្នាក់ពីការប្រកួតស្មើលទ្ធផល ១-១។
 
ការប្រកួតបន្ទាប់ ហ្ស៊កហ្ស៊ី នឹងត្រូវបន្តទៅប៉ះជើងខ្លាំងព័រទុយហ្កាល់ ចំណែកឆែក នឹងត្រូវប៉ះតួកគី ដែលជាក្រុមមានទម្រង់លេងល្អប្រសើរឡើងវិញ។ ឱកាសទៅកាន់វគ្គបន្តរបស់ក្រុមទាំងពីរ កាន់តែមានភាករយតិចទៅ ខណៈតំណែងក្រុមលេខ ៣ ល្អ ក៏កាន់តែតឹងតែងសម្រាប់ក្រុមទាំងពីរ ត្រូវប្រជែង៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com