ជាតិ
ភូមិព្រះដាក់ជាប់ជាបេក្ខភាពចូលប្រកួតភូមិទេសចរណ៍ឆ្នើមពិភពលោក
23, Jun 2024 , 8:29 pm        
រូបភាព
ការជំរុញការផ្សព្វផ្សាយនំបញ្ចុកព្រះដាក់។ រូបភាព៖ លោក សាំង វត្តនា
ការជំរុញការផ្សព្វផ្សាយនំបញ្ចុកព្រះដាក់។ រូបភាព៖ លោក សាំង វត្តនា
សៀមរាប៖ ភូមិព្រះដាក់ នៃស្រុកបន្ទាយស្រី ត្រូវបានជ្រើសរើសជាភូមិ១ក្នុងចំណោមភូមិ៩ តំណាងកម្ពុជា ជាបេក្ខភាពដើម្បីប្រកួតជាភូមិទេសចរណ៍ឆ្នើម (Best Tourism Villages) របស់អង្គការទេសចរណ៍ពិភពលោក (UNWTO) ឆ្នាំ២០២៤។

លោក សាំង វត្តនា អភិបាលរងស្រុកបន្ទាយស្រី បានឱ្យដឹងថា មានកត្តាសំខាន់ៗចំនួន៥ ដែលធ្វើឱ្យភូមិព្រះដាក់មានលទ្ធភាព និងស្របតាមលក្ខខណ្ឌតម្រូវរបស់អង្គការទេសចរណ៍ពិភពលោក សម្រាប់ចូលប្រកួតប្រជែងភូមិទេសចរណ៍ឆ្នើមកម្រិតអន្ដរជាតិនេះបាន។ លក្ខខណ្ឌទាំងនោះរួមមាន ភូមិព្រះដាក់ ស្ថិតនៅតំបន់រមណីយដ្ឋានអង្គរ មានភូមិសាស្រ្តនៅជិតក្រុង ជាចំណុចឆ្លងកាត់​សម្រាប់ភ្ញៀវទេសចរមុននឹងទៅដល់ប្រាសាទបន្ទាយស្រី និងភ្នំគូលែនជាដើម។ ក្រៅពីនេះភូមិព្រះដាក់ជាភូមិបុរាណ ដោយការរៀបចំមានរចនាបថបែបខ្មែរបុរាណសុទ្ធសាធ ដូចជាសង់ផ្ទះខ្ពស់ពីដី ដាំផ្កាលម្អ ប្រជាជនរស់នៅប្រមូលផ្ដុំគ្នាតាមមាត់ផ្លូវ និងមានវាលស្រែ ចម្ការ នៅក្រោយភូមិ។ 
 

នំអាកោត្នោតភូមិព្រះដាក់

អភិបាលរងស្រុកបន្ទាយស្រីបន្ថែមថា ការប្រកបរបរដូចជាសិប្បកម្មតម្បាញ និងការបន្តគោរពជំនឿប្រពៃណីទំនៀមបុរាណ ក៏ចូលទៅក្នុងលក្ខខណ្ឌ​សម្រាប់បេក្ខភាពប្រកួតប្រជែង​ខាងលើផងដែរ។ ជាងនេះទៅទៀតនោះ បរិស្ថាន ការរស់នៅស្អាត ប្រជាជនមានអនាម័យ ចេះទុកដាក់សំរាមបានត្រឹមត្រូវ ។ ហើយចំណុចចុងក្រោយនោះ គឺម្ហូបប្រចាំតំបន់ មាននំបញ្ចុក អាកោត្នោត និងជ្រូកអាំង។ល។
 
លោក សាំង វត្តនា បន្ថែមថា៖« យើងសង្ឃឹម ដោយសារឯកសារ​ដែលយើងរៀបចំ ​វាស្របនឹងលក្ខខណ្ឌ​នៃការវាយតម្លៃរបស់អង្គការទេសចរពីភពលោក»។ 
 

ផលិតផលកែច្នៃនៅក្នុងភូមិព្រះដាក់

ក្នុងនាមរដ្ឋបាលស្រុក និងអាជ្ញាធរមូលដ្ឋាន លោក សាំង វត្តនា បង្ហាញមោទកភាព ដែលភូមិព្រះដាក់ មានភាពល្បីល្បាញថ្នាក់ជាតិកន្លងមកនោះ ត្រូវបានជ្រើសរើស​ឱ្យចូលរួម​ជាលក្ខណៈអន្ដរជាតិដូច្នេះ។ ក្រៅពីភូមិព្រះដាក់ ក្នុងនោះរដ្ឋបាលស្រុកកំពុងរៀបចំ​ភូមិមួយចំនួនទៀត សម្រាប់ការប្រកួតប្រជែងនាពេលខាងមុខ នោះគឺភូមិវត្ត នៃឃុំត្បែង។ លោក វត្តនា ពន្យល់ថា ភូមិនេះមានសក្តានុពលទេសចរណ៍មួយចំនួន ជាភូមិបុរាណ មានប្រជាជនចាស់រស់នៅច្រើន និងមានព្រៃសហគមន៍ ដែលភ្ញៀវទេសចរនិយមទៅកម្សាន្ត និងសិក្សាស្វែងយល់ពីទំនៀមទម្លាប់ និងប្រពៃណីក្នុងភូមិនេះ។
 

ភូមិព្រះដាក់ មើលពីលើអាកាស។ រូបភាព៖ សាំង វត្តនា

លោក ហួត រិទ្ធី ប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងអគ្គលេខាធិការរងទីក្រុងស្អាត នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រៅពីភូមិព្រះដាក់មានភូមិមួយចំនួនទៀត​ ដែលដាក់ចូលរួមប្រកួតដែរ ក្នុងនោះរួមមានតំបន់សំបូរព្រៃគុក តំបន់ខ្នងផ្សារ និងតំបន់ពាមក្រសោប ខេត្តកោះកុងជាដើម។ លោក រិទ្ធី បញ្ជាក់ថា នេះជាលើកទី២ហើយ ដែលក្រសួងទេសចរណ៍សម្របសម្រួល​ដាក់ការប្រកួតភូមិទេសចរណ៍ឆ្នើម នៅអង្គការទេសចរណ៍ពិភពលោកនេះ។ 
 

លោក សាំង វត្តនា អភិបាលរងស្រុកបន្ទាយស្រី។ រូបភាព៖ ថោង ប្រណី

មន្រ្តីក្រសួងទេសចរណ៍រូបនេះបញ្ជាក់ថា៖« យើងឃើញថាបេក្ខភាពរបស់យើង គាត់ប្រឹង​ក្នុងការរៀបចំឯកសារ ថតវីដេអូ។ យើងសង្ឃឹមថា យើងអាចនឹងជាប់បានចូលរួមជាមួយសមាជិក ជាមួយអង្គការទេសចរណ៍ពិភពលោក ព្រោះការប្រឡងប្រណាំងនេះ មាន១៩១ប្រទេស ហើយលទ្ធផលអាចនឹងប្រកាសចុងឆ្នាំនេះ»។
 
សូមបញ្ជាក់ថា ភូមិព្រះដាក់ស្ថិតនៅចំណោមភូមិទាំង៦ នៃឃុំព្រះដាក់ ស្រុកបន្ទាយស្រី។ ភូមិនេះ មានប្រជាជនសរុប៦០០គ្រួសារ ភាគច្រើនមានមុខរបរកសិកម្ម សំណង់ និងបម្រើសេវាកម្មផ្សេងៗ ពិសេសក្នុងវិស័យទេសចរណ៍៕
 

Tag:
 ភូមិព្រះដាក់
  ភូមិទេសចរណ៍ឆ្នើមពិភពលោក
  UNWTO
© រក្សាសិទ្ធិដោយ thmeythmey.com