ជាតិ
បទសម្ភាសន៍
វីដេអូ
​​រំឭក​អនុស្សាវរីយ៍ពីកុមារ​ លោក យឺន ​យក«រទេះគោ»​ដាក់ជាឈ្មោះ​ហាង​កា​ហ្វេ ​និងតាំង​លម្អ
24, Jun 2024 , 7:59 am        
រូបភាព
ភ្នំពេញ៖ កាហ្វេ​រទេះ​គោ ​គឺ​ជា​ហាង​កាហ្វេ​តុប​តែង​ដោយ​មាន​រទេះ​គោ ​ដាក់តាំង​ចំ​នៅ​កណ្ដាល​។ រទេះ​​​នេះ​គ្មាន​គោ​អូស​ទេ។ វា​ទុក​ចត ដើម្បី​តាង​លម្អ​ផង និង​ដើម្បី​ប្រើ​ប្រាស់​​ផង ពី​ព្រោះ​ត្រូវ​បាន​កែ​ច្នៃ​វាបន្តិច។ ក៏​ប៉ុន្តែ​មិន​មែន​ប្រើ​ដើម្បី​​ដឹក​កាហ្វេ ទៅដល់គេហដ្ឋាន​អតិថិជន​ទេ! ខាង​ចំហៀង​មាន​ធ្នើរ ដើម្បី​ដាក់​កែវ ហើយ​ខាង​ក្នុង​ត្រូវ​ដាក់​ថ្ម​ម៉ាប ដើម្បី​ប្រើ​ជា​តុ។ លោក ពត យឺន ជា​ឪពុកម្ចាស់​ហាង​កាហ្វេ​នេះ។ គាត់​ពន្យល់​ប្រាប់ថា កាល​ពីកុមារភាព​ ​គាត់​ធ្លាប់​ឃើញ និងប្រើប្រាស់រទេះ​គោ។ បច្ចុប្បន្ន​នេះ គាត់​រស់​នៅ​ក្នុង​បុរី​មួយ នៅ​ជាយ​ក្រុង​ភ្នំ​ពេញ។ ឆ្នាំ​២០១៧ លោក យឺន បាន​ទៅ​ខេត្ត​កំពង់​ស្ពឺ ទិញ​រទេះ​គោ​នោះ ៨០០​ដុល្លារ​អាម៉េរិក ដាក់​លើ​ឡាន ដឹក​ទៅ​ដល់​រាជធានី។ «យើង​អត់​មាន​គោ​ទេ តែ​ទឹក​ដោះ​គោ​មាន : ទឹក​ដោះ​គោ​ក្រុមហ៊ុន​ ណា! » រទេះ​នេះ ​មាន​អាយុកាល​ប្រហែល ៤០ឆ្នាំ។ វា​ធ្វើ​អំពី​ឈើ និង​អាលុយ​មី​ញ៉ូម ឆ្លាក់​ទាំង​ពីរ។ អ៊ីចឹង​វា​ស្អាត ក៏​ប៉ុន្តែ​ពី​ដើម​គេ​មិន​បាន​ធ្វើ​រទេះ​នេះ ដើម្បីតុបតែង​​ទេ គឺ​គេ​ធ្វើ​ដើម្បី​ប្រើ។ តាំង​ពី​ហាង​កាហ្វេ​រទេះ​គោ​ទុក​វា​តាំង ត្រូវ​បានលាបថ្នាំ​ពណ៌​ខ្មៅ​ឡើង​វិញ។

 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាកិច្ចសម្ភាសរវាង នាយ យ៉ាន និងលោក ពត យឺន ដែលជា​ឪពុកម្ចាស់​ហាង​កាហ្វេ​រទេះគោដូចតទៅ៖

 
តាំង​ពី​ពេល​​មនុស្សជាតិ​ចេះ​ចិញ្ចឹម​សត្វ និង​ចេះ​បង្វិល​កង់ ត្រូវ​បាន​បង្កើតរទេះអូស​ដោយ​សត្វ​ពាហនៈ។ បុព្វបុរស​ខ្មែរ​ បាន​បង្កើត​រទេះ​គោ​ក្របី​មួយ​ប្រភេទ ដែល​នៅ​បន្ត​ធ្វើ​រហូត​ដល់​ពេល​បច្ចុប្បន្ន ទោះបី​ជា​មិន​សូវ​ត្រូវការប៉ុន្មាន​ទេ។ មាន​រូប​ចម្លាក់​រទេះ​គោ លើជញ្ជាំង​ប្រាសាទ​អង្គរ។ រយៈពេល​ច្រើន​សតវត្ស ​ត្រូវ​បាន​អភិវឌ្ឍ​ឱ្យ​បាន​ល្អទៅៗ។ ហើយតាំង​ពី​ប៉ុន្មាន​សតវត្ស មិន​ត្រូវ​បាន​កែ​លម្អទេ ពីព្រោះវា​ល្អគ្រប់យ៉ាង​ហើយ។ រទេះ​ឈើ​បែប​នេះ​រឹង​មាំ​ល្មម តែមិន​ធ្ងន់ពេក​ទេ។ វា​ខ្ពស់​ល្មម ​ដើម្បី​ជិះ​ក្នុង​ភក់ តែមិនមែន​​ខ្ពស់ពេក​គ្មាន​លំនឹង​ទេ។ វា​មិន​សូវ​ទូលាយ​ប៉ុន្មាន​ទេ តែទូលាយ​ល្មមប៉ុន​គោ​ទទឹម​គ្នា​មួយ​គូ ដើម្បី​កង់​ទាំង​២​ជិះ​ត្រឹម​កន្លែង​ដែល​សត្វ​ពាហនៈបាន​ជាន់ មិន​ជាប់ភក់ទេ។
 

ទោះ​បី​ជា​សម័យ​ឥឡូវ​នេះ គេ​មិន​សូវ​ជិះ​រទេះ​គោ នៅ​តែ​មាន​ការ​ផលិត​រទេះ ដូច​ពី​បុរាណ។ គឺ​ជា​រទេះ​ធ្វើ​អំពី​ឈើ និង​ដែក​ខ្លះៗ ដែល​មាន​ក្បាច់​តាម​រចនាបថ​ខ្មែរ។ តាម​ពិត​សម័យ​ឥឡូវ​នេះ ស្ទើរតែ​គ្មាន​នរណា​ទិញ​រទេះ ដើម្បី​ប្រើទេ! គឺ​គេ​យក​ទៅ​តាំងវិញ។ ជា​ការពិត​មែន​រទេះនោះ​ស្អាត​ខ្លាំង​ណាស់។ ខ្លះ​ធ្វើ​ពី​ឈើធ្នង់។ ធ្នង់​ជាឈើ​ពួក​គ្រញូង មាន​ខ្លឹម​ក្រហម និង​មាន​ក្លិន​ប្រហើរ។ សាច់​​វាជាប់​ស្វិត​ជាង​គ្រញូង ដែល​ធ្វើ​ឱ្យ​ស្រួល​ឆ្លាក់​​។ ​រទេះ​ថ្មី​មួយ​គ្រឿង​មាន​តម្លៃចាប់​ពី ១ ៤០០ ០០០ រៀលឡើង​ទៅ។
 
​ហាង​កាហ្វេ​រទេះ​គោ​ស្ថិត​នៅ​ ផ្ទះ​លេខ៥៥៥៣ ផ្លូវ​បេតុង បុរី​ពិភព​ថ្មី​ចម្ការ​ដូង​III សង្កាត់​ព្រៃ​ស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ៕
 
 
 

Tag:
 រទេះគោ
  វត្ថុប្រើប្រាស់
  វត្ថុបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com