កីឡាអន្តរជាតិ
អន្តរជាតិ
Varga ត្រូវសង្គ្រោះបឋមលើទីលាន មុនបញ្ជូនទៅមន្ទីរពេទ្យ ខណៈហុងគ្រី ឈ្នះស្កុតឡែន
24, Jun 2024 , 11:20 am        
រូបភាព
Barnabas Varga ខ្សែប្រយុទ្ធក្រុមជម្រើសជាតិហុងគ្រី ត្រូវបានបញ្ជូនទៅមន្ទីរ៤ពេទ្យភ្លាមៗ បន្ទាប់ពីមានការប៉ះទង្គិចគ្នាដ៏តក់ស្លុតមួយជាមួយនឹងអ្នកចាំទីក្រុមស្កុតឡែន រហូតធ្វើឱ្យរូបគេរងរបួសធ្ងន់ធ្ងរ និងបានធ្វើឱ្យមនុស្សទាំងអស់ស្ថិតក្នុងការប្រកួតមានការព្រួយបារម្ភខ្លាំង។



កីឡាករ Varga បានដួលភ្លាមៗទៅលើទីលានក្នុងកីឡដ្ឋាន Stuttgart នៅពេលរូបគេព្យាយាមប្រជែងបាល់ទល់នឹងនឹងក្រុមស្កុតឡែន ពេលមិត្តរួមក្រុមបានទាត់បាល់ពិន័យ Freekick សំដៅប្រអប់គ្រោះថ្នាក់។ Varga បានប៉ះទង្គិចជាមួយនឹងអ្នកចាំទីស្កុតឡែន ហើយភ្លាមៗ រូបគេបានបាត់បង់ស្មារតី ខណៈមិត្តរួមក្រុមរបស់គេព្យាយមជួយសង្គ្រោះបឋមមុនពេលក្រុមគ្រូពេទ្យចូលមកដល់។
 
ជួបបញ្ហារបួសធ្ងន់ធ្ងរ និងតក់ស្លុតបំផុតនោះ ការប្រកួតរវាងហុងគ្រី និងស្កុតឡែននៅក្នុងវគ្គទី២ នោះក៏ត្រូវបានពន្យាពេលជិត ១០នាទី មុនពេល កីឡាករ Varga ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅក្បែនោះ។ ប្រធានក្រុមហុងគ្រី Dominik Szoboszlai បានស្រក់ទឹកភ្នែក បង្ហាញពីក្តីបារម្ភលើមិត្តរួមក្រុមដែលរងរបួស ខណៈក្រុមកីឡាករហុងគ្រី មួយចំនួន បានឈរជុំគ្នានៅក្បែ Varga នឹងតាមដានស្ថានភាពរបួស។
 
ហេតុការណ៍ប៉ះទង្គិចបង្កឱ្យមានបញ្ហារបួសធ្ងន់ធ្ងរបែបនេះ បានរំឭកដល់ទិដ្ឋភាពនៅពេលដែលខ្សែបម្រើ Christian Eriksen បានដួលទៅលើទីលាន បន្ទាប់ពីជួបបញ្ហាគាំងបេះដូង អំឡុងការប្រកួតរវាងដាណឺម៉ាក់ ទល់នឹងក្រុមហ្វាងឡង់។
 
សហព័ន្ធបាល់ទាត់ហុងគ្រី ក្រោយពេលបញ្ជូន Varga ទៅកាន់មន្ទីរពេទ្យ និងបានត្រួតពិនិត្យបញ្ហារបួសនោះរួច ខ្លួនក៏បានចេញសេចក្តីថ្លែងការណ៍ថា ស្ថានភាពរបស់កីឡាករវ័យ ២៩ឆ្នាំនៅមានសភាពថេរ ធម្មតានៅឡើយ មិនមានអ្វីប្រែប្រួលខ្លាំងនៅឡើយ។
 
ហុងគ្រី បានយកឈ្នះស្កុតឡែនទាំងត្រដាបត្រដួសក្នុងលទ្ធផល ១-០ ដែលសម្រេចទីបានដោយ Kevin Csoboth នៅនាទី ៩០+១១។ ជ័យជម្នះមួយលើកចុងក្រោយ ជួយហុងគ្រីសល់ឱកាសប្រជែងចំណាត់ថ្នាក់លេខ៣ល្អចំណោម៤ក្រុម ដើម្បីទៅកាន់វគ្គខ្វែង។ ស្កុតឡែន បញ្ចប់ក្នុងចំណាត់ថ្នាក់បាតតារាងដោយរកបាន១ពិន្ទុ៕
 

Tag:
 Euro 2024
  Bernabas Vargas
© រក្សាសិទ្ធិដោយ thmeythmey.com