ជាតិ
វៀតណាម១នាក់ និងខ្មែរ៥នាក់ ត្រូវជាប់ចោទពីបទកាន់កាប់ និងប្រើអត្តសញ្ញាណប័ណ្ណខ្មែរខុសច្បាប់
24, Jun 2024 , 2:59 pm        
រូបភាព
សាលាដំបូងខេត្តសៀមរាប និងអយ្យការអមសាលាដំបូង ខេត្តសៀមរាប។
សាលាដំបូងខេត្តសៀមរាប និងអយ្យការអមសាលាដំបូង ខេត្តសៀមរាប។
សៀមរាប៖ អយ្យការសាលាដំបូងខេត្តសៀមរាប បានសម្រេចចោទប្រកាន់ទៅលើ​ជនជាតិវៀតណាម១នាក់ និងជនជាតិខ្មែរ៥នាក់ ដោយក្នុងនោះមានសមាជិកក្រុមប្រឹក្សាសង្កាត់១នាក់ផង ​ពាក់ព័ន្ធនឹងការកាន់កាប់ និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរខុសច្បាប់ ដែលប្រព្រឹត្តិទៅនៅសង្កាត់សំបួរ ក្រុងសៀមរាប។

 
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាប ចេញផ្សាយនៅថ្ងៃទី២៣ មិថុនា បានឱ្យដឹងថា ក្រោយសួរចម្លើយ និងពិនិត្យភស្ដុតាង តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើជនសង្ស័យ រួមមាន ជនជាតិវៀតណាម១នាក់ ពីបទកាន់កាប់ និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរខុសច្បាប់ និងឯកសារសាធារណៈក្លែង ប្រព្រឹត្តិទៅចំណុចសង្កាត់សំបួរ ក្រុងសៀមរាប នៅកំឡុងខែតុលា ឆ្នាំ២០២៣ និងថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣០ នៃច្បាប់ស្ដីពីសញ្ញាតិ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ។ 
 
ជាមួយគ្នានេះ អយ្យការចោទប្រកាន់ជនជាតិខ្មែរ៥នាក់ ក្នុងនោះមានមន្រ្តីនគរបាល២នាក់ សមាជិកក្រុមប្រឹក្សាសង្កាត់១នាក់ និង២នាក់ជាប្រជាពលរដ្ឋបានគេចខ្លួន ពីបទធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរឱ្យជនដែលមានសញ្ញាតិខ្មែរ និងក្លែងបន្លំឯកសារសាធារណៈ នៅទីតាំងខាងលើ កំឡុងខែតុលា ឆ្នាំ២០២៣។  ជនទាំងនេះ ជាប់បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា៣០ នៃច្បាប់ស្ដីពីសញ្ជាតិ និងមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ តាមដីការសន្និដ្ឋាន បញ្ជូនរឿងទៅចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់ ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com