សង្គមអន្តរជាតិ​
អន្តរជាតិ
ស្ទង់មតិ៖ គូស្រករ​វ័យ​ក្មេងនៅ​ថៃ ជាង​៤០ភាគរយ «មិន​ចង់មាន​កូន» ឡើយ
24, Jun 2024 , 8:59 pm        
រូបភាព
 រូបភាព ៖ AFP
រូបភាព ៖ AFP
បន្ទុក​ចំណាយ និង​កង្វះពេលវេលា​គ្រប់គ្រាន់ក្នុងការថែទាំ ជាមូលហេតុ​ចម្បង​ដែលនាំ​ឱ្យ​យុវជន​ថៃ​ប្រមាណ៤៤ភាគរយ មានទំនោរមិន​ចង់មាន​កូន ក្រោយចំណងអាពាហ៍ពិពាហ៍។ នេះ​បើយោងតាម​លទ្ធផល​ថ្នាក់ជាតិមួយ។

 
បន្ទាប់ពីរៀបការបាន៤ឆ្នាំ Sira Kitpinyochai និង Boontarika Namsena មានអារម្មណ៍សប្បាយរីករាយជាមួយការចិញ្ចឹមសត្វឆ្មាចំនួន ១១ក្បាល។ អ្នកទាំងពីរមានគំនិតបោះបង់ការមានកូនតាំងពី​មុនពេលរៀបការ។ លោកស្រី Boontarika Namsena ជាអ្នកគ្រប់គ្រងមជ្ឈមណ្ឌលផ្សារទំនើបបាននិយាយថា «ការចិញ្ចឹមកូន គឺដូចជាបន្ទុកមួយដោយមានការចំណាយច្រើនពេក»។ ស្វាមីរបស់លោកស្រី គឺលោក Sira Kitpinyochai ជាពាណិជ្ជករភាគហ៊ុនដែលតែងតែនៅក្នុងការិយាល័យ ១០-១២ម៉ោងក្នុងមួយថ្ងៃអះអាងថា អ្នកទាំងពីរមិនមានពេលដើម្បីមើលថែកូនឡើយ។
 
ស្រដៀង​គ្នា​ កញ្ញា Anchalee Chaichanavijit នាយក​ប្រតិបត្តិ​នៃ​សមាគម​ទីផ្សារ​ថៃ​បាន​និយាយ​ថា នាង​បើក​ចិត្ត​ចង់​មាន​ស្នេហា ប៉ុន្តែ​មិន​ចង់​មាន​កូន​ទេ។ Anchalee ព្រួយ​បារម្ភ​ថា ការ​ចិញ្ចឹម​កូន​នឹង​ត្រូវ​ការ​ប្រាក់ ពេលវេលា និង​កម្លាំងបន្ថែម។ «​ខ្ញុំមិនចង់មានកូនទេ ពីព្រោះជីវិត​ខ្ញុំ​ បានបង្រៀនពីភាពលំបាក​គ្រប់គ្រាន់​ហើយ»​។ នេះបើតាមសារព័ត៌មានសិង្ហបុរី CNA ។ 
 

 កញ្ញា Anchalee Chaichanavijit (ឈរ) ។ រូបភាព ៖ CNA 
ទស្សនៈនៃការមិនចង់មានកូនកំពុងឆ្លុះបញ្ចាំងពីការគិតរបស់យុវជនថៃភាគច្រើន។ ការស្ទង់មតិរបស់វិទ្យាស្ថានជាតិសម្រាប់ការអភិវឌ្ឍន៍ថៃ(NIDA)បង្ហាញថា អត្រា ៤៤ភាគរយ មិនមានបំណងចង់មានកូនទេ។
 
ហេតុផលចម្បងៗដែលនាំឲ្យយុវជនគិតបែបនេះ ដោយសារការចំណាយលើការចិញ្ចឹមកូន ការព្រួយបារម្ភអំពីផលប៉ះពាល់នៃស្ថានភាពសង្គមលើកុមារ និងមិនចង់មានបន្ទុកមើលថែទាំក្មេង។
 
គំនិតទាំងនេះ ក៏ត្រូវបានឆ្លុះបញ្ចាំងផងដែរនៅក្នុងអត្រាកំណើតរបស់ថៃមានត្រឹមតែ ១,០៨ កាលពីឆ្នាំមុន ដែលជាប់ចំណាត់ថ្នាក់ចុងក្រោយនៅអាស៊ីអាគ្នេយ៍។ ប្រសិនបើនិន្នាការនេះនៅតែបន្ត ប្រជាជនថៃត្រូវបានប៉ាន់ប្រមាណថាអាចកាត់បន្ថយពាក់កណ្តាលពី ៦៦លាននាក់ ទៅ៣៣លាននាក់ក្នុងរយៈពេល ៦០ឆ្នាំខាងមុខ។
 
នៅឆ្នាំ១៩៧០ ថៃបានចាប់ផ្តើមកម្មវិធីផែនការគ្រួសារក្នុងគោលបំណងកាត់បន្ថយកំណើនប្រជាជន និងជំរុញសេដ្ឋកិច្ច ហើយទទួលបានជោគជ័យបន្ទាប់ពីរយៈពេល ៦ឆ្នាំ។ វានៅតែត្រូវបានអនុវត្តរហូតមកដល់សព្វថ្ងៃ ដែលស្ត្រីរៀបការរួចចំនួន ៣ភាគ៤ បានប្រើប្រាស់វិធានការពន្យារកំណើត។
 
​ថៃ​បាន​រក្សា​អត្រា​អាពាហ៍​ពិពាហ៍​​អស់​មួយ​ទសវត្សរ៍​មក​ហើយ ប៉ុន្តែ​គូស្វាមីភរិយា​បានជ្រើសរើស​មិន​មាន​កូន​ជា​បណ្ដោះអាសន្ន ឬ​ជា​អចិន្ត្រៃយ៍។ គូស្វាមីភរិយាទាំងនេះត្រូវប្រឈមមុខនឹងភាពចាស់ដោយអត់មានកូន ខណៈចំនួនមនុស្សលើសពី ៦០ឆ្នាំមានចំនួន ១ភាគ៥ នៃចំនួនប្រជាជនសរុប។
 
លោក Thawatchai Potin រស់នៅទីក្រុងបាងកក ដែលជាអ្នកជួសជុលកង្ហារតាំងពីអាយុ ២៥ឆ្នាំ ហើយបន្តរហូតដល់អាយុ ៧៤ឆ្នាំ។  លោកនិយាយថា ៖« ខ្ញុំមិនអាចរស់នៅដោយគ្មានការងារធ្វើបានទេ»។ អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩  លោកត្រូវសន្សំស៊ុតទុកដើម្បីរស់ ព្រោះប្រសិនបើលោកត្រឡប់ទៅស្រុកកំណើតវិញ Thawatchai មានអារម្មណ៍ថាលោកជាបន្ទុកដល់កូនៗ»។
 
របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃបង្ហាញថា អត្រា ៤១,៤ភាគរយនៃមនុស្សចាស់មានប្រាក់សន្សំតិចជាង ១៥០០ដុល្លារ និងអត្រា ៧៨,៣ភាគរយរកបានតិចជាង ៣០០០ដុល្លារក្នុងមួយឆ្នាំ។ ទន្ទឹមនេះ មនុស្សចាស់ម្នាក់ត្រូវការប្រាក់ប្រហែល ១២៩ពាន់ដុល្លារ ប្រសិនបើចង់ចូលនិវត្តន៍នៅក្នុងទីក្រុង។
 
កន្លងមក​ រដ្ឋាភិបាល​ថៃ​បាន​បែង​ចែក​ថវិកា​ជាង​២​លាន​ដុល្លារ​ ​ដើម្បី​ផ្តល់​ប្រាក់​​ដល់​មនុស្ស​ចាស់។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងការកើនឡើងនៃចំនួនប្រជាជនវ័យចំណាស់ រដ្ឋាភិបាលនឹងប្រឈមមុខនឹងសម្ពាធថ្មី។
 
ការផ្លាស់ប្តូរអត្រាប្រជាសាស្រ្តនេះ នឹងតម្រូវឱ្យមានការចំណាយលើការថែទាំមនុស្សចាស់ជាច្រើន រួមទាំងថ្នាំ ហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រ និងការព្យាបាលរាងកាយ។ យោងតាមការប៉ាន់ប្រមាណមនុស្សដែលមានអាយុលើសពី ៦០ឆ្នាំ នឹងមានយ៉ាងហោចណាស់ ២៨ភាគរយនៃចំនួនប្រជាជននៅឆ្នាំ ២០៣៣ ៕ 

Tag:
 ថៃ
  អត្រាកំណើត
  យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com