ជាតិ
រដ្ឋបាលខេត្តពោធិ៍សាត់ ឱ្យពលរដ្ឋដែលពាក់ព័ន្ធនៅតំបន់អន្ទង់អាំង​ សហការ​រុះ​រើ​ចេញ
25, Jun 2024 , 9:29 pm        
រូបភាព
រូបភាព៖ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់
រូបភាព៖ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់
គិតមកទល់ពេលនេះ មានពលរដ្ឋចំនួន ៧២គ្រួសារ ​​ដែលបានយល់​ព្រមចាកចេញ​ពី​តំបន់​អន្ទង់អាំង (ភ្នំ១៥០០) ក្នុងភូមិសាស្ត្រ ភូមិ​ដីក្រហម ឃុំអន្លង់រាប។ ការរៀបចំតំបន់អន្ទង់អាំង (ភ្នំ១៥០០) ឱ្យ​ទៅ​ជា​តំបន់បៃតង ក្នុងស្រុកវាលវែងនេះ មានពលរដ្ឋចំនួន​៩៨​គ្រួសារ​ជាប់​ពាក់ព័ន្ធ ហើយតម្រូវឱ្យយល់ព្រមរុះរើចេញ។

 
ដើម្បីពន្លឿនការងារ រៀបចំតំបន់អន្ទង់អាំងនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានប្រាប់ឱ្យ​ពល​រដ្ឋ​​ដែលពាក់ព័ន្ធ បន្តសហការជាមួយនឹងអាជ្ញាធរ។ នេះ​បើតាមសេចក្តីជូនដំណឹង​របស់​រដ្ឋ​បាលខេត្តពោធិ៍សាត់ ចុះថ្ងៃទី២៥ ខែមិថុនា។
 
បើតាមសេចក្តីជូនដំណឹងដដែល រដ្ឋបាលខេត្តពោធិ៍សាត់ ​បានប្រាប់ប្រជាពលរដ្ឋ ៦៧​គ្រួ​សារ ដែល​ព្រមចាកចេញពីតំបន់អន្ទង់អាំង ត្រូវបន្តសហការជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​​ត្រៀមរុះរើ ចាកចេញ​ទៅ​ទី​តាំងថ្មី ដែលរដ្ឋបាលខេត្តរៀបចំជូន។ ក្រៅពីត្រៀមរើចេញ ពល​រដ្ឋទាំង៦៧គ្រួសារ ក៏​ត្រូវ​ចូលរួមដាំដើមឈើស្តារឡើងវិញ នៅតាមចន្លោះដីដែលគ្មាន​ដំ​ណាំ ឬដីទំនេរដែលធ្លាប់ កាន់​កាប់កន្លងមក។
 
​ពលរដ្ឋចំនួន ៥គ្រួសារទៀត ក៏បានយល់ព្រមចាកចេញដែរ។ ប៉ុន្តែពលរដ្ឋទាំង៥គ្រួសារ នេះ ទទួល​​បាន​​​ការ​អនុញ្ញាត​ឱ្យ​បន្ត​ប្រមូលផលទុរេនរយៈពេល៣ឆ្នាំ ដើម្បីរំលស់ទុន​ដែល​បាន​វិនិយោគ។ ទន្ទឹមនឹងការត្រៀមចាកចេញទៅរស់នៅទីតាំងថ្មី ពលរដ្ឋទាំង៥គ្រួសារនេះ ក៏តម្រូវឱ្យ​​ដាំដើមឈើនៅចន្លោះដីដែលគ្មានដំណាំ និងមិនត្រូវ​សង់ហេដ្ឋារចនាសម្ព័ន្ធ​​ថ្មី​បន្ថែម​ឡើយ។ បើតាមរដ្ឋបាលខេត្តពោធិ៍សាត់ ពួកគេក៏អាចកាន់កាប់ និងអាស្រ័យផល នៅទីតាំងថ្មីជាបណ្តោះអាសន្ន រហូតដល់​បោះបង់ទីតាំ​ងចាស់ ទើបមានសិទ្ធិស្នើសុំធ្វើបណ្ណ​កម្មសិទ្ធិលើទីតាំងថ្មីបាន។ 
 
ចំណែកឯពលរដ្ឋចំនួន ៣១គ្រួសារ ដែលមិនទាន់យល់ព្រមចាកចេញពីតំបន់អន្ទង់អាំង អាជ្ញាធរខេត្ត ទុករយៈពេល​៣០ថ្ងៃទៀតឱ្យសម្រេចចិត្ត ហើយដាក់ពាក្យស្នើសុំគោល​នយោបាយដីធ្លី មករដ្ឋបាល​ខេត្ត​ពោធិ៍សាត់​។ ករណី​​​​ផុតកំណត់​ នៅតែមិនព្រមសម្រេច​ចិត្ត​រុះរើ​ចាកចេញ ឬ​ដាក់ពាក្យ​ស្នើ​​សុំគោលនយោបាយដីធ្លីទេ ពលរដ្ឋទាំងនោះ ត្រូវ​ទទួលខុសត្រូវ លើការខាតបង់​ប្រយោជន៍​ផ្សេងៗ​ដោយខ្លួនឯង ព្រមទាំង​ត្រូវ​ប្រឈមក្នុងការទទួលខុសត្រូវចំ​ពោះមុខច្បាប់ផងដែរ។
 
កាលពីចុងខែមីនា ឆ្នាំ២០២៤ សម្តេច ហ៊ុន ម៉ាណែត បានប្រកាសឱ្យអាជ្ញាធរ រៀបចំនិ​ង​រក្សា​ទេសភាពធម្មជាតិនៅផ្លូវអន្ទង់អាំង ឱ្យទៅជាតំបន់បៃតង ដើម្បីបម្រើប្រយោជន៍ក្នុង​វិស័យ​ទេសចរណ៍ និងទុកជាមរតកធម្មជាតិតជំនាន់៕
 
 

Tag:
 តំបន់អន្ទង់អាំង
© រក្សាសិទ្ធិដោយ thmeythmey.com