ជាតិ
វីដេអូ
ធ្វើការជាង១០ឆ្នាំលើភ្នំបូកគោ លោក ធឿន ប៊ុនថន នៅតែមិនណាយចិត្តពីសម្រស់ភ្នំ
27, Jun 2024 , 7:59 am        
រូបភាព
កំពត៖ លោក ធឿន ប៊ុនថន គឺជាប្រធានផ្នែកទីផ្សារនៃសណ្ឋាគារសុខា អូតែល បូកគោ នៅខេត្តកំពត។  ជាង ១០ឆ្នាំមកហើយដែល លោក ប៊ុនថន បានមកបម្រើការងារនៅលើកំពូលភ្នំមួយនេះ។ ស្រឡាញ់ការងារក្នុងវិស័យទេសចរណ៍ជារឿងមួយផ្នែក ប៉ុន្តែសម្រស់ដ៏ស្រស់ត្រកាលនៃភ្នំបូកគោនេះហើយ ដែលបានចងចិត្ត លោក ប៊ុនថន​ មិនអាចឃ្លាតឆ្ងាយបាន។ បើតាម​លោក ធឿន ប៊ុនថន ខ្យល់អាកាសត្រជាក់ស្រស់ស្រាយ ធម្មជាតិបៃតង​នៃភ្នំនេះ តែងតែធ្វើឱ្យលោក ក៏ដូចជាទេសចរដទៃទៀត ភ្ញាក់ផ្អើលជាមួយបរិយាកាសបរិសុទ្ធ ផ្តល់ថាមពលដល់ជីវិត និងធ្វើឱ្យផ្លូវដង្ហើមប្រសើរជាងមុន។

 
សូមលោក​ អ្នកនាងអញ្ជើញទស្សនាវីដេអូដូចតទៅ៖ 
 

មានស្រុកកំណើតនៅខេត្តព្រៃវែង លោក ធឿន ប៊ុនថន បានបញ្ចប់ការសិក្សាលើជំនាញទេសចរណ៍ និងមានឱកាសបម្រើការងារនៅសណ្ឋាគារ នៅអំឡុងឆ្នាំ២០១២។​ មូលហេតុដែលលោក មកបម្រើការងារនៅលើកំពូលភ្នំនេះ​ ព្រោះតំបន់នេះមានសក្តានុពលខ្លាំង អ្វីដែលសំខាន់ គឺអាកាសធាតុ។ មនុស្សភាគច្រើន ចាប់ផ្តើមងាកមករកខ្យល់អាកាសធម្មតា​ និងភាពស្ងប់ស្ងាត់។ 
 
បើទោះទីក្រុង មានការអភិវឌ្ឍជាបន្តបន្ទាប់ក្តី ប្រជាជន បែរគេចចេញពីភាពទំនើបស៊ីវិស័យ ហើយមកទទួលអារម្មណ៍ស្រស់ស្រាយ នៅតំបន់ភ្នំ។ បុរសវ័យ៤០ប្លាយរូបនេះ លើកឡើងថា ធម្មជាតិនៅភ្នំបូកគោ ជាប់ចំណាត់ថ្នាក់លេខ១ហើយ។ បន្ទាប់មកគឺ តំបន់ជំនឿសាសនា ផ្សារភ្ជាប់ជាមួយប្រវត្តិសាស្រ្ត ដែលជាទីទស្សនា។ 
 

«នៅពេលដែលខ្យល់អាកាសត្រជាក់ស្រស់ស្រាយ បៃតងបែបនេះ មិនថាខ្ញុំ មិនថាទេសចរទេ ពេលមកដល់ពួកគាត់តែងភ្ញាក់ផ្អើល  មានអារម្មណ៍ថាស្រស់បំព្រងតែម្តង ហើយក៏មានថាមពលដែរ។ កន្លែងដែលឈរនៅខាងក្រៅនេះ ក៏មានខ្យល់ត្រជាក់ ជួនកាលទៅមានអ័ព្ទ រសាត់មកប៉ះ  ធ្វើឱ្យត្រជាក់ស្រិបៗ។» លោក ធឿន ប៊ុនថន បានបង្ហាញពីអារម្មណ៍របស់លោក អំឡុងពេលសម្ភាស នៅខាងមុខសណ្ឋាគារសុខា អូតែល បូកគោ។ 
 
ភ្នំបូកគោ មានចម្ងាយពីប្រមាណ ១៩០គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានកម្ពស់ ១ ០៧៥ម៉ែត្រធៀបនឹងកម្រិតនីវ៉ូទឹកសមុទ្រ ស្ថិតក្នុងទឹកដីខេត្តកំពត។ ឧទ្យានជាតិព្រះមុនីវង្សនេះ មានចម្ងាយ ១១គីឡូម៉ែត្រពីក្រុងកំពត និងមានចម្ងាយ ៣២គីឡូម៉ែត្រពីជើងភ្នំទៅកំពូលភ្នំ។ ភ្នំនេះ ជាតំបន់ទេសចរណ៍ ពោរពេញដោយ និងបន្សល់ទុកនូវរឿងរ៉ាវប្រវត្តិសាស្រ្ត នៃរមណីយដ្ឋានឋានសួគ៌បូកគោ។ ឧទ្យានជាតិបូកគោ សម្បូរទៅដោយរុក្ខជាតិ សត្វព្រៃ និងសំណង់ចាស់ៗជាច្រើន។ តំបន់ទេសចរណ៍នៅឧទ្យានជាតិមួយនេះ​ បានទាក់ទាញទេសចរជាតិ និងអន្តរជាតិមកជាហូរហែ៕













Tag:
 ThmeyThmey
 ភ្នំបូកគោ
  ទេសចរណ៍
  លោក ធឿន ប៊ុនថន
© រក្សាសិទ្ធិដោយ thmeythmey.com