មហាជន នៅតែបារម្ភពីបញ្ហានិទណ្ឌភាព ក្នុងការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជា។ ពួកគេបារម្ភថា ជនល្មើស ស្រី ស៊ីណា ដែលប្រព្រឹត្តអំពើបាញ់ប្រហារយ៉ាងឃោរឃៅ ទៅលើជនរងគ្រោះ៤នាក់ បណ្ដាលឱ្យស្លាប់ និងរបួសនោះ អាចនឹងរួចទោសវិញ ក្រោយពីអនុវត្តទោសជាប់ពន្ធនាគារ ២ទៅ៣ឆ្នាំ។ បើមានករណីបែបនេះកើតឡើងពិតមែន រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ប្រកាសដើរចេញពីតួនាទីក្នុងវិស័យយុត្តិធម៌នេះ។
ក្តីកង្វល់របស់មហាជន ត្រូវបានលោក កើត រិទ្ធ ពន្យល់ និងបកស្រាយ នៅក្នុងសន្និសីទកាសែតជុំវិញសំណុំរឿង ជនល្មើស ស្រី ស៊ីណា កាលពីថ្ងៃទី២៦ មិថុនា។ ដើម្បីស្រាយកង្វល់មហាជន ដែលបារម្ភខ្លាចជនល្មើស ស្រី ស៊ីណា រួចផុតពីសំណាញ់ច្បាប់ ដែលបង្កឱ្យមាននិទណ្ឌភាពនៅកម្ពុជានេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានប្រកាសថា ជនល្មើសរូបនេះ នឹងត្រូវទទួលទោសទណ្ឌ ដោយគ្មានការលើកលែងឱ្យជាដាច់ខាត។
អមជាមួយការប្រកាសបែបនេះ លោក កើត រិទ្ធ ក៏បានបង្ហាញពីជំហទទួលខុសត្រូវ ក្នុងនាមជាប្រមុខដឹកនាំប្រព័ន្ធយុត្តិធម៌ថា ក្រោយតុលាការសម្រេចទោសជាផ្លូវការ ហើយជនល្មើស ស្រី ស៊ីណា អនុវត្តទោសជាប់ពន្ធនាគារ ត្រឹម២ទៅ៣ឆ្នាំហើយរួចខ្លួន ដូចមតិមហាជនមែននោះ រូបលោកនឹងដើរចេញពីតួនាទី និងវិស័យយុត្តិធម៌។
រដ្ឋមន្ត្រីយុត្តិធម៌ ដែលទទួលបញ្ជាផ្ទាល់ពីសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានតាមដានដោយយកចិត្តទុកដាក់យ៉ាងខ្លាំង លើសំណុំរឿងលោក ស្រី ស៊ីណា នេះ បានសង្កត់ធ្ងន់យ៉ាងដូច្នេះ៖«ប្រសិនបើបុគ្គលនេះ មិនត្រូវបានកាត់ទោស ឬត្រូវបានកាត់ទោសដូចគេនិយាយថា ជាប់(ពន្ធនាគារ)២ទៅ៣ឆ្នាំហើយចេញមកវិញ ខ្ញុំជាអ្នកទទួលខុសត្រូវមុនគេ ហើយទទួលខុសត្រូវ គឺអត់មានអ្វីទេ គឺមានតែដើរចេញឈប់ធ្វើការងារផ្នែកច្បាប់តែម្ដង»។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានសង្កត់ធ្ងន់ថា ក្រោយតុលាការសម្រេចផ្ដន្ទាទោសហើយនោះ ជនល្មើស ស្រី ស៊ីណា នឹងត្រូវអនុវត្តទោសតាមសាលដីកាតុលាការ ដោយគ្មានការលើកលែងទោស ឬបន្ធូរបន្ថយទោសជាដាច់ខាត។ បើតាមលោក កើត រិទ្ធ បុគ្គល ស្រី ស៊ីណា នឹងត្រូវដាក់បញ្ចូលក្នុងបញ្ជីឈ្មោះឧក្រិដ្ឋជនកាចសាហាវ ដែលមិនអាចទទួលបានការបន្ធូរបន្ថយទោសបានឡើយ។
«ក្នុងនាមខ្ញុំ ជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មាធិការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំលើកលែងទោស និងបន្ធូរបន្ថយទោស ខ្ញុំនឹងស្នើសុំទៅគណៈកម្មាធិការជាតិ ដាក់ឈ្មោះជននេះ ទៅក្នុងបញ្ជីឧក្រិដ្ឋជនសាហាវៗ ដែលមិនអាចទទួលបានការស្នើសុំទទួលបន្ធូរបន្ថយទោស និងលើកលែងទោសបានឡើយ ដើម្បីធានាថា អំពើសម្លាប់មនុស្សដ៏សាហាវបែបនេះ ត្រូវតែទទួលរងការជាប់ទោសក្នុងពន្ធនាគារយ៉ាងធ្ងន់ធ្ងរ ឱ្យស័ក្តិសមនឹងអ្វីដែលខ្លួនបានប្រព្រឹត្ត ស្របតាមគោលការណ៍សមទណ្ឌោ ដែលជាគោលការណ៍គ្រឹះមួយ ក្នុងវិស័យយុត្តិធម៌»។ នេះបើតាមលោក កើត រិទ្ធ។
បើតាមផ្លូវច្បាប់ រាល់ទណ្ឌិតរូបណា ដែលបានអនុវត្តទោសជាប់ពន្ធនាគារ បានចំនួន២ភាគ៣ នៃការផ្តន្ទាទោសសរុបពីតុលាការនោះ គឺរូបគេអាចទទួលបានការស្នើសុំបន្ធូរបន្ថយ ឬលើកលែងទោស តាមរយៈការត្រួតពិនិត្យ និងវាយតម្លៃពីគណៈកម្មាធិការជាតិ។ ប៉ុន្តែក្នុងករណីខ្លះ ក៏មិនអាចទទួលបានការបន្ធូរបន្ថយ ឬលើកលែងទោសដែរ អាស្រ័យលើបទល្មើសបានប្រព្រឹត្ត ដូចជាករណីភេរវកម្ម ការរំលោភសេពសន្ថវៈសាហាវឃោរឃៅជាដើម។ រដ្ឋមន្រ្តីយុត្តិធម៌ បានគូសបញ្ជាក់បែបនេះ។
ទណ្ឌិតទទួលបានការបន្ធូរបន្ថយ និងលើកលែងទោស គឺស្ថិតនៅក្នុងកម្មវិធីបុណ្យជាតិ និងទិវា ចំនួន៥ដែលរដ្ឋាភិបាលបានកំណត់ ក្នុងនោះរួមមានពិធីបុណ្យចូលឆ្នាំថ្មី, បុណ្យវិសាខបូជា, បុណ្យឯករាជ្យជាតិ, ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ (៧មករា)៕