អន្តរជាតិ
ប្រទេស៥ ដែលផ្ដល់ការរស់នៅប្រកបដោយផាសុកភាពអំឡុងពេលចូលនិវត្តន៍
19, May 2024 , 10:20 pm        
រូបភាព
ក្រុង Zurich របស់ស៊្វីស។ រូបភាព Pexels
ក្រុង Zurich របស់ស៊្វីស។ រូបភាព Pexels
ការស្ទង់មតិដោយទស្សនាវដ្ដី US News បានបង្ហាញចំពោះចំណាត់ថ្នាក់ប្រទេសល្អបំផុតចំនួន៥ ក្នុងឆ្នាំ ២០២៣ សម្រាប់ការរស់នៅអំឡុងពេលចូលនិវត្តន៍ប្រកបដោយផាសុកភាព ដោយផ្អែកលើការស្ទង់មតិជាសកលលើមនុស្សជាង ១៧០០០ នាក់។ មនុស្សចំនួន៦១០០ នាក់ស្ថិតក្នុងវ័យ ៤៥ ឆ្នាំ និងច្រើនជាងនេះ។

ការសិក្សានេះ ផ្អែកលើកត្ដាចំនួនប្រាំពីរដែលរួមមាន តម្លៃសមរម្យ បរិយាកាសពន្ធអំណោយផល ភាពរួសរាយរាក់ទាក់ ចំណាប់អារម្មណ៍ចូលចិត្ត អាកាសធាតុអំណោយផល ការគោរពសិទ្ធិអចលនទ្រព្យ និងមានប្រព័ន្ធសុខភាពសាធារណៈដែលត្រូវបានអភិវឌ្ឍយ៉ាងល្អ។ ខាងក្រោមនេះ ជាប្រទេសចំនួន៥ ដែលផ្តល់ការរស់នៅដ៏ល្អ ក្នុងអំឡុងពេលចូលនិវត្តន៍។ 
 
លំដាប់ទី ៥៖ អេស្ប៉ាញ 
 
ក្នុងចំណោមអ្នកដែលបានចូលរួមក្នុងការស្ទង់មតិដែលមានអាយុលើសពី ៤៥ ឆ្នាំ អេស្ប៉ាញ ត្រូវបានមើលឃើញថា ជាប្រទេសមានភាពរួសរាយរាក់ទាក់ អាកាសធាតុអំណោយផល និងមានវប្បធម៌ដែលងាយចុះសម្រុង។ កត្ដាទាំងនេះអនុញ្ញាតឱ្យជនបរទេស អាចមានការផ្លាស់ប្តូរកាន់តែរលូនសម្រាប់ការចូលនិវត្តន៍នៅទីនោះ។ 
 
អេស្ប៉ាញក៏ជាប្រទេសដែលត្រូវបានមើលឃើញថា អាចរស់នៅប្រកបដោយភាព​សប្បាយ ​រីក​រាយជាមួយ​នឹង​អាហារ​ដ៏​ឆ្ងាញ់ និង​ភាព​ទាក់​ទាញ​វប្បធម៌​ជា​ច្រើន។ 
 
បន្ថែមពីនេះ អេស្ប៉ាញមានទិដ្ឋាការមួយដែលធ្វើអោយការស្នាក់នៅមានភាពងាយ ស្រួលក្នុងការទទួលបានសម្រាប់អ្នកដែលចំណាយថវិកាយ៉ាងហោចណាស់ ៥៤ម៉ឺនដុល្លារ លើអចលនទ្រព្យនៅទីនោះ។
 
លំដាប់ទី៤ ៖ នូវែលសេឡង់
 
ប្រទេសមួយនេះត្រូវបានចាត់ទុកថាជាប្រទេសដែលមានភាពរីករាយ និងរួសរាយរាក់ទាក់ក្នុង ចំណោមអ្នកឆ្លើយសំណួរនៅវ័យ ៤៥ឆ្នាំឡើងទៅ ហើយជាកន្លែងកំពូលដែលអ្នកឆ្លើយ តបទាំងនោះបានបញ្ជាក់ថាពួកគេនឹងទៅរស់នៅ។ នូវែលសេឡង់ក៏ជាប្រទេសដែលមាន ទេសភាពស្អាតបំផុតមួយផងដែរ។
 
លំដាប់ទី៣ ៖ អូស្ត្រាលី
 
ជាមួយនឹងកេរ្តិ៍ឈ្មោះសម្រាប់ទេសភាពដ៏ស្រស់បំព្រង ការទាក់ទាញដោយទីតាំងភូមិសាស្រ្ត និងព្រមទាំងភាពរស់រាយរាក់ទាក់នៃប្រជាជននៅទីនោះ អូស្ត្រាលីទទួលបានការយកចិត្ត ទុកដាក់ខ្ពស់ក្នុងចំណោមអ្នកឆ្លើយសំណួរវ័យ ៤៥ឆ្នាំឡើងទៅ។ យ៉ាងណាមិញ ការចំណាយ លើការរស់នៅក្នុងទីក្រុងក្នុងប្រទេសនេះអាចជាការរារាំងសម្រាប់មនុស្សមួយចំនួន ខណៈ ដែលទោះបីការរស់នៅតាមជនបទក៏អាចមកជាមួយការចំណាយខ្ពស់ក៏ផងដែរ។
 

ទីក្រុង Sydney របស់អូស្រ្តាលី។ រូបភាព Pexels
 
លំដាប់ទី ២ ៖ ព័រទុយហ្កាល់
 
ព័រទុយហ្កាល់ត្រូវបានចាត់ទុកថាជាប្រទេសដែលមានតម្លៃសមរម្យបំផុតក្នុងចំណោមប្រទេសកំពូលទាំងប្រាំ ក៏ដូចជាប្រទេសកំពូលសម្រាប់អាកាសធាតុដ៏សមប្រកប។ អ្នកចូលរួមក្នុង ការស្ទង់មតិក៏មើលឃើញព័រទុយហ្កាល់ជាប្រទេសដែលមានវប្បធម៌ដែលបើកចំហផងដែរ។
រួមជាមួយនឹងតម្លៃរស់នៅទាបព័រទុយហ្កាល់ថែមទាំងមានរបបពន្ធដែលអាចមានប្រយោជន៍ សម្រាប់ជនបរទេសទៀតផង។
 
លំដាប់ទី ១៖ ស៊្វីស
 
ស៊្វីស ជាប្រទេសល្អបំផុតសម្រាប់ការចូលនិវត្តន៍ប្រកបដោយផាសុកភាព។ អ្នកឆ្លើយការស្ទង់ មតិដែលមានអាយុលើសពី ៤៥ឆ្នាំចាត់ទុកថា ស៊្វីសមានបរិយាកាសពន្ធអំណោយផល និងការគោរពសិទ្ធិអចលនទ្រព្យដែលជាកត្តាសំខាន់សម្រាប់អ្នកចូលនិវត្តន៍ដែលមានកញ្ចប់សន្សំថវិកាដែលត្រូវពិចារណា។ ស៊្វីសក៏ជាប្រទេសកំពូលទាំង ១០ ទាក់ទងនឹងការមានប្រព័ន្ធ សុខភាពសាធារណៈដែលត្រូវបានអភិវឌ្ឍយ៉ាងល្អផងដែរ៕
 

ទីក្រុងប៊ែនរបស់ស្វ៊ីស។ រូបភាព Pexels


Tag:
 (អេស្ប៉ាញ
  នូវែលសេឡង់
  អូស្រ្តាលី
  ព័រទុយហ្កាល់
  ស៊្វីស)
© រក្សាសិទ្ធិដោយ thmeythmey.com