អន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអុីរ៉ង់៖ គ្មានអ្នកនៅរស់ត្រូវបានរកឃើញក្នុងករណីធ្លាក់ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតី
20, May 2024 , 10:56 am        
រូបភាព
លោក Ebrahim Raisi ប្រធានាធិបតីអុីរ៉ង់ និងទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ។ រូបភាព AFP និងIran International English
លោក Ebrahim Raisi ប្រធានាធិបតីអុីរ៉ង់ និងទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ។ រូបភាព AFP និងIran International English
ក្រុមអ្នកជួយសង្រ្គោះ មិនបានរកឃើញ អ្នកនៅរស់រានមានជីវិតឡើយនៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រដែលដឹកប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។ ទីភ្នាក់ងារព័ត៌មានរដ្ឋ IRINN និង Mehr បានចុះផ្សាយបែបនេះ នៅថ្ងៃទី២០ ខែឧសភា។

 
បន្ទាប់ពីក្រុមអ្នកជួយសង្រ្គោះដែលមានសមាជិកប្រមាណ ៧៣នាក់ បានទៅដល់ទីតាំងធ្លាក់ឧទ្ធម្ភាគចក្ររបស់ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi គេមិនបានរកឃើញមនុស្សនៅរស់រានមានជីវិតឡើយ។ 
 
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ Hossein Amir-Abdollahian ក៏មានវត្តមានលើឧទ្ធម្ភាគចក្រនោះដែរ។ ករណីធ្លាក់យន្តហោះនេះ បានកើតមាននៅក្បែរភូមិ Tavil ក្នុងខេត្ត Azerbaijan ខាងកើត ស្របពេលមានអាកាសធាតុមិនល្អ បន្ទាប់ពីដឹកប្រធានាធិបតីមកពីកម្មវិធីមួយជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់។ 
 
លោក Ebrahim Raisi បានជាប់ឆ្នោតនៅក្នុងឆ្នាំ២០២១ ដោយគ្មានដៃគូប្រជែងសំខាន់។ តាមការចុះផ្សាយរបស់សារព័ត៌មាន CNN លោក Raisi បានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោក Khomeini ហើយត្រូវបានរំពឹងថា អាចនឹងស្នងតំណែងមេដឹកនាំកំពូលវ័យ ៨៥ឆ្នាំនោះថែមទៀត។ 
 
មេដឹកនាំបន្ទាប់ដែលអាចស្នងតំណែងជាប្រធានាធិបតីបន្ទាប់ គឺលោក Mohammad Mokhber អនុប្រធានាធិបតីទីមួយរបស់អ៊ីរ៉ង់ ប្រសិនបើទទួលបានការយល់ព្រមពីមេដឹកនាំកំពូល លោក Khomeini៕ 

Tag:
 អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com