ជាតិ
សិស្សនៃក្លិបតែងនិពន្ធ ដាក់លក់សៀវភៅជាង ១០ចំណង ក្នុងពិព័រណ៍ស្នាដៃសិស្ស
01, Jul 2024 , 10:19 am        
រូបភាព
ដោយ៖ ជ ដារី
 
ភ្នំពេញ៖ សិស្សក្លិបតែងនិពន្ធ នៃសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រែកលៀប បានដាក់លក់ សៀវភៅជាង១០ចំណងជើង ក្នុងការតាំងពិព័រណ៍ស្នាដៃសិស្ស។ រួមមានសៀវភៅប្រ លោម លោក ជំនឿ សៀវភៅលើកទឹកចិត្ត និងសៀវភៅអក្សរសិល្ប៍ខ្មែរជាដើម។ សៀវភៅ ទាំងនេះ គឺជាស្នាដៃតែងនិពន្ធរបស់សិស្ស ដោយកើតចេញពីការស្រមើស្រមៃ និងផ្តោតលើ សាច់រឿងពិតមួយចំនួន។

 
យុវតី ទៀង ស្រីណុច ជាថ្នាក់ទី១២ នៃសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រែកលៀប។ ស្រី ណុច ជាសមាជិកមួយរូប ស្ថិតនៅក្នុងក្លិបតែងនិពន្ធផងដែរ។ យ៉ាងណាមិញ នៅក្នុងការតាំងពិព័រណ៍ស្នាដៃសិស្ស ក្លិបតែងនិពន្ធ បាននាំយកស្នាដៃទាំងអស់ មកដាក់បង្ហាញ និងលក់ជូនសិស្សានុសិស្ស និងអ្នកដើរទស្សនា។


យុវតី ទៀង ស្រីណុច ជាថ្នាក់ទី១២ នៃសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រែកលៀប។
 
យុវតីវ័យ ១៩ឆ្នាំរូបនេះ បានរៀបរាប់ថា ការនិពន្ធសៀវភៅនេះ គឺផ្ដោតសំខាន់ទៅលើរឿងខ្មោច ដែលទាក់ទង់ទៅនឹងអបិយជំនឿ។ ដូច្នេះទើបក្របសៀវភៅ បានសរសេរចំណាំថា កុមារអាយុចាប់ពី ១៥ឆ្នាំឡើយទើបអានបាន។ «សម្រាប់សៀវភៅមួយក្បាល គឺមានតម្លៃក្រោម ៤ដុល្លារ។ ដោយសារខ្ញុំមើលឃើញថា សិស្សមួយចំនួនមិនមានលទ្ធភាពទិញនោះទេ។ ចំណែកអ្នកគាំទ្រ នៅក្នុងថ្ងៃនេះ គឺមានច្រើនសូម្បីលោកគ្រូ អ្នកគ្រូក៏មកគាំទ្រស្នាដៃពួកខ្ញុំដែរ។»។ កញ្ញា ទៀង ស្រីណុច និយាយទាំងទឹកមុខញញឹម ព្រោះស្នាដៃក្រុមខ្លួនទទួលបានការគាំទ្រច្រើន។ 
 
សមាជិកក្នុងក្លិបអ្នកនិពន្ធវ័យក្មេងរូបនេះ បន្តថាការនិពន្ធ ត្រូវប្រើរយៈពេលវែង។ រឿងខ្លះ អាចចាយពេលទៅដល់៦ខែ អាស្រ័យទៅតាមប្រភេទរឿងខ្លី ឬវែង។ ក្នុងចំណោមសៀវភៅទាំងអស់ គឺសៀវភៅមានចំណងជើង « ព្រាយស្រឡាញ់នាងក្រមុំ» ទទួលបានប្រជាប្រិយភាពជាងគេ។ រឿងមួយនេះបានរំលេចពីរឿងស្នេហារបស់យុវជន លាយឡំនឹងការឈឺចាប់ផងដែរ។


 
ក្នុងចំណោមសៀវភៅដែលដាក់លក់នៅក្នុងពិព័រណ៍ស្នាដៃសិស្សនៃសាលាជំនាន់ថ្មីវិទ្យាល័យព្រែកលៀបនេះ ក៏មានសៀវភៅ២ចំណងជើងដែលជាស្នាដៃនិពន្ធផ្ទាល់របស់ កញ្ញា ទៀង ស្រីណុចដែរ ដែលមានចំណងជើង«រឿងនិទានពេលយប់» និង«ពិភពនៃរឿងនិទាន»។ អត្ថន័យក្នុងសៀវភៅ បានដកស្រង់ពីហេតុការណ៍ពិត ដែលកើតមានជាក់ស្ដែង និងបទពិសោធដែលធ្លាប់ឆ្លងកាត់ លាយឡំជាមួយការច្នៃប្រឌិត។ កញ្ញា ទៀង ស្រីណុច បន្ថែម៕









Tag:
 អប់រំ
  ពិព័រណ៍ស្នាដៃសិស្ស
  សាលាជំនាន់ថ្មី
  វិទ្យាល័យព្រែកលៀប
© រក្សាសិទ្ធិដោយ thmeythmey.com