សង្គមអន្តរជាតិ
អន្តរជាតិ
អគ្គិភ័យឆាបឆេះផ្សារលក់សត្វចិញ្ចឹមក្រុងបាងកក បណ្តាលសត្វរាប់ពាន់ក្បាលងាប់ ក្រុមពន្លត់អគ្គិភ័យជួយសង្រ្គោះសត្វចិញ្ចឹមនៅផ្សារ Chatuchak ។ រូបភាព ៖ AFP
× អគ្គិភ័យបានលេបត្របាក់ផ្សារលក់សត្វចិញ្ចឹមក្នុងទីក្រុងបាងកក សត្វរាប់ពាន់ក្បាលដូចជា ឆ្កែ ឆ្មា បក្សី និងពស់ ត្រូវបានងាប់នៅក្នុងភ្នក់ភ្លើង។ នេះបើតាមចុះផ្សាយរបស់កាសែត Bangkok Post។
លោក Tivakorn Prongseng អធិការខណ្ឌ Chatuchak បានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះចេញពីកន្លែងលក់ត្រីនៅផ្សារ Sri Somrat ជាប់ផ្សារ Chatuchak ដែលជាផ្សារដ៏ល្បីល្បាញវេលាម៉ោងប្រហែល ៤ទៀបភ្លឺ ថ្ងៃទី១១ ខែមិថុនា។ អគ្គិភ័យបានឆាបឆេះតូបជាង១០០ លើផ្ទៃដីប្រមាណ១៣០០ម៉ែត្រការ៉េ។
ការឆាបឆេះនេះ ត្រូវបានរថយន្តពន្លត់អគ្គិភ័យបាញ់ពន្លត់នៅម៉ោងប្រហែល៦ព្រឹក ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុ។ បើតាមលោក Tivakorn អគ្គិភ័យនេះមិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ប៉ុន្តែសត្វជាច្រើនដែលជាប់ក្នុងទ្រុងបានងាប់ក្នុងភ្នក់ភ្លើង។
អ្នកលក់និយាយថា ពួកគេបានបាត់បង់សត្វមួយចំនួនធំ ដូចជា ត្រីលម្អ ឆ្មា ឆ្កែ សត្វស្លាប ស្វា និងប្រភេទសត្វកម្រ ដែលមានតម្លៃថ្លៃៗ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សត្វចិញ្ចឹមរាប់រយក្បាលបានងាប់ ប៉ុន្តែលោក Tivakorn បាននិយាយថា វាលឿនពេកក្នុងការនិយាយចំនួនពិតប្រាកដ។ យ៉ាងណាមិញ ក្រុមអាជីវករបានអះអាងថា សត្វរាប់ពាន់ក្បាលបានងាប់។
រដ្ឋាភិបាលទីក្រុងបាងកកបានបញ្ជូនក្រុមជំនាញទៅកន្លែងកើតហេតុ ដើម្បីប្រមូលព័ត៌មានពីម្ចាស់ហាងដែលរងផលប៉ះពាល់ និងវាយតម្លៃការខូចខាត។
អភិបាលក្រុងបាងកកលោក Chadchart Sittipunt ក៏បានទៅពិនិត្យនៅកន្លែងកើតហេតុផ្ទាល់ដែរ។ លោក បានបញ្ជាក់ថា ប្រជាជនអាចជួយម្ចាស់ហាងដែលរងផលប៉ះពាល់ដោយផ្តល់ជម្រកដល់សត្វដែលនៅរស់។
អគ្គិភ័យបានឆាបឆេះផ្នែកខ្លះនៃផ្សារ Chatuchak ដែលលក់អ្វីគ្រប់យ៉ាងតាំងពីវត្ថុបុរាណ និងគ្រឿងអេឡិចត្រូនិច។ ផ្សារនេះជាកន្លែងទាក់ទាញភ្ញៀវទេសចរសំខាន់ ហើយក៏ជាកន្លែងដើរទិញឥវ៉ាន់ដ៏ពេញនិយមសម្រាប់អ្នកស្រុកដែរ។
ក្រុមអភិរក្សធ្លាប់បានសម្តែងការព្រួយបារម្ភអំពីការជួញដូរសត្វនៅតំបន់នោះ។ អាជ្ញាធរថៃតែងតែធ្វើអធិការកិច្ចជារឿយៗ ដើម្បីរកឃើញករណីជួញដូរនូវប្រភេទសត្វជិតផុតពូជ៕
© រក្សាសិទ្ធិដោយ thmeythmey.com