RFI
អន្តរជាតិ
អ.ស.ប.៖ សារធាតុជាតិពុលគីមី ជាវិបត្តិបរិស្ថាននិងសុខភាព លំដាប់ទីបី ![អ.ស.ប.៖ សារធាតុជាតិពុលគីមី ជាវិបត្តិបរិស្ថាននិងសុខភាព លំដាប់ទីបី Getty Images - onuma Inthapong](https://image.thmeythmey.com/pictures/2024/06/18/18620241740download.jpg)
អ.ស.ប.៖ សារធាតុជាតិពុលគីមី ជាវិបត្តិបរិស្ថាននិងសុខភាព លំដាប់ទីបី Getty Images - onuma Inthapong
×![]()
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
សារធាតុពុលគីមី បានជ្រៀតចូលដោយស្ងាត់និងអាថ៌កំបាំងបំផុតក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សលោក និងបានក្លាយជាកង្វល់ថ្មីសម្រាប់សុខភាពនិងអាកាសធាតុ។ ហេតុដូច្នេះហើយបានអ្នកជំនាញបានស្វះស្វែងតាំងពីជាង២០ឆ្នាំមកហើយ បង្កើតស្ថាប័នមួយដែលប្រមូលផ្តុំក្រុមអ្នកជំនាញអន្តររដ្ឋាភិបាលស្តីពីការវិវឌ្ឍន៍សារធាតុពុលគីមី តាមគំរូស្ថាប័នជំនាញអាកាសធាតុGiec។ ក្រុមអ្នកជំនាញកំពុងជួបប្រជុំគ្នានៅប្រទេសស្វ៊ីស ពីថ្ងៃចន្ទទី ១៧ ដល់ថ្ងៃ២១មិថុនា ដើម្បីសម្រេចកម្មវត្ថុនេះ ប៉ុន្តែនៅមានឧបសគ្គរារាំងច្រើនណាស់។
ក្នុងចំណីអាហារ និងកសិកម្ម សម្លៀកបំពាក់ វត្ថុប្រើប្រាស់ប្រចាំថ្ងៃ-ក្នុងផ្ទះ ថ្នាំពេទ្យ ផលិតផលអេឡិចត្រូនិក សម្ភារៈសំណង់ ។ល។ សុទ្ធតែមានសារធាតុគីមី ទាំងអស់ ពោលគឺផែនដីទាំងមូល ជាពិភពចម្រុះទៅដោយសារធាតុគីមី ច្នៃដោយស្នាដៃមនុស្សយ៉ាងសម្បូរបែបបំផុត។ បច្ចុប្បន្នគេរាប់ឃើញមានសារធាតុគីមីឧស្សាហកម្មពី៤ទៅ៦ម៉ឺនមុខធ្វើចរាចរណ៍នៅលើពិភពលោក ក្នុងចំណោមសារធាតុគីមីចំនួន២១៩លានមុខដែលអ្នកស្រាវជ្រាវស្រង់បានតាំងពីឆ្នាំ១៨០០មក។ សារធាតុគីមីទាំងនោះ ត្រូវបានបែងចែងទៅជាក្រុមៗទៅតាមបម្រើបម្រាស់ (សារធាតុគីមីសម្លាប់សត្វល្អិត សម្រាប់សម្អាត សម្រាប់លាង ថ្នាំពេទ្យ ជីគីមី...) ឬទៅតាមរចនាសម្ព័ន្ធគីមី (ជាពពួកផលិតពីប្រេងកាតអ៊ីដ្រូកាបួរ ជាលោហៈ ជាមូលេគុលសំយោគ...) ឬទៅតាមប្រភេទ ជាអាស៊ីត ជាសារធាតុសម្រាប់ដំឡើងពណ៌ និងក្លិន។ល។
ប៉ុន្តែការអភិវឌ្ឍន៍គីមីប្រកបដោយមោទនភាពនេះកំពុងក្លាយជាកង្វល់សកលទៅវិញ ព្រោះពេលនេះផែនដីកំពុងតែបំពុលដោយសំរាមសារធាតុគីមី។ ផលិតរបស់គីមីហើយចែកគ្នាប្រើ- ប្រើ រួចក៏បោះចោល ទៅក្នុងធម្មជាតិ។ សំណល់គីមីពុល បានជ្រៀតចូលដល់គ្រប់ទិសទី ក្នុងទឹក លើដី ក្នុងបរិយាកាស។ សូម្បីតែកោសិកាខ្លាញ់របស់ខ្លាឃ្មុំសនៅតំបន់ប៉ូលក៏មានជាតិពុលគីមីដែរ។ ប្រតិភូវិទ្យាសាស្ត្រនៃវិទ្យាស្ថានបរិស្ថានបារាំង យល់ថាសម្ពាធដែលផែនដីប្រឈមនឹងជាតិពុលគីមីមានទម្ងន់ដូចប្រឈមនឹងការប្រែប្រួលអាកាសធាតុយ៉ាងដូច្នោះ។ ផលិតផលឧស្សាហកម្មគីមីសំយោគ (ថ្នាំសម្លាប់សត្វល្អិត ថ្នាំពេទ្យ...) ការទាញ ចម្រាញ់យកវត្ថុធាតុដើមធម្មជាតិ ជាការបំផ្លាញបរិស្ថាននិងជីវិតដ៏ធ្ងន់ធ្ងរនិងមិនអាចស្តារឡើងវិញបានទេ។
អង្គការសហប្រជាជាតិបានចាត់ទុកសារធាតុគីមីពុលជាវិបត្តិបរិស្ថានលំដាប់ទីបី បន្ទាប់ពីការឡើងកម្តៅអាកាសធាតុ និងការបាត់បង់ជីវចម្រុះ។ សារធាតុគីមីពុលមិនជះឥទ្ធិពលភ្លាមដល់សុខភាពទេ តែបញ្ជីឈ្មោះជំងឺបង្កឡើងជាតិគីមី វែងខ្លាំងណាស់ ដូចជាធ្វើឱ្យមានវិបត្តិបញ្ញា វិបត្តិបន្តពូជ វិបត្តិបេះដូងនិងផ្លូវដង្ហើម មានជំងឺទឹកនោម ជំងឺធាត់ជ្រុល និងធ្វើឱ្យខ្សោយប្រព័ន្ធការពារខ្លួន ប្រព័ន្ធអ័រមូនលូតលាស់។ល។ ផលិតផលគីមីខ្លះ ជាភ្នាក់ងារនាំឱ្យកើតជំងឺមហារីកផង។ សារធាតុគីមីពុល អាចបង្កផលវិបាកមួយទៀតដល់អាកាសធាតុ។
បើដឹងអំពីផលវិបាកហើយម្តេចឡើយចាំបាច់ត្រូវបង្កើតស្ថាប័នក្រុមអ្នកជំនាញអន្តររដ្ឋាភិបាលដើម្បីសិក្សាការវិវឌ្ឍន៍នៃសារធាតុគីមីធ្វើអ្វី? ការផ្តួចផ្តើមបង្កើតសន្ធិសញ្ញាពហុភាគីដើម្បីគ្រប់គ្រងការបំពុលសារធាតុគីមី មានតាំងពីឆ្នាំ១៩៨៥។ សហភាពអឺរ៉ុបមានច្បាប់ត្រួតពិនិត្យការផលិតនិងនាំចូលផលិតផលមានជាតិគីមីតាំងពីឆ្នាំ២០០៧មក។ ក្នុងកំរិតពិភពលោក អង្គការសហប្រជាជាតិ បានអនុម័តនៅចុងឆ្នាំ២០២៣ ច្បាប់ទប់ស្កាត់ការរីកសាយភាយសារធាតុគីមី ពិសេសថ្នាំសម្លាប់សត្វល្អិតកសិកម្ម ឱ្យបាននៅឆ្នាំ២០៣៥។ តែគ្មានទេ រចនាសម្ព័ន្ធមានសមត្ថភាពច្បាស់លាស់ ដូចស្ថាប័នក្រុមអ្នកជំនាញអាកាសធាតុអង្គការសហប្រជាជាតិ ដែលអាចប្រមូលទិន្នន័យវិទ្យាសាស្ត្រទាំងឡាយកំរិតពិភពលោក។ ទើបក្រុមអ្នកជំនាញត្រូវជួបពិភាក្សាគ្នាជាលើកទីបីនៅសប្តាហ៍នេះ នៅប្រទេសស្វ៊ីស ដោយមានតំណាងនយោបាយ សង្គមស៊ីវិលនិងអ្នកការពារឧស្សាហកម្មគីមី មកពីជាង១០០ប្រទេសចូលរួម។ កម្មវត្ថុគឺសម្រេចឱ្យមានស្ថាប័នអ្នកជំនាញដែលមានក្បាលម៉ាស៊ីនដឹកនាំត្រឹមត្រូវ។ ការគាំទ្រហិរញ្ញវត្ថុនិងបច្ចេកទេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ជាចំណុចខ្ទាស់ធំមួយ តែអ្វីដែលលំបាកបំផុត គឺទំនាស់ផលប្រយោជន៍តែម្តង៕
© រក្សាសិទ្ធិដោយ thmeythmey.com