កីឡាជាតិ
ជាតិ
ជាអ្នករើសអេតចាយ លោក អ៊ីវ សុខន ជំរុញកូនប្រុសទាំងបីឱ្យខំរត់ដើម្បីអនាគតភ្លឺស្វាង
21, Jun 2024 , 5:26 pm        
រូបភាព
ដោយ គឹម មករា និង អ៊ឹង ចំរើន

កូនចៅក្លាយជាអត្តពលិកតំណាងជាតិ គឺជាក្តីសុបិនរបស់ឪពុកម្តាយដែលភ្ជាប់និស្ស័យជាមួយវិស័យកីឡា។ សម្រាប់លោក អ៊ីវ សុខន ផ្ទាល់ អ្វីៗបានរំលងផុតអស់ទៅហើយ ប៉ុន្តែបុរសដែលប្រកបរបររើសអេតចាយរូបនេះ មានកូនប្រុសរហូតដល់ទៅ៣រូប ដែលអាចធ្វើឱ្យសុបិនគ្រួសារក្លាយជាការពិត។ កូនភ្លោះពីរនាក់អាយុ១៦ឆ្នាំ និងកូនពៅអាយុ៩ឆ្នាំរបស់លោក សុខន សុទ្ធតែមានទេពកោសល្យ និងជំនាញ លើកីឡារត់ប្រណាំង ហើយលោកតែងតែដឹកម៉ូតូជូនពួកគេទៅចូលរួមប្រកួត ក៏ដូចជារត់កម្សាន្តស្ទើរគ្រប់កម្មវិធីក្នុងរាជធានីភ្នំពេញ ហើយពេលខ្លះទៅតាមបណ្តាខេត្តផងដែរ។ លោករំពឹងថា ពួកគេនឹងមានអនាគតល្អប្រសើរជាងលោកទាំងការសិក្សា និងកីឡា។



ជាមួយនឹងម៉ូតូហុងដាបង់រម្លស់មួយគ្រឿង លោក អ៊ីវ សុខន តែងតែដឹកកូនប្រុសទាំង៣រូប ទៅចូលរួមព្រឹត្តិការណ៍រត់កម្សាន្ត/រត់ប្រណាំង ជាពិសេសនាព្រឹកព្រលឹមចុងសប្តាហ៍ តាមបណ្តាទីតាំងនានាក្នុងរាជធានីភ្នំពេញ ដោយចាប់តាំងពីពហុកីឡដ្ឋានជាតិមរតកតេជោ ដល់កោះពេជ្យ កោះនរា ប៉េងហួតបឹងស្នោ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឬនៅបរិវេណសួនអេដែនបឹងកក់ ជាដើម។



ចង់ឱ្យកូនមានអនាគតល្អប្រសើរជាងខ្លួនទាំងកីឡា និងការសិក្សា

លោក សុខន មិនមានជីវភាពធូរធានោះឡើយ។ បុរសវ័យ៤២ឆ្នាំរូបនេះ ចិញ្ចឹមជីវិតដោយរបរដើររើសអេតចាយលក់ និងពេលខ្លះស៊ីឈ្នួលសែងអ៊ីវ៉ាន់ដាក់កុងតឺន័រ រីឯភរិយារបស់លោក ជាកម្មការិនីរោងចក្រ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបន្តដើរតាមក្តីស្រមៃរបស់ខ្លួនតាមការជំរុញកូនៗឱ្យខំប្រឹងប្រែងដើម្បីទទួលបានឱកាសជាប់ថ្នាល ហើយរំពឹងក្លាយជាអត្តពលិកនៃកីឡាអត្តពលកម្មជម្រើសជាតិ នាពេលអនាគត។



មានកំណើតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ លោក សុខន ក៏ជាអតីតកីឡាករអត្តពលកម្មមួយរូបផងដែរដោយលោកអះអាងថា ធ្លាប់ទទួលបានមេដាយថ្នាក់ជាតិ កាលពីអំឡុងឆ្នាំ២០០៣ និងឆ្នាំ២០០៤។ លោកបានចាកចេញពីវិស័យនេះ នៅឆ្នាំ២០០៧ ដោយសារតែទម្រង់ធ្លាក់ចុះ ហើយមិនទទួលបានប្រាក់ឧបត្ថម្ភគ្រប់គ្រាន់។

«នៅឆ្នាំ២០០៣ ខ្ញុំធ្លាប់បានមេដាយមាសថ្នាក់ជាតិពីការរត់ម៉ារ៉ាតុន។ ខ្ញុំក៏បានបាត់បង់ឱកាសក្លាយជាកីឡាករជម្រើសជាតិដោយសារតែវ័យជ្រេ ប៉ុន្តែខ្ញុំរំពឹងថា កូនៗខ្ញុំអាចបន្តក្តីសង្ឃឹមខ្ញុំបាន»។ លោកបានបញ្ជាក់យ៉ាងដូច្នេះ ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ ដោយវាយតម្លៃថា ស្ថានភាពអត្តពលិកនាពេលបច្ចុប្បន្ន ល្អប្រសើរច្រើនជាងមុន។

ក្នុងកម្មវិធីរត់កម្សាន្ត (Fun Run) ចុងសប្តាហ៍ចម្ងាយ៥គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និងពេលខ្លះ២១គីឡូម៉ែត្រ ដែលរៀបចំដោយក្រុមរត់មួយចំនួនដូចជា ក្រុម KK Running Club, ក្រុម Sabay Running Club ឬក្រុម Garmin Run Club Cambodia ជាដើម កូនៗរបស់លោក សុខន តែងតែបង្ហាញភាពលេចធ្លោ និងទទួលបានចំណាត់ថ្នាក់លេខ១ លេខ២ ឬលេខ៣ ជាញឹកញាប់។

ចំពោះការសិក្សាវិញ លោក សុខន រៀនចប់តាមថ្នាក់ទី៩ប៉ុណ្ណោះ ប៉ុន្តែលោកចង់ឱ្យកូនៗទៅឆ្ងាយជាងខ្លួន ព្រោះចង់ឃើញពួកគេក្លាយជាមនុស្សមានចំណេះដឹងជ្រៅជ្រះ និងជាមនុស្សមានប្រយោជន៍ច្រើនសម្រាប់សង្គមជាតិ។ លោកលើកឡើងប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា៖ «ខ្ញុំជឿថា កូនៗខ្ញុំនឹងធ្វើបានល្អជាងខ្ញុំ ព្រោះពួកគេមានឱកាសច្រើន ហើយខ្ញុំក៏នឹងធ្វើគ្រប់បែបយ៉ាងដើម្បីឱ្យអនាគតពួកគេល្អប្រសើរជាងខ្ញុំ»។

សុបិនលើផ្លូវដ៏រលាក់..



ពិតណាស់ មនុស្សគ្រប់រូបត្រូវតែមានក្តីសុបិន ហើយព្យាយាមដើម្បីឱ្យសុបិនខ្លួនក្លាយជាការពិត។ លោក សុខន ដែលខិតខំគ្រប់យ៉ាងដើម្បីកូនៗ ក៏មិនបោះបង់នោះដែរ ប៉ុន្តែលោកទទួលស្គាល់ឧបសគ្គចំពោះមុខ។ រស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ លោកឪពុករូបនេះ ត្រូវរ៉ាប់រងដោះស្រាយបញ្ហាចំណាយដែលមានច្រើនជាងចំណូល។

លោករកចំណូលពីការដើររើសអេតចាយ ភាគច្រើននៅម្តុំផ្សារនាគមាស ឬនៅតាមដងផ្លូវ បានជាមធ្យម៣ម៉ឺនរៀលប៉ុណ្ណោះក្នុង១ថ្ងៃ តែថ្ងៃខ្លះ លោកអាចរកបានដល់២០ម៉ឺនរៀល ប្រសិនបើទីតាំងរើសមានពិធីបុណ្យទានផ្សេងៗ។ លោកតែងតែជិះម៉ូតូសណ្ដោងដោយរទេះដាក់អេតចាយ និងជួនកាលមានដឹកកូនប្រុស៣នាក់ទៅជាមួយផងដែរក្នុងករណីពួកគេមិនមមាញឹកមើលមេរៀនត្រៀមប្រលង។



កន្លងមកលោកធ្លាប់បម្រើការជាសន្តិសុខ ប៉ុន្តែចំណូលប្រចាំថ្ងៃបច្ចុប្បន្ន គឺផ្អែកការដើររើសអេតចាយលក់ចន្លោះម៉ោង៦ល្ងាចដល់ម៉ោង១១យប់ ហើយពេលថ្ងៃលោកឆ្លៀតដើរស៊ីឈ្នួលលើកអីវ៉ាន់ចេញពីកុងតឺន័រ។ រួមផ្សំជាមួយប្រាក់ខែភរិយាពីរោងចក្រ និងចំណូលពីអេតចាយ ក៏មិនអាចឱ្យគ្រួសារលោក សុខន ទប់ទល់នឹងការចំណាយយ៉ាងហោចណាស់៥ម៉ឺនរៀលក្នុង១ថ្ងៃនោះឡើយ។ រៀងរាល់ខែ លោក និងភរិយាត្រូវចំណាយលើថ្លៃជួលផ្ទះរួមទាំងទឹកភ្លើងជាង១០០ដុល្លារ សងធនាគារ២៧៥ដុល្លារ បង់រម្លស់ម៉ូតូ៨៦ដុល្លារ និងបង់ការប្រាក់ក្រៅប្រព័ន្ធ១០០ដុល្លារ ដូច្នេះការឧបត្ថម្ភសម្រាប់ការសិក្សារៀនសូត្រ ការហ្វឹកហាត់របស់កូនៗ តែងតែមានការរាំងស្ទះ។

នាំកូនៗចូលរួមប្រកួតដោយមិនសំដៅតែលើរង្វាន់..


កម្មវិធីរត់កម្សាន្តចុងសប្តាហ៍ខ្លះមិនតម្រូវឱ្យបង់ថវិកាឡើយ ហើយខ្លះឈរលើគោលការណ៍ស្ម័គ្រចិត្ត និងខ្លះទៀតតម្រូវប្រមាណពី១០០០០ ទៅ២០០០០រៀល។ ការនាំកូនទៅរត់ក្នុងកម្មវិធីទាំងនោះ គឺលោក សុខន ចង់ឱ្យកូនៗពង្រឹងគុណវុឌ្ឍិបន្ថែមពីលើការហ្វឹកហាត់ជាប្រចាំនៅពហុកីឡដ្ឋានជាតិ ដោយលោកមិនសំដៅតែលើរង្វាន់នោះឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ លោកលើកឡើងថា ការទទួលបានរង្វាន់ គឺជាការលើកទឹកចិត្តបន្ថែមសម្រាប់កូនៗ ប៉ុន្តែការចំណាយលើថវិកាចុះឈ្មោះដើម្បីទទួលបានស្លាកលេខសម្គាល់ នឹងក្លាយជាបន្ទុកបន្ថែមសម្រាប់លោក។ «ខ្ញុំមិនមានលទ្ធភាពបង់ថវិការៀងរាល់ចុងសប្តាហ៍សម្រាប់ការរត់របស់កូនៗនោះឡើយ ប៉ុន្តែខ្ញុំតែងតែទទួលបានការយោគយល់ជាពិសេសពីសំណាក់អ្នករៀបចំកម្មវិធី និងការជួយជ្រោមជ្រែងពីអាណាព្យាបាលមិត្តភក្តិរបស់កូនៗ»។



អ្នករត់ភាគច្រើនសុទ្ធតែជាមនុស្សល្អដែលមិនមានការប្រកាន់ឋានៈ យសសក្តិ ពណ៌សម្បុរ។ ទាំងនេះគឺជាអ្វីដែលលោក សុខន តែងតែជួបប្រទះក្នុងកម្មវិធីរត់ប្រណាំងបែបកម្សាន្ត។ ក្នុងកម្មវិធីដែលមានការផ្តល់រង្វាន់ ជាពិសេសព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុន ដែលតម្រូវឱ្យបង់ថវិកាយ៉ាងហោចណាស់២០ដុល្លារក្នុងម្នាក់ រឹតតែមិនអាចទៅរួចឡើយសម្រាប់លោក សុខន។ តាមរយៈទំនាក់ទំនងដ៏ល្អ អាណាព្យាបាលមួយចំនួន សុខចិត្តផ្ទេរស្លាកឈ្មោះពីកូនរបស់ខ្លួនទៅឱ្យកូនៗរបស់លោក សុខន។ ពេលទទួលបានចំណាត់ថ្នាក់ ពួកគេបែងចែករង្វាន់គ្នា តែភាគច្រើន ម្ចាស់ស្លាកតែងតែប្រគល់រង្វាន់ឱ្យកូនៗលោកសុខនវិញទាំងអស់។

ក្នុងចំណោមកូនភ្លោះទាំងពីរដែលមានអាយុ១៦ឆ្នាំ លោក សុខន លើកទឹកចិត្តកូនច្បង ខន រាជសីហ៍ រត់លើវិញ្ញាសា២១គីឡូម៉ែត្រ, កូនទីពីរ ខន សឹង្ហា រត់លើវិញ្ញាសា១០គីឡូម៉ែត្រ និងកូនពៅ ខន ពុធមេសា អាយុ៩ឆ្នាំ រត់លើវិញ្ញាសា៥គីឡូម៉ែត្រ ឬ២គីឡូម៉ែត្រ។ មិននៅតែភ្នំពេញនោះឡើយ លោក សុខន ក៏ឌុបម៉ូតូកូនៗទៅប្រកួតក្នុងព្រឹត្តិការណ៍រត់ប្រណាំងតាមបណ្តាខេត្តផងដែរ។

«ពិតណាស់យើងចង់ប្រកួតប្រជែងដើម្បីរង្វាន់ ប៉ុន្តែទោះមិនទទួលបានស្លាកឈ្មោះ ក៏ខ្ញុំបន្តឱ្យកូនៗរត់ដដែល ព្រោះជាឱកាសដែលពួកគេបង្ហាញសមត្ថភាពរបស់ខ្លួន»។ លោកបានអះអាងយ៉ាងដូច្នេះ ដោយបន្តថា កូនៗតែងតែទទួលបានចំណាត់ថ្នាក់ល្អ ជាពិសេសក្នុងការប្រកួតដែលមិនមានសមាសភាពពីក្រុមអត្តពលកម្មជម្រើសជាតិចូលរួម។

ឆន្ទៈកាន់ខ្ពស់ក្រោយព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២..



«ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងធ្វើបាបកូន ព្រោះពួកគេមិនមានពេលសម្រាកគ្រប់គ្រាន់ និងលេងសប្បាយដូចក្មេងទូទៅ ដោយពេលព្រឹកត្រូវទៅរៀន ហើយត្រឡប់មកវិញត្រូវមើលមេរៀន និងសម្រាក។ ចូលដល់រសៀលម៉ោង៤ ពួកគេត្រូវទៅហាត់រត់នៅស្តាតអូឡាំពិក និងពេលល្ងាចខ្លះ ត្រូវទៅរើសអេតចាយជាមួយខ្ញុំ»។ លោក សុខន តូចចិត្តនឹងខ្លួនឯងបែបនេះ ប៉ុន្តែទទួលស្គាល់ថា ជីវិតមិនមានជម្រើសច្រើននោះឡើយ។

កាលពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ អត្តពលិក ឈុន ប៊ុនថន បានក្លាយជាម្ចាស់កំណត់ត្រាប្រវត្តិសាស្ត្រ៥៨ឆ្នាំ តាមរយៈការឈ្នះមេដាយមាសលើវិញ្ញាសារត់ចម្ងាយ១៥០០ម៉ែត្រ កីឡាការិនី បូ សំណាង បានក្លាយជានិមិត្តរូបនៃការតស៊ូ ដែលបន្តរត់ក្រោមដំណក់ភ្លៀងរហូតដល់ទីក្នុងចម្ងាយ៥០០០ម៉ែត្រ។ គំរូទាំងនេះហើយ ដែលលោក សុខន ជឿជាក់ថា កូនប្រុសទាំងបីរបស់លោកអាចធ្វើបាននាពេលអនាគត។



លោក អ៊ីវ សុខន និយាយថា ប្រសិនជាថ្ងៃណាមួយកូនប្រុសទាំងបី បានជាប់ថ្នាលជម្រើសជាតិ  ហើយទទួលបាននូវការឧបត្ថម្ភជាប្រចាំ លោកនឹងឱ្យពួកគេផ្តោតតែលើការសិក្សា និងការហ្វឹកហាត់ ដោយឈប់ឱ្យទៅរើសអេតចាយជាមួយលោកទៀតហើយ។

សុបិនរបស់លោក គឺចង់ឃើញកូនទាំងបី ក្លាយជាអត្តពលិកម៉ារ៉ាតុនជម្រើសជាតិ ប៉ុន្តែពួកគេមានកម្រិតជំនាញលើវិញ្ញាសារត់ល្បឿនលើរយៈចម្ងាយផ្សេងៗ លោកនៅតែបន្តគាំទ្រពួកគេជានិច្ច ព្រោះលោកយល់ថា អត្តពលិកនៃក្រុមជម្រើសជាតិនៅសម័យកាលនេះ មានឱកាសច្រើនទាំងក្នុងអាជីព និងទំនាក់ទំនងផ្សេងៗ។

«ប្រសិនថ្ងៃណាមួយពួកគាត់ បានជាប់ថ្នាលជម្រើសជាតិ ហើយមានថវិកាផ្ទាល់ខ្លួន ខ្ញុំនឹងឲ្យគាត់ឈប់រើសអេដចាយ ហើយជំរុញពួកគាត់គាត់រៀនភាសាអង់គ្លេស និងភាសាចិន បន្ថែម។ ខ្ញុំគិតថា ជាអ្នកកីឡា ពួកគេនឹងត្រូវទៅក្រៅប្រទេសច្រើន ហើយភាសាសំខាន់ខ្លាំងណាស់»។ លោក អ៊ីវ សុខន និយាយដូច្នេះ៕
 


















© រក្សាសិទ្ធិដោយ thmeythmey.com