សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
វៀតណាមស្នើចិនជួយអភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿន
26, Jun 2024 , 7:29 pm        
រូបភាព
ផ្លូវរថភ្លើងនៅទីក្រុងហាណូយ ។ រូបភាព ៖ Xinhua
ផ្លូវរថភ្លើងនៅទីក្រុងហាណូយ ។ រូបភាព ៖ Xinhua
នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញ ជិញ បានស្នើសុំវិនិយោគិនចិនឲ្យជួយអភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ ដែលអាចជួយជំរុញទំហំពាណិជ្ជកម្មឲ្យកាន់តែធំជាងមុន។

 
នាយករដ្ឋមន្រ្តីវៀតណាមលោក ផាម មិញ ជិញ ប្រាប់លោក Lou Qiliang ប្រធានក្រុមហ៊ុន China Railway Signal Information Corp នៅក្រៅវេទិកាសេដ្ឋកិច្ចពិភពលោកនាទីក្រុង Dalian ថា​ វៀតណាមត្រូវការជំនួយពីចិនក្នុងការសាងសង់ផ្លូវដែក​ និងការផ្ទេរបច្ចេកវិទ្យាជាដើម។ 
 
ចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម និងជាប្រភពសំខាន់នៃការនាំចូលវត្ថុធាតុដើមសម្រាប់វិស័យផលិតកម្ម។ បច្ចុប្បន្នប្រទេសទាំងពីរបានតភ្ជាប់តាមរយៈប្រព័ន្ធផ្លូវល្បឿនលឿន និងផ្លូវរថភ្លើងចាស់ៗចំនួន២ខ្សែ។ 
 
ក្រសួងផែនការ និងវិនិយោគវៀតណាមបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃទី៩ ខែមេសាដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters ថា ផ្លូវល្បឿនលឿនមួយនឹងដំណើរការពីទីក្រុងកំពង់ផែ ហាយហ្វុង និង ក្វាងនិញ របស់វៀតណាមឆ្លងកាត់ទីក្រុងហាណូយទៅកាន់ខេត្តឡាវកាយជាប់ព្រំដែនខេត្តយូនណានរបស់ចិន។
 
លោក ផាម មិញ ជិញ (ស្តាំ) និងលោក Lou Qiliang ។ រូបភាព ៖ bao quoc te 

តាមផែនការរបស់ក្រសួង ផ្លូវដែលនៅសេសសល់មួយខ្សែទៀត គឺរត់ពីទីក្រុងហាណូយទៅកាន់ខេត្តឡាំងសឺនជាប់ព្រំប្រទល់តំបន់ក្វាងស៊ីរបស់ចិនដោយឆ្លងកាត់តំបន់ដែលមានប្រជាជនរស់នៅច្រើនរួមទាំងតំបន់ឧស្សាហកម្មសំខាន់ៗ ដែលផ្នែកខ្លះជាក្រុមហ៊ុនអ្នកវិនិយោគចិន។ 
 
បើតាមសារព័ត៌មាន VnExpress វៀតណាមបានស្នើឲ្យភាគីចិនជួយអភិវឌ្ឍផ្លូវរថភ្លើងទាំងពីរខ្សែខាងលើនេះ ដើម្បីជំរុញការដឹកជញ្ជូនរវាងប្រទេសទាំងពីរកាន់តែសកម្មជាងមុន។
 
ទន្ទឹមនេះ រដ្ឋមន្រ្តីដឹកជញ្ជូនវៀតណាមលោក ង្វៀន​ វ៉ាន់ ថាំង ក៏បានស្វែងរកការគាំទ្រពីចិនសម្រាប់គម្រោងផ្លូវដែលល្បឿនលឿនប្រវែង ១៥០០គីឡូម៉ែត្រដែលតភ្ជាប់ពីភាគខាងជើង ដល់ភាគខាងត្បូងប្រទេសវៀតណាមដែរ។ គម្រោងសាងសង់ផ្លូវរថភ្លើងនេះ គ្រោងចាប់ផ្តើមនៅឆ្នាំ ២០២៦-២០២៧។ 
 
កន្លងមក ប្រធានាធិបតីចិនលោក ស៊ី ជិនភីង បានសន្យាផ្តល់មូលនិធិដល់គម្រោងផ្លូវរថភ្លើងដែលឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ ក្នុងផែនការរយៈពេល៣ឆ្នាំ ដើម្បីជំរុញពាណិជ្ជកម្មប្រទេសទាំងពីរ អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុង​ហាណូយកាលពីឆ្នាំមុន។
 
យោងតាមផែនការនៅឆ្នាំ២០៣០ វៀតណាមនឹងមានផ្លូវហាយវេ និងផ្លូវរថភ្លើងប្រហែល ៥០០០គីឡូម៉ែត្រ ដែលតភ្ជាប់ទៅកាន់កំពង់ផែសមុទ្រសំខាន់ៗ ផ្លូវរថភ្លើងក្នុងទីក្រុង និងផ្លូវរថភ្លើងល្បឿនលឿនពីភាគខាងជើងដល់ភាគខាងត្បូង។ ដើមទុនសរុបសម្រាប់ផែនការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងនេះមានប្រហែល ៨៤,៥ ពាន់លានដុល្លារ៕ 
 

Tag:
 ចិន
  វៀតណាម
  រថភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com