ភ្នំពេញ៖ សាររំលែកទុក្ខ និងសោកស្តាយចំពោះដំណឹងមរណភាព របស់ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ ត្រូវបានបង្ហោះចេញជាហូរហែ ពីសំណាក់ស្ថាប័នជាតិ អ្នកសិល្បៈ អ្នកនយោបាយ និងសាធារណជនផង។ សាររំលែកទុក្ខទាំងនោះ សុទ្ធតែភ្ជាប់នូវភាពសោកស្តាយ និងក្តុកក្តួល និងបានចាត់ទុកថា មរណភាព របស់ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ គឺជាការបាត់បង់មរតកមនុស្សរស់ដ៏ឆ្នើមមួយរូបផ្នែកចាប៉ីដងវែង និងបាត់បង់ធនធានមនុស្សផ្នែកសិល្បៈម្នាក់ទៀតសម្រាប់កម្ពុជា។
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការសោកស្តាយចំពោះ មរណភាពរបស់ព្រឹទ្ធាចារ្យ គង់ ណៃ។ សម្តេចនាយករដ្ឋមន្ត្រី បានចាត់ទុកមរណភាពរបស់ព្រឹទ្ធាចារ្យ ថាជាការបាត់បង់នូវមត៌កមនុស្សរស់នៃសិល្បៈចាប៉ីដងវែង។ ប្រមុខរាជរដ្ឋាភិបាល សរសេរដូច្នេះ នៅលើទំព័រហ្វេសប៊ុកដូច្នេះ៖ «មរណភាពរបស់លោកព្រឹទ្ធាចារ្យ គង់ ណៃ គឺជាការបាត់បង់នូវមត៌កមនុស្សរស់នៃសិល្បៈចាប៉ីដងវែង ដែលជាមរតក៌សិល្បៈដូនតាខ្មែរ បន្សល់ទុកយូរលង់រៀងមក»។
![](https://image.thmeythmey.com/pictures/2024/06/28/pics__2_.jpg)
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បង្ហាញក្តីរន្ធត់ ចំពោះមរណភាពរបស់ ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ។ សម្រាប់លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ មរណភាព របស់ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ គឺជាការបាត់បង់មរតកមនុស្សរស់ដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្តពេញមួយជីវិត ក្នុងបុព្វហេតុលើកស្ទួយវិស័យវប្បធម៌ចាប៉ីដងវែង។
តាមរយៈលិខិតរំលែកមរណទុក្ខរបស់ក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា លើកឡើងដូច្នេះ៖«មរណភាពរបស់ ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ គឺជាការបាត់បង់ស្វាមី ឪពុក ជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវមរតកមនុស្ស រស់ដ៏ឆ្នើមមួយរូប ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្តពេញមួយជីវិត ក្នុងការរួមចំណែកលើកស្ទួយវិស័យ វប្បធម៌ចាប៉ីដងវែង។»។
សមាគមសិល្បករខ្មែរ ក៏សោកស្តាយចំពោះដំណឹងមរណភាពរបស់ព្រឹទ្ធាចារ្យ គង់ ណៃដែរ។ ក្រៅពីសម្តែងភាពសោកសង្រេង សមាគមសិល្បករខ្មែរ លើកឡើងថា មរណភាពរបស់ព្រឹទ្ធាចារ្យ គង់ ណៃ ជាការបាត់បង់ធនធានមនុស្សផ្នែកចាប៉ីដងវែងដ៏កម្រ ប្រកបដោយសមត្ថភាព ទេពកោសល្យ ដែលធ្លាប់លើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ។
«អវត្តមានរបស់លោកតាព្រឹទ្ធាចារ្យ គឺជាការបាត់បង់ធនធានមនុស្សផ្នែកចាប៉ីដងវែងដ៏កម្រ ប្រកបដោយសមត្ថភាព ទេពកោសល្យ ដែលធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យសិល្បៈ វប្បធម៌ជាតិ ទាំងនៅឆាកជាតិ និងតំបន់ ក៏ដូចជាការលើកម្ពស់ កិត្យា នុភាពជាតិនៅលើឆាកអន្តជាតិផងដែរ។»។ នេះបើតាមសមាគមសិល្បករខ្មែរ។
![](https://image.thmeythmey.com/pictures/2024/06/28/pics__3_.jpg)
លោក ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានបង្ហោះសាររំលែកទុក្ខ និងសោកស្តាយចំពោះដំណឹងមរណភាពរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែរនៅលើគណនីហ្វេសប៊ុក។
លោក ហង់ ជួន ណារ៉ុន ចាត់ទុកមរណភាពព្រឹទ្ធាចារ្យ គង់ ណៃ ថាជាការបាត់បង់ធនធានមនុស្សដ៏សំខាន់បំផុតផ្នែកចាប៉ីដងវែង។ លោក ហង់ ជួន ណារ៉ុន លើកឡើងដូច្នេះថា៖ «មរណភាពរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ គឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់បំផុតផ្នែកចាប៉ីដងវែងដ៏កម្រ ប្រកបដោយសមត្ថភាព ទេពកោសល្យ ដែលធ្លាប់បានចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ ទាំងនៅឆាកជាតិ និងតំបន់។ »។
ដំណឹងមរណភាពរបស់ព្រឹទ្ធាចារ្យ គង់ ណៃ ក៏ធ្វើឱ្យ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្តុកក្តួល និងសោកស្តាយជាពន់ពេកដែរ។ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន លោក ហ៊ុន ម៉ានី ដែលធ្លាប់សកម្មក្នុងកិច្ចការងារលើកស្ទួយសិល្បៈ វប្បធម៌ខ្មែរ ថា មរណភាពរបស់ព្រឹទ្ធាចារ្យគង់ ណៃ គឺជាបាត់បង់ស្វាមី ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងក្តីសណ្តោសប្រណី ក៏ដូចជាការបាត់បង់នូវធន ធានមនុស្សល្អឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈ មនសិការ ក្នុងការបម្រើបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ។
![](https://image.thmeythmey.com/pictures/2024/06/28/pics__4_.jpg)
លោក ហ៊ុន ម៉ានី បញ្ជាក់បន្ថែមទៀតថា បានរួមចំណែកយ៉ាងសកម្ម ក្នុងការលើកស្ទួយតម្លៃនៃវប្បធម៌ជាតិខ្មែរ និងខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត រក្សាការពារ ផ្ទេរបន្ដនូវចំណេះដឹង និងបន្សល់ទុកសា្នដៃសម្រាប់ពលរដ្ឋខ្មែរជំនាន់ក្រោយ។
ក្រៅពីនេះ ក៏មានសិល្បករ សិល្បការិនីកម្ពុជា និងស្ថាប័នសិល្បៈជាច្រើន មានដូចជាអង្គការសិល្បៈខ្មែរអមតៈ, តារាពហុជំនាញ ខាត់ សុឃីម, តារាចម្រៀង អ៊ាម វន្នី និងសាធារណជនជាច្រើន ក៏បានបង្ហោះសារសោកស្តាយចំពោះមរណភាពរបស់ព្រឹទ្ធាចារ្យគង់ ណៃ មត៌កមនុស្សរស់ដែរ។
ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានទទួលមរណភាពនៅថ្ងៃទី២៨ ខែមិថុនានេះ ក្នុងជន្មាយុ៨០ឆ្នាំ ដោយជរាពាធ។ សព របស់ព្រឹទ្ធាចារ្យ គង់ ណៃ នឹងបញ្ចុះតាមប្រពៃណី នៅថ្ងៃទី៣០ មិថុនា នាស្រុកកំណើត ក្នុងខេត្តកំពត។
ព្រឹទ្ធាចារ្យ គង់ ណៃ ជាអ្នកសិល្បៈផ្នែកចាប៉ីដងវែង ដែលពូកែវោហារ និងកាព្យចុងជួន បូករួមជាមួយសំនៀងចាប៉ី យ៉ាងពិរោះរណ្ដំ។ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងាថ្នាក់ជាតិ ជាមត៌កមនុស្សរស់ ថា «កោសល្យវាហារគង់ ណៃ» នៅឆ្នាំ២០១២៕