ជាតិ
កូរ៉េខាងត្បូង ប្រគល់សម្ភារ១១មុខបន្ថែម ក្នុងគម្រោងជួសជុល-អភិរក្ស ក្រុមប្រាសាទព្រះពិធូរ និង​ព្រះ​លានជល់ដំរី
03, Jul 2024 , 9:59 am        
រូបភាព
រូបភាព៖ ទំព័រហ្វេសប៊ុកក្រសួងវប្បធម៌
រូបភាព៖ ទំព័រហ្វេសប៊ុកក្រសួងវប្បធម៌
ដោយ៖ ជ ដារី
 
​មូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េ (KOICA) បាន ប្រគល់សម្ភារ បរិក្ខារមួយចំនួន ដើម្បីអនុវត្តគម្រោងជួសជុលក្រុមប្រាសាទ ព្រះពិធូរ ជំហាន​ទី២ និងព្រះលានជល់ដំរី ដល់អាជ្ញាធរជាតិអប្សរា។ នេះបើតាមក្រសួងវប្បធម៌។

 
​កម្ពុជា និងសាធារណរដ្ឋកូរ៉េ មានកិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អភិរក្ស និងជួសជុលបេតិកភណ្ឌវប្បធម៌ ​ពិសេសគម្រោងក្នុងតំបន់រមណីយដ្ឋាន​អង្គរ ​ជិត១០ឆ្នាំមកហើយ ពោលគឺ​រាប់ចាប់ពី​ឆ្នាំ​២០១៥មក ដែលភាគីទាំងពីរ បានចុះហត្ថលេខាលើកដំបូង ក្នុងកិច្ចពិភាក្សា​គម្រោង​ដំណាក់កាលទី១ លើគម្រោងអភិរក្ស និងជួសជុលប្រាសាទព្រះពិធូរ។ នេះបើតាម លោក Song Youngjun នាយករងនៃទីភ្នាក់ងារ KOICA ដែលបានថ្លែងនៅ​ក្នុងពិធីប្រ​គល់​សម្ភារ​ទាំងនេះ កាល​ពីថ្ងៃទី១ ខែកក្កដា និងដែលត្រូវបានក្រសួងវប្បធម៌ ស្រង់សម្តីផ្សាយនៅទំព័រហ្វេសប៊ុក។
 
បើតាម នាយករងនៃទីភ្នាក់ងារ KOICA ​ភាពជាដៃគូដ៏រឹងមាំ និងស្អិតល្មួតរវាង KOICA និង​អាជ្ញាធរជាតិអប្សរា ត្រូវបានចាត់ទុកថា ជាសមិទ្ធផលដ៏សំខាន់ និងលេចធ្លោបំផុត ក្នុង​ចំណោម សមិទ្ធផលជា​ច្រើនទៀត រវាងភាគីទាំង២ នៅក្នុងកិច្ចសហប្រតិបត្តិការ ជិត១០ឆ្នាំមកនេះ។
រូបភាព៖ ទំព័រហ្វេសប៊ុកក្រសួងវប្បធម៌

​​​សម្ភារបរិក្ខារ ដែលបានប្រគល់ជូនអាជ្ញាធរជាតិអប្សរា នា​ពេល​នេះ ​មាន១១មុខ ដូចជា​ម៉ាស៊ីនស្កេន 3D, រ៉ាដាពិនិត្យក្រោមដី និងកម្មវិធីវិភាគ និងបក​ស្រាយ​ទិន្នន័យពី​ឧបករណ៍​ទាំងនោះ​ និងសម្ភារមួយចំនួនទៀត។ នេះបើតាមការបញ្ជាក់របស់ លោក Song Youngjun ដោយលោក បន្តថាចាប់ពីគម្រោងទី១ រហូតមកដល់បច្ចុប្បន្ន KOICA បានផ្តល់ជំនួយ ឧបករណ៍ និងសម្ភារ​សរុប ៩១មុខហើយ ​ទៅអាជ្ញាធរជាតិអប្សរា។
 
មន្រ្តីរូបនេះរំពឹងថា ការទទួលបានសម្ភារទាំងនេះ នឹងផ្តល់អត្ថប្រយោជន៍ច្រើន​ដល់​ការងារអភិរក្ស ក៏ដូចជាការស្រាវជ្រាវថ្មីៗ​ទៀតនៅ​តំបន់​អង្គរ។ 
 
រូបភាព៖ ទំព័រហ្វេសប៊ុកក្រសួងវប្បធម៌

សូមជម្រាបថា ក្រៅពីកម្មវិធីទទួលសម្ភារប្រើប្រាស់ នៃគម្រោងអភិរក្សនេះហើយ  ​ក៏មាន​កម្មវិធី​ប្រគល់ និងទទួលមន្ទីរពិសោធន៍អាជ្ញាធរជាតិអប្សរា-KOICA ដែរ។ 
 
​លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដែលតំណាងក្នុងពិធីនេះ បានបញ្ជាក់​ថា ​ មន្ទីរពិសោធន៍នេះ បានក្លាយជាមន្ទីរពិសោធន៍ទី១​នៅតំបន់អង្គរ​ដែលបានបំពាក់​ដោយ​គ្រឿងបរិក្ខារតាមបែបវិទ្យាសាស្រ្តជាច្រើន ដែលអាចផ្តល់ឱ្យអ្នកសិក្សាស្រាវជ្រាវ អាច​សិក្សា​វិភាគ និងស្រង់ទិន្នន័យផ្នែកស្ថាបត្យកម្មសិក្សាអំពីថ្មចាស់ ថ្មថ្មី និងលោហៈ​ដែលបានមក​ពី​ប្រាសាទនានា ក្នុង​រមណីយដ្ឋានអង្គរ។ 
 
លោក គឹម សុធិន ​សង្ឃឹមថា ភាគីទាំង២​ នឹងបន្តកិច្ចសហប្រតិបត្តិការដ៏ល្អនេះ​បន្ថែមទៀតទាំងវិស័យវប្បធម៌ និងវិស័យផ្សេងទៀត៕
 

Tag:
 តំបន់អង្គរ
  គម្រោងអភិរក្ស
  ប្រាសាទព្រះពិធូរ
© រក្សាសិទ្ធិដោយ thmeythmey.com