ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បើកវគ្គបង្រៀនរាំចង្វាក់ប្រជាប្រិយខ្មែរ ដោយមិនគិតថ្លៃ ចាប់ពីថ្ងៃទី២០ ខែមករា ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង៩ដល់១១ព្រឹក។
លោក ចិន បូរី មន្ត្រីមហាវិទ្យាល័យសិល្បនាដសាស្ត្រ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា វគ្គខ្លីនៃការបង្រៀនរាំចង្វាក់ប្រជាប្រិយខ្មែរនេះ គឺជាជំនាន់ទី២ហើយ ដោយជំនាន់ទី១ បានបើកនៅដើមឆ្នាំ២០២៣។ គោលបំណងនៃការបើកវគ្គបង្រៀននេះ ថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចង់ឱ្យប្រជាជនខ្មែរចេះរាំចង្វាក់ប្រជាប្រិយខ្មែរច្បាស់លាស់ និងត្រូវក្បួនខ្នាត ដូចជាចង្វាក់រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ និងឡាំលាវ។
រូបផ្ដល់ឱ្យដោយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
«យើងផ្ដល់ការបង្រៀននេះ ដល់អ្នកដែលចង់រៀន និងយល់ថាខ្លួនមិនទាន់ចេះរាំ។ ចំពោះអ្នកមិនចង់រៀន យើងមិននិយាយថា
គាត់រាំមិនត្រូវចង្វាក់ទេ។ យើងចង់ឱ្យខ្មែរស្គាល់របាំប្រជាប្រិយខ្មែរ ដឹងពីរបៀរាំថាលំបាកឬស្រួល មានក្បួនខ្នាតយ៉ាងណា? តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ យើងក៏ចង់ឱ្យប្រជាជនខ្មែរស្គាល់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែរ ថាយើងមានជំនាញផ្នែកសិល្បៈជាច្រើនទៀត»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ចិន បូរី។
សូមបញ្ជាក់ថា កាលពីជំនាន់ទី១ ដែលបានធ្វើឡើងនៅដើមឆ្នាំ២០២៣ មានអ្នកចុះឈ្មោះចូលរៀនជិត១០០នាក់។
អ្នករៀនមានអាយុចន្លោះពី១៦ឆ្នាំដល់ជាង៤០ឆ្នាំ។ សម្រាប់ជំនាន់ទី២នេះ សាលារំពឹងថា និងមានអ្នកចុះឈ្មោះចូលរៀន ពី៥០ទៅ១០០នាក់។ សាលាភូមិន្ទវិចិត្រសិល្បៈ មានគម្រោងបង្រៀនរាំចង្វាក់ប្រជាប្រិយខ្មែរនេះរៀងរាល់ឆ្នាំ ប្រសិនមិនមានវិបត្តិសង្គមធ្ងន់ធ្ងរផ្សេងៗ។
![](https://image.thmeythmey.com/pictures/2023/12/25/hgj__2_.jpg)
រូបផ្ដល់ឱ្យដោយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
លោក បូរី ពន្យល់៖«ដោយសារអ្នករៀន មានអាយុផ្សេងគ្នា ដើម្បីងាយស្រួលបង្រៀន និងធ្វើយ៉ាងណាឱ្យសិស្សឆាប់ចេះ យើងបែងចែកពួកគាត់តាមអាយុ។ អ្នកមានអាយុតិច គាត់ចាប់ឆាប់បាន ឯអ្នកមានអាយុច្រើន គាត់ចាប់ក្របាន ដូច្នេះការបែងចែកឱ្យគាត់រៀនដាច់ដោយឡែកពីគ្នា ធ្វើឱ្យគាត់រៀនឆាប់ចេះ»។
វគ្គបង្រៀនរាំនេះ ឈប់ទទួលពាក្យត្រឹមថ្ងៃចូលរៀន។ សម្រាប់អ្នកចាប់អារម្មណ៍រៀនវគ្គនេះ អាចទំនាក់ទំនងចុះឈ្មោះតាមរយៈ Telegram 097 799 934 4, 012 697 780, 070 784 808៕