ជាតិ
សេដ្ឋកិច្ច
សណ្ដែកកួរ ឡើងដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម
13, May 2024 , 9:59 pm        
រូបភាព
រូបភាព៖ ASPIRE-AT
រូបភាព៖ ASPIRE-AT
ភ្នំពេញ​៖ តម្លៃ«សណ្ដែកកួរ» នៅលើទីផ្សារកម្ពុជាសព្វថ្ងៃកំពុងឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មានពីមុន។ ពោល សណ្តែកកួរ មានតម្លៃក្នុងរង្វង់៣ទៅ៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។ តម្លៃនេះ ត្រូវបានអ្នកដាំដុះ និង​អាជីវករ​បន្លែ បាន​អះអាងថា បណ្ដាលមកពីអាកាសធាតុក្ដៅ ធ្វើឱ្យទិន្នផលដំណាំ​នេះ ធ្លាក់ចុះយ៉ាងគំហុក ខណៈតំបន់ខ្លះមិនអាចដាំដុះបានតែម្ដង។

 
បើតាមលោក ចាន់ ធី អ្នកបោះដុំប​ន្លែតាមភូមិ-ស្រុកម្នាក់ មកពីខេត្តកំពង់ស្ពឺ ក្នុងរយៈពេល២សប្ដាហ៍មកនេះ សណ្ដែកកួរបានឡើងថ្លៃជាបន្តបន្ទាប់ ដែលធ្វើឱ្យពលរដ្ឋមិនមានលទ្ធភាពទទួលទាន។ ការណ៍នេះ បង្ខំឱ្យលោកសម្រេចចិត្តឈប់យកមកសណ្តែកកួរពីកសិករ​មកលក់បន្ត។​ 
 
អាជីវកររូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ នាថ្ងៃទី១៣ឧសភាថា  បច្ចុប្បន្ន សណ្ដែកកួរមានតម្លៃ៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម ធៀបនឹងកន្លងមក​ បន្លែប្រភេទនេះឡើងថ្លៃខ្ពស់បំផុត ត្រឹម១៥ ០០០ ទៅ១៦ ០០០ រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។ លោក​ ចាន់ ធី បាននិយាយដូច្នេះ«ខ្ញុំលក់បន្លែគ្រប់មុខ ប៉ុន្តែសណ្ដែកកួរមួយ​ គឺខ្ញុំលែងយកមកលក់ប្រហែលកន្លះខែមកហើយ ដោយសារវាកាន់តែថ្លៃទៅៗ។ សម្រាប់តម្លៃ៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាមនេះ អ្នកខ្លះមិនហ៊ានហូបទេ ហើយខ្ញុំក៏ពិបាកលក់​ដែរ»។ 
 
អាជីវករម្នាក់ទៀត គឺលោក សយ សំអាត ក៏លើកឡើងមិនខុសពីលោក ចាន់ ធី ​ដែរ។ បើតាមលោក សយ សំអាត ដែល​មកពីខេត្តកំពង់ស្ពឺរូបនេះ សណ្តែកកួរបានឡើងថ្លៃជាបន្តបន្ទាប់ចាប់តាំងពីចូលឆ្នាំខ្មែរមក​។ មកទល់ពេលនេះ សណ្តែកកួរមានតម្លៃចន្លោះ​ជាង២ ​ទៅ៣ម៉ឺនរៀល ក្នុងមួយគីឡូក្រាមសម្រាប់តម្លៃបោះដុំ។ ចំណែកតម្លៃលក់រាយវិញ បន្លែប្រភេទនេះ​អាចហក់ដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។
 
អាជីវកររូបនេះ សឹងមិនជឿថាសណ្ដែកកួរ ឡើងថ្លៃខ្ពស់បែបនេះ ដែលធ្វើឱ្យលោកពិបាកយកមកលក់ ហើយអ្នកបរិភោគក៏មិនមានលទ្ធភាពទទួលទាន។ ការឡើងថ្លៃនេះ លោក សំ​អាត អះអាងថា មកពីរដូវប្រាំងឆ្នាំនេះក្ដៅខ្លាំង នាំឱ្យកសិករដាំសណ្ដែកកួរមិនបានផល ហើយក្នុងបរិបទខ្វះខាតនេះ ឈ្មួញក៏ផ្ដើមដណ្ដើមគ្នាទិញ និងដាក់តម្លៃកាន់តែខ្ពស់។ 
 
«ឥឡូវខ្មែរយើងដាំសណ្ដែកកួរអត់សូវបាន។ អ៊ីចឹងបានឡើងថ្លៃ។ ខ្ញុំគ្រាន់តែដឹងថាវាឡើងថ្លៃ ខ្ញុំអត់យកមកលក់តែម្ដង ព្រោះខ្ញុំលក់តាមតម្រូវការអ្នកទិញ។ ដូច្នេះនៅពេលសណ្ដែកកួរឡើងថ្លៃបែបហ្នឹង មាននរណាទិញ អ៊ីចឹង! អាចធ្វើឱ្យខ្ញុំខាត»។ លោក សយ សំអាត បាននិយាយបែបនេះមកកាន់សារព័ត៌មានថ្មីៗ។​
 
បច្ចុប្បន្ន សណ្ដែកកួរក្នុងចម្ការ មានតម្លៃប្រហែល២ម៉ឺនរៀល ក្នុងមួយគីឡូក្រាម ហើយឈ្មួញអាចលក់បន្តក្នុងរង្វង់៣ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។ ការឡើងថ្លៃនេះ ត្រូវបានលោក តេន ទុំ ប្រធាន​សហគមន៍​កសិក​ម្ម​បៃតង​គោក​ស្រុក ខេត្តត្បូងឃ្មុំ ចាត់ទុកវាជាតម្លៃមួយដ៏ខ្ពស់​ ដែលមិនធ្លាប់ជួបពីមុនមក។ លោកបានបញ្ជាក់ថា កន្លងមក សណ្ដែកកួរដែលឈ្មួញមកទិញដល់ចម្ការ មានតម្លៃជាមធ្យម ២ ៥០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។​
 
ទោះជាយ៉ាងណា លោកប្រធានសហគមន៍កសិកម្មបៃតង​គោក​ស្រុក ខេត្តត្បូងឃ្មុំ ព្យាករថា ការឡើងថ្លៃ​សណ្តែកកួរនេះ គឺមិនមានស្ថិរភាពយូរប៉ុន្មានឡើយ។ លោក តេន ទុំ បាននិយាយ​ដូច្នេះ៖  «ការឡើងថ្លៃនេះ មិនយូរនោះទេ។ ព្រោះធម្មតា តែកាលណាទីផ្សារក្នុងស្រុកអត់មាន យ៉ាងយូរពីរសប្ដាហ៍ ឈ្មួញនឹងនាំចូលពីបរទេសមកជំនួសហើយ។ ដូច្នេះ ប្រសិនបើ គេនាំចូលក្នុងមួយថ្ងៃ តែ១ ទៅ២ តោន វានឹងធ្វើឱ្យចុះថ្លៃវិញហើយ»។ 
 
កាលពីពេលថ្មីៗនេះ មានបុរសម្នាក់បញ្ចេញប្រតិកម្មលើបណ្ដាញសង្គមតិកតុក (TikTok) ដោយបាននិយាយថា សណ្ដែកកួរដែលនាំចូលពីប្រទេសជិតខាង មានតម្លៃរហូតដល់៤ម៉ឺន​រៀល ក្នុងមួយគីឡូក្រោម។ ផ្ទុយទៅវិញ សណ្ដែកកួរ ចេញពីចម្ការកសិករខ្មែរ លក់មិនបាន ៥០០រៀលផង ក្នុងមួយគីឡូក្រាម។ 
 
ជុំវិញករណីនេះ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបកស្រាយថា សណ្ដែកកួរឡើងថ្លៃទាំងនោះ មិនមែនជាទំនិញនាំចូលនោះទេ តែជាសណ្ដែកកួររបស់កសិករខ្មែរ ដែលនៅសេសសល់តិចតួចពីការខូចខាត ដោយសារអាកាសធាតុក្ដៅ។​ ការកើនឡើងកម្ដៅក្នុងឆ្នាំនេះ បានធ្វើឱ្យទិន្នផលសណ្ដែកកួរ របស់កសិករធ្លាក់ចុះពី ៨០ ទៅ៩០ភាគរយ ដែលជាហេតុធ្វើឱ្យដំណាំនេះមានតម្លៃ​​កើនឡើង។
 
អ្នកនាំពាក្យរូបនេះ ពន្យល់បែបនេះថា៖ «គោលការណ៍នៃសេដ្ឋកិច្ចទីផ្សារគឺដូច្នេះឯង តែបរិមាណផ្គត់ផ្គង់ថយចុះភ្លាមៗយ៉ាងគំហុកបែបនេះ ប្រាកដជារុញឱ្យថ្លៃកើនឡើងហើយ។ តែក៏នៅមិនយូរដែរ! តែថ្លៃល្អបែបនេះ ប្រាកដជាមានអ្នកសម្រុកនាំចូលពីក្រៅ និងអ្នកសម្រុកដាំ ហើយវានឹងទាញថ្លៃឱ្យថយចុះវិញមិនខាន។ អ្នកហូបទៀតសោត ក៏ប្រហែលនឹងប្តូរទៅហូប​អីផ្សេងដែរ ព្រោះមិនមែនមានន័យថា យើងអត់ហូបសណ្តែកកួរ មិនបានឯណា»។ 
 
លោក ឃឹម ហ្វីណង់ ចាត់ទុកថាការផ្សព្វផ្សាយនេះ គឺជាការបំផុសបំផុល ដែលនាំឱ្យមានការយល់ច្រលំដល់សាធារណជន និងធ្វើឱ្យកសិករផ្អើលនាំគ្នាដាំសណ្តែកកួរ ដោយរំពឹងថានឹងបានថ្លៃ ដែលជាមូលហេតុនាំឱ្យពួកគេខាត។ លោក រៀបរាប់ដូច្នេះថា៖ «មិនច្បាស់ថាមាតិការរបស់បុរសម្នាក់នេះ ជាយល់ច្រលំ ឬចង់បំពុលទេ។ តែការលើកឡើងបែបនេះ ពិតជាធ្វើឱ្យមានការយល់ច្រលំដល់សាធារណជន។ ស្រួលមិនស្រួល នាំឱ្យកសិករផ្អើលនាំគ្នាដាំសណ្តែកកួរ ដោយរំពឹងថា នឹងបានថ្លៃ ហើយនាំឱ្យពួកគាត់ខាតទៀតផង»៕ 

Tag:
 កសិកម្ម
  សណ្ដែកកួរ
  ឃឹម ហ្វីណង់
© រក្សាសិទ្ធិដោយ thmeythmey.com