ជាតិ
អ្នក​បាត់​ដំបង និងសៀមរាប ក្រសោប​បានជ័យលាភីក្នុងការប្រកួតសរសេរ​អត្ថបទ​«បុណ្យ​មាឃបូជា»
14, May 2024 , 8:59 pm        
រូបភាព
ភ្នំពេញ៖ ការប្រកួតប្រជែងអត្ថបទ ស្ដីពីពិធីបុណ្យមាឃបូជា ដែលរៀបចំឡើង កាល​ពី​អំឡុងខែកុម្ភៈ ឆ្នាំ​២០២៤ បានរកឃើញម្ចាស់ជ័យលាភីហើយ ដោយក្នុងនោះ ម្ចាស់​ជ័យ​លាភី​២អង្គនាក់ មកពីខេត្តបាត់ដំបង និង១រូបទៀត មកពីខេត្តសៀមរាប។

 
នេះគឺជាលើកទីមួយ ​ដែលប្រកួត​សរសេរអត្ថបទស្ដីពី “ពិធីបុណ្យ​មាឃបូជា​”​ ត្រូវបាន​បង្កើត​ឡើង។ ជ័យលាភីទាំង៣រូប ពុំមានការចាត់ជាចំណាត់ថ្នាក់ឡើយ ដ្បិតអីនេះ​គឺជាការប្រកួត​ប្រជែង​សាកល្បង​។ ប្រសិនមានការគាំទ្រថវិកា ពីរាជរដ្ឋាភិបាល នៅឆ្នាំក្រោយៗ និងមាន​ការ​ប្រកួត​ប្រជែង សរសេរអត្ថបទ ពីពិធីបុណ្យផ្សេងៗ ទាក់ទងនឹងប្រពៃណី ទំនៀមទម្លាប់ ក្នុងប្រទេសកម្ពុជា ក្នុងទ្រង់ទាយធំ។ 

 រូបថតអនុស្សាវរីយ៍ បេក្ខជនដែលបានចូលរួមប្រកួតសំណេរ
 
ព្រះភិក្ខុ រ៉េន រដ្ឋា ជា​ជ័យលាភីមួយអង្គ នៅក្នុងការប្រកួតប្រជែងសរសេរអត្ថបទស្ដីពី “ពិធី​បុណ្យ​​មាឃ​បូជា”។ ការសរសេរអត្ថបទនេះ ព្រះភិក្ខុ​ ចង់លើកស្ទួយបុណ្យមាឃបូជា ឱ្យ​កាន់តែល្បីល្បាញ និងចង់ឱ្យសាធារណជន បានសិក្សាឈ្វេងយល់កាន់តែច្បាស់ ពី​ពិធី​បុណ្យមាឃបូជា។
 
និមន្តពីខេត្តបាត់ដំបង ព្រះភិក្ខុ រដ្ឋា បានលើកយកវត្ត ព្រះគន្ធកុដិ ស្ថិតក្នុងភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលជាវត្តព្រះអង្គគង់នៅ មកបរិយាយ។

មានថេរដីកាមួយៗច្បាស់ៗ ព្រះភិក្ខុអះអាងថា វត្តនោះមានកម្មវិធីល្អៗជាច្រើន ដូចជា​កម្មវិធី​ថ្វាយមធុបាយយាស ការបូជានិងហែប្រទីប និងមានការសូត្រធម៌បទ មួយយប់​ទល់​ភ្លឺជាដើម។ 
 
«កម្មវិធីច្រើន តាំងពីព្រឹក រហូតដល់យប់ និងទល់ភ្លឺ។ មានអ្នកចូលរួមប្រមាណ២ពាន់នាក់ ក្នុង​នោះ​យុវជនមានប្រមាណ១ពាន់នាក់។ មានការបូជាប្រទីប និងហែប្រទីប។ ប្រទីបដែល​រៀបចំ​១ម៉ឺន៥ពាន់​ដួង។ មានកម្មវិធីសមាធិ អប់រំចិត្តដែរ។ កម្មវិធីនេះល្អមែនទែន»។ នេះជា​ការបន្ថែម​របស់ព្រះភិក្ខុ រដ្ឋា។
 
ដ្បិតព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ប៉ុន្តែព្រះភិក្ខុ រដ្ឋា សង្កេតឃើញថា យុវជនខ្មែរ​មួយចំនួន មិនបានដឹងស៊ីជម្រៅ ពីពិធីបុណ្យក្នុងព្រះពុទ្ធសាសនាឡើយ។ ហើយនេះ​ជា​ដើម​ហេតុ ដែលធ្វើឱ្យពួកគេ មិនចាប់អារម្មណ៍នាំគ្នាទៅវត្ត។ 

ព្រះភិក្ខុ រ៉េន រដ្ឋា បេក្ខជនជ័យលាភី សរសេរអត្ថបទស្ដីពី “ពិធីបុណ្យមាឃបូជា”

ព្រះអង្គពន្យល់៖«នៅពេលដែលយុវជន បានចូលរួមរឿយៗ ក្នុងថ្ងៃបុណ្យមាឃបូជា ឬបុណ្យផ្សេងៗ ក្នុងព្រះពុទ្ធសាសនា នឹងធ្វើឱ្យពួកគេជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ធ្វើឱ្យពួកគេចូលចិត្តរៀនធម៌ ស្ដាប់ធម៌ ដូច្នេះពួកគេនឹងដូរអត្តចរិត ទៅជាល្អបាន»។ 
 
ចំណែកកញ្ញា សរ ស្រីមាន មកពីខេត្តសៀមរាប គឺជាជ័យលាភីមួយរូបទៀត ​ក្នុងកម្មវិធី​ប្រ​កួតប្រជែង សរសេរអត្ថបទស្ដីពី ពិធីបុណ្យមាឃបូជាដែរ។ ធ្វើការក្នុងក្រុមហ៊ុន បច្ចេកវិទ្យា​មួយ ស្រីមាន គឺជាអ្នកដែលចូលចិត្តការតែងនិពន្ធ។ 
 
ទើបមានអាយុ២២ឆ្នាំ ស្រីមាន ធ្លាប់​បាន​ដាក់ពាក្យប្រកួតប្រជែង ក្នុងកម្មវិធីជាច្រើន ទាំងជាភាសាខ្មែរ ភាសាអង់គ្លេស និង​ភាសា​ចិនផង។ នារីសម្បុរស្រអែមរូបនេះ ថាការសរសេរអត្ថបទប្រកួតប្រជែង បានផ្ដល់​ឱកាស ​​ឱ្យនាងបញ្ចេញស្នាដៃ។ ជាមនុស្សចូលចិត្តធ្វើអ្វីដែលថ្មី ដូច្នេះរាល់ដង ស្រីមាន ពុំ​បានគិតច្រើន ពីជ័យលាភីឡើយ ប៉ុន្តែនាងផ្ដោតសំខាន់ លើការស្វែងរកបទពិសោធ និងចំណេះដឹង ដែលបានពីការស្រាវជ្រាវ ឯកសារពាក់ព័ន្ធ នឹងប្រធានបទទាំងនោះ។
 
វិលមកការប្រកួតប្រជែង សរសេរអត្ថបទមាឃបូជាវិញ កញ្ញា សរ ស្រីមាន ថាពីមុន​នាង មិនបានដឹង ពីពិធីបុណ្យមាឃបូជាច្រើនឡើយ។ ប៉ុន្តែនៅពេលដែល នាងដាក់ពាក្យ​ប្រកួត​ប្រជែង នាងបានស្រាវជ្រាវព័ត៌មានពាក់ព័ន្ធ តាម​អ៊ីនធឺណិតផង សួរសិស្សច្បង ដែល​ធ្លាប់​ដឹង​ពីពិធីបុណ្យ​នេះ​ផង ទៅអង្កេតពីការប្រារព្ធធិពីបុណ្យ នៅក្នុងវត្តផ្ទាល់ផង ទើបធ្វើឱ្យនាង​យល់ច្បាស់ ពីពិធិបុណ្យនេះ។ 

កញ្ញា សរ ស្រីមាន បេក្ខជនជ័យលាភី សរសេរអត្ថបទស្ដីពី “ពិធីបុណ្យមាឃបូជា”

វត្តដែល ស្រីមាន បានលើកយកមកសរសេរ គឺវត្តដំណាក់ ដែលស្ថិតក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកម្រើក ខេត្តសៀមរាប។ ហើយមូលហេតុ ដែលនារីវ័យ២២ឆ្នាំរូបនេះ ជ្រើស​រើសវត្តខាងលើ​មកសរសេរ ដោយហេតុថា៖«វត្តដំណាក់ គេពេញនិយមទៅទស្សនា និង​ទៅលេងកម្សាន្ត។ វត្តនេះ មានបណ្ណាល័យសិក្សាទំនើប មានការគោរពប្រពៃណី​ពីដើម​ច្រើន ទើបខ្ញុំចង់ចងក្រងសម្រាប់ អ្នកជំនាន់ក្រោយបានដឹង​។ វត្តនោះ ធ្វើកម្មវិធីផ្សេងៗតាំង​ពីព្រឹក រហូតដល់យប់»។
 
ចំណែកលោក វុត សុវ៉ាន់ដា ជាគ្រូបង្រៀននៅវិទ្យាល័យមួយ ក្នុងខេត្តបាត់ដំបង ក៏ជាជ័យ​លាភី​មួយរូប​ដែរ។ លោក សុវ៉ាន់ដា បានលើកយកវត្ត សម្ពិលីវនារាម ហៅ វត្តរកា ដែល​មាន​ទីតាំង ក្នុងភូមិវត្តរកា អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាតួអង្គក្នុង​អត្ថ​បទ​របស់​ខ្លួន​។ ចង់ផ្សព្វផ្សាយពីវត្ត ស្ថិតក្នុងស្រុកកំណើត ឱ្យសាធារណជន ស្គាល់កាន់​តែច្បាស់ លោក សុវ៉ាន់ដា ថាវត្តនោះមានការរៀបចំកម្មវិធីជាច្រើន និងតាមលំដាប់លំ​ដោយផង។ 
 
ក៏ជាអ្នកមានចំណុងចំណូលចិត្ត លើការតែងនិពន្ធ បុរសវ័យ៣៦ឆ្នាំរូបនេះ តែងដាក់ពាក្យ​ប្រកួតប្រជែង ក្នុងកម្មវិធីផ្សេងៗជាច្រើន កាលកន្លងទៅ។ ចំពោះការប្រកួតប្រជែងសរសេរ​អត្ថបទ បុណ្យមាឃបូជា លោក សុវ៉ាន់ដា មានបំណងធំ ចង់លើកស្ទួយព្រះពុទ្ធសាសនា ដ្បិតអីកម្ពុជាគឺជាប្រទេស កាន់ព្រះពុទ្ធសាសនាស្រាប់។
 
លោក វុត សុវ៉ាន់ដា (ស្ដាំ) បេក្ខជនជ័យលាភី សរសេរអត្ថបទស្ដីពី “ពិធីបុណ្យមាឃបូជា”

លោកថាកម្មវិធីនេះ ពិតជាមានសារសំខាន់ខ្លាំង សម្រាប់សាធារណជនទូទៅ ដើម្បីចូលរួម​ស្វែងយល់​ពីអត្ថន័យ នៃពិធីបុណ្យមាឃបូជា ហើយលោកពន្យល់ដូច្នេះ៖«ការប្រកួតប្រជែង សរសេរអត្ថបទ ទាក់ទងនឹងវប្បធម៌ សុទ្ធតែល្អ ដ្បិតអីប្រទេសយើងជាប្រទេស ដែល​មាន​វប្បធម៌​ប្លែកៗច្រើន។ ពេលសរសេរអត្ថបទប្រកួត យើងនឹងស្រាវជ្រាវ ឯកសារពាក់ព័ន្ធ​លម្អិត នោះចំណេះយើងនឹងកើន។ ចង់ឱ្យយុវជនទាំងអស់ សាកល្បងដាក់ពាក្យ​ប្រកួត​ប្រជែង​ដែរ»។ 
 
ព្រះភិក្ខុ រ៉េន រដ្ឋា ក៏លើកទឹកចិត្តយុវជន ចូលរួមសរសេរអត្ថបទ ប្រកួតប្រជែងផ្សេងៗ ឱ្យ​បាន​ច្រើនដែរ។ ដ្បិតអីការស្រាវជ្រាវអត្ថបទពាក់ព័ន្ធនានា ទាក់ទងនឹងប្រធានបទ និង​ជួយ​ឱ្យអ្នកសរសេរកើនចំណេះដឹង កើនសមត្ថភាព ទោះបីអត្ថបទនោះ ជាប់ជ័យលាភី ឬមិន​ជាប់ក្ដី។ 
 
មិនខុសពីព្រះភិក្ខុ រដ្ឋា ឡើយ ស្រីមាន លើកទឹកចិត្តយុវជន រៀនធ្វើអ្វីដែលថ្មី និងគួរព្យា​យាម បញ្ចេញស្នាដៃរបស់ពួកគេ តាមរយៈការប្រកួត​ប្រជែងផ្សេងៗ។ «​ប្រសិនគាត់ចូ​លចិត្តសរសេរអត្ថបទ ប៉ុន្តែមិនហ៊ានបញ្ចេញស្នាដៃរបស់ខ្លួន ដូច្នេះការប្រកួតប្រជែង​ផ្សេងៗ គឺជាឱកាសឱ្យគាត់ បញ្ចេញស្នាដៃហើយ។ កុំភ័យខ្លាច ថាជាប់ឬធ្លាក់ ប៉ុន្តែត្រូវទទួលយកលទ្ធផល​នោះ ហើយត្រូវតែបន្តសរសេរ និងសិក្សាឈ្វេងយល់ ពីអត្ថបទរបស់ខ្លួន យកមកអភិវឌ្ឍ​សមត្ថភាព​បន្ថែមទៀត»។ នេះជាអ្វីដែល ស្រីមាន លើកទឹកចិត្តយុវជន។
 
បេក្ខជនដែលបានចូលរួមប្រកួត
 
លោក ស សុខនី ប្រធានពុទ្ធសាសនបណ្ឌិត្យ បានប្រាប់សារព័ត៌មានថ្មីៗថា កម្មវិធីប្រកួតប្រជែង សរសេរអត្ថបទ ពីពិធីបុណ្យមាឃបូជានេះ ធ្វើឡើងដើម្បីឱ្យ មានការចូលរួមចំណែកពីសាធារណជន ក្នុងការចងក្រង ពិធីបុណ្យព្រះពុទ្ធសាសនា ក្នុងវត្តអារាមនានាក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះ តម្រូវឱ្យអ្នកសរសេរ ចុះទៅអង្កេតពីការរៀបចំពិធីបុណ្យ ដល់ទីតាំងវត្ត ដែលពួកគេចង់សរសេរផ្ទាល់។ ការសរសេរអត្ថបទ ត្រូវអង្កេតមើលឱ្យលម្អិតបំផុត ព្រោះដើម្បីទុកជាឯកសារឱ្យក្មេងជំនាន់ក្រោយ បានសិក្សារៀនសូត្រ និងឈ្វេងយល់បន្ត។ 
 
ជាគោលបំណងធំ ក្នុងការរៀបចំការប្រកួតនេះ គឺដើម្បីឱ្យក្រុមជំនុំទំនៀមទម្លាប់ មានសកម្មភាពឡើងវិញ ដ្បិតអីតាំងពីឆ្នាំ១៩៣៤ ដែល​ក្រុមជំនុំទំនៀមទម្លាប់បង្កើតឡើង ក្រុមនេះបានកសាងស្នាដៃជាច្រើន ដូចជា​ប្រជុំរឿងព្រេងខ្មែរ ព្រះរាជពិធីទ្វាទសមាស ការដាក់ឈ្មោះកូនតាមបែបខ្មែរ និងពិធីជាប្រពៃណីខ្មែរ ជាច្រើនទៀត។
 
លោក ស សុខនី ពន្យល់បន្ថែម៖«គ្រប់គ្នាដឹងថាបុណ្យមាឃបូជា ធ្វើឡើងដើម្បីអ្វី។ ប៉ុន្តែការប្រារព្ធពិធីបុណ្យ នៅតាមទីវត្តអារាមនីមួយៗ អ្នកដែលកសាងឯកសារ តាំងពី៥០ឬ៦០ឆ្នាំមុន អាចនឹងមានការប្រែប្រួល បើគិតដល់ឆ្នាំ២០២៤នេះ។ នេះគឺជាចំណុចធំមួយ ដែលក្រុមជំនុំទំនៀមទម្លាប់ នៃពុទ្ធសាសនបណ្ឌិត្យ ចង់ដឹងពីរឿងហ្នឹង ហើយយើងចង់ឱ្យមានការចងក្រងឡើងវិញ»។
 
យ៉ាងណា លោក ស សុខនី ថាកម្មវិធីប្រកួតប្រជែង សម្រាប់ជំហានដំបូងនេះ គឺជាការធ្វើសាកល្បង។ ប្រសិនមានការគាំទ្រថវិកា ពីរាជរដ្ឋាភិបាល ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ នឹងធ្វើកម្មវិធីប្រកួតប្រជែង សរសេរអត្ថបទ ពាក់ព័ន្ធនឹងប្រពៃណី ទំនៀមទម្លាប់ខ្មែរ នៅពេលក្រោយទៀត ក្នុងទ្រង់ទ្រាយធំ។

 បេក្ខជនដែលបានចូលរួមប្រកួត

និយាយពីក្រុមជំនុំទំនៀមទម្លាប់ខ្មែរ លោក សុខនី បញ្ជាក់ថា តាំងពីបង្កើត ក្រុមនេះគឺជាកន្លែងចងក្រង អត្ថបទស្រាវជ្រាវផ្សេងៗ ទាក់ទងនឹង​ប្រពៃណី ទំនៀមទម្លាប់ខ្មែរ។ ការចងក្រងទាំងនោះ ដោយមន្ត្រី នៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ខ្លួនឯងផង ពីមន្ត្រីស្ម័គ្រចិត្ត ឬហៅថា(សមាជិកឆ្លើយឆ្លង) និងពី​សាធារណជនផងដែរ។ អត្ថបទស្រាវជ្រាវទាំងនោះ បានយកទៅតម្កល់ទុក និងចងក្រងបោះពុម្ព​ជាសៀវភៅ​ ដែលបន្សល់ទុកដល់បច្ចុប្បន្ន។ 
 
នៅឆ្នាំ២០២៣ ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ត្រូវបានរៀបចំ ឱ្យមានសកម្មភាពដូចពីដើមវិញ  ដោយពុទ្ធសាសនបណ្ឌិត្យ គឺជាលេខាធិការដ្ឋាន ក្នុងការជួយធ្វើការងារ។ សព្វថ្ងៃក្រុមជំនុំ ធ្វើការលើរឿងមួយចំនួន ដូចជាបាឋកថាប្រចាំខែ ពិនិត្យអត្ថបទ ដែលដកស្រង់ចេញពី សាស្ត្រាស្លឹករឹត ឬក្រាំង ឬឯកសារក្រុមជំនុំចាស់ៗ និងមានកម្មវិធី ប្រកួត​ពានរង្វាន់ អក្សរសិល្ប៍ ពុទ្ធសាសនបណ្ឌិត្យផង។
 
បន្ថែមពីនោះ ក្រុមជំនុំក៏បានធ្វើការងារ ទាក់ទងនឹង​​បេតិកភណ្ឌ អរូបីរបស់ជាតិជាច្រើន ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះក្នុងបញ្ជី បេតិកភណ្ឌអរូបីរបស់ជាតិ។ 
 
វិលមកការចូលរួមរបស់មហាជន ក្នុងការដាក់ស្នាដៃប្រកួត​ប្រជែង ក្នុងកម្មវិធីដែលបង្កើតឡើង ដោយក្រុម​ជំនុំទំនៀមទម្លាប់ខ្មែរវិញ លោក ស សុខនី ប្រធានពុទ្ធសាសនបណ្ឌិត្យ ថានេះជាឱកាសមួយ ដែលយុវជន អាចហ្វឹកហាត់ការសរសេរ និងការអង្កេត ព្រោះនេះជាជំហានមួយ ក្នុងការស្រាវជ្រាវ បែបវិទ្យាសាស្រ្ត ក្នុងថ្ងៃអនាគត៕  

Tag:
 អក្សរសាស្ត្រ
  អក្សរសិល្ប៍
  ប្រកួត
  ជ័យលាភី
  រង្វាន់
© រក្សាសិទ្ធិដោយ thmeythmey.com