ជាតិ
សេដ្ឋកិច្ច
លោកស្រី ជា សិរី ប្រាប់ស្ថាប័នហិរញ្ញវត្ថុឱ្យពង្រឹងប្រព័ន្ធទូទាត់ពីការវាយប្រហារតាមអុីនធឺណិត
20, May 2024 , 5:59 pm        
រូបភាព
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា​។ រូបថត៖ NBC
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា​។ រូបថត៖ NBC
ភ្នំពេញ៖ លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ប្រាប់ដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ឱ្យពង្រឹងការគ្រប់គ្រងលើប្រព័ន្ធទូទាត់ និងផ្ទេរប្រាក់ ពីការវាយប្រហារតាមអ៊ីនធឺណិត។ លោកស្រីលើកឡើងបែបនេះក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឆ្នាំ២០២៣ នាថ្ងៃទី២០ឧសភា​នេះ ខណៈអ្នកជំនាញរូបនេះសង្កេតឃើញ មួយរយៈចុងក្រោយនេះ មានការកើតឡើងច្រើនពីការឆបោកប្រាក់ប្រជាពលរដ្ឋលើប្រព័ន្ធទូទាត់ឌីជីថល។

 
ប៉ុន្មានឆ្នាំចុងក្រោយ ទំហំប្រតិបត្តិទូទាត់ និងផ្ទេរប្រាក់តាមប្រព័ន្ធឌីជីថលនៅកម្ពុជា មានកំណើនពីមួយឆ្នាំទៅមួយឆ្នាំគួរឱ្យកត់សម្គាល់។ ជាពិសេសក្នុងឆ្នាំ២០២៣ ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលនេះបានកើនដល់ជិត២លានប្រតិបត្តិការ។ ជាមួយភាពរីកចម្រើននេះ បច្ចុប្បន្នកម្ពុជាក៏ប្រឈមនឹងការកើនឡើងពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។ 
 
ដើម្បីទប់ស្កាត់ពីការឆបោកប្រាក់តាមប្រព័ន្ធអនឡាញ និងរក្សាបាននូវស្ថិរភាពប្រព័ន្ធទូទាត់ឌីជីថល លោកស្រី ជា សិរី បានប្រាប់ឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយបណ្តឹងអតិថិជនពាក់ព័ន្ធទៅនឹងការវាយប្រហារលើប្រព័ន្ធទូទាត់។  ជាពិសេស ស្ថាប័ននីមួយៗ ត្រូវពង្រឹងបច្ចេកវិទ្យារបស់ខ្លួនក្នុងការគ្រប់គ្រងពីការវាយប្រហារតាមអ៊ីធឺណិត(Cyber Attacks) និងត្រូវពង្រឹងការអប់រំអតិថិជនក្នុងការប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថលឱ្យមានការទទួលខុសត្រូវ និងមានភាពប្រុងប្រយ័ត្ន។ ​​ 
 
ទាក់ទិននឹងការទាមទារខាងលើនេះ​ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានបញ្ជាក់ថា​ គ្រឹះស្ថានធនាគារនីមួយៗ បានចាប់ផ្តើមអនុវត្ត និងធ្វើការងារយ៉ាងជិតសិទ្ធជាមួយភាគីពាក់ព័ន្ធ  ជាពិសេសជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃ​អគ្គស្នងការនគរបាលជាតិ។
 
«តាមពិតវិស័យធនាគារ បានធ្វើការយ៉ាងជិតសិទ្ធជាមួយអគ្គស្នងនគរបាលជាតិ​ ទាក់ទិននឹងការបង្ការ និងបង្រា្កបបទលើ្មសតាមប្រព័ន្ធអនឡាញ»។ នេះជាការលើកឡើងរបស់លោក រ័ត្ន សោភ័ណ ដែលបន្ថែមថា ក្នុងឆ្នាំ២០២៣ កម្លាំងជំនាញបានរកឃើញបទល្មើសអនឡាញទាក់ទងនឹងវិស័យធនាគារ​ គឺមាន៧៥០ករណី ក្នុងនោះមានករណីមួយចំនួន​ត្រូវបានបង្រា្កប។  
 
បើតាមលោកប្រធានសមាគមធនាគារនៅកម្ពុជា  បច្ចុប្បន្នមានលេចឡើងនូវរបបគំហើយថ្មីទៀតនៃការឆបោកប្រាក់ពលរដ្ឋតាមប្រព័ន្ធអនឡាញ ដែលអគ្គស្នងការនគរបាលជាតិនៃកម្ពុជា កំពុងសិក្សានិងធ្វើការយ៉ាងជិតស្និទ្ធជាមួយវិស័យធនាគារ។ « ​ឧក្រិដ្ឋជនតែងរកវិធីថ្មីរហូតក្នុងការឆបោកពលរដ្ឋ ដូច្នេះហើយ ទាំងការអនុវត្តច្បាប់ ទាំងការពង្រឹងប្រព័ន្ធទូទាត់របស់វិស័យធនាគារ និងទាំងការបង្កើនការយល់ដឹងរបស់អ្នកប្រើប្រាស់ គឺយើងអាចកាត់បន្ថយហានិភ័យបានច្រើនណាស់។ អ៊ីចឹង! បីមុខព្រួញនេះ យើងត្រូវតែពង្រឹងដូចគ្នា»។ 

ការឆបោកពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យាក្នុងធនាគារ និងហិរញ្ញវត្ថុ មាននិន្នាការកើនឡើងគួរឱ្យកត់សម្គាល់ នារយៈពេល៤ខែមកនេះ ធៀបនឹងគ្រាដូចគ្នាក្នុងឆ្នាំ២០២៣។  បើតាមលោក សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ការឆបោកតាមប្រព័ន្ធអនឡាញនេះ មានច្រើនទម្រង់ និងច្រើនបណ្តាញ ក្នុងនោះការឆបោកលក្ខណៈធំៗ គឺមាន៣ទម្រង់។

ទម្រង់ធំទី១៖ ការឆបោកក្នុងទម្រង់ដាក់ទុនវិនិយោគតាមរយៈក្រុមបណ្តាញសង្គម (តេលេក្រាម), ទី២. ការឆបោកក្នុងទម្រង់ស្នេហា( Roman Crime)  ដោយឧក្រិដ្ឋជនបង្កើតទំនាក់ទំនងស្នេហាតាមអនឡាញជាមួយជនរងគ្រោះបានប្រមាណ៥ខែ  ឬ ១ឆ្នាំ ក៏ចាប់ផ្តើមខ្ចីលុយទៅប្រើប្រាស់ក្នុងគោលដៅផ្សេងៗ។ និងទី៣. ជាការឆបោកក្នុងទម្រង់ទិញទំនិញតាមអនឡាញ។  លោក សុខ នីត្យា  បានរៀបរាប់បែបនេះមកកាន់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey) ដែលបានបញ្ជាក់ថា ការឆបោកទាំងបីទម្រង់នេះ កំពុងកើតឡើងច្រើននៅក្នុងសង្គមខ្មែរ នាបច្ចុប្បន្ន។

ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្ថែមថា ជនរងគ្រោះពីការឆបោកតាមប្រព័ន្ធអនឡាញ ភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ ដែលបានបាត់បង់ប្រាក់របស់ខ្លួនតាមរយៈការផ្ទេរ ឬទូទាត់តាមប្រព័ន្ធឌីជីថលរបស់ធនាគារក្នុងស្រុក។​
 
របាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា​បានបង្ហាញថា ចំនួនប្រតិបត្តិការទូទាត់ឌីជីថលទាំងជាប្រាក់រៀល-ទាំងប្រាក់ដុល្លារនៅកម្ពុជា បានកើនឡើងពី ១,១លានប្រតិបត្តិការក្នុងឆ្នាំ២០២២ ដល់ជិត១,៨លានប្រតិបត្តិការ ក្នុងឆ្នាំ២០២៣។ ជាមួយគ្នានេះ ទឹកប្រាក់សរុបនៃប្រតិបត្តិការទូទាត់ឌីជីថលនៃរូបិយវត្ថុទាំងពីរប្រភេទនេះ បានកើនឡើងពី៤០០ពាន់លានដុល្លារ ដល់៤៩២ពាន់លានដុល្លារស្មើនឹង១៦ដង នៃផលិតផលក្នុងស្រុកសរុប (GDP)។ 
 
ធនាគារជាតិបានបញ្ជាក់ថា ក្នុងចំណោមប្រព័ន្ធទូទាត់ ការប្រើប្រាស់ប្រព័ន្ធបាគងបានកើនឡើងគួរឱ្យកត់សម្គាល់ដោយមានអតិថិជនបើកគណនីសរុប២៧,៦លានគណនី ហើយអាចទូទាត់បានជាមួយហាងទំនិញ-សេវាកម្មជាង ២,៩លានទីតាំង គិតត្រឹមចុងឆ្នាំ ២០២៣៕

Tag:
 ហិរញ្ញវត្ថុ
  ឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com